ខេត្តកំពង់ឆ្នាំង៖ ក្រុមអាជីវករលក់ដូរនៅក្នុងផ្សារលើ ក្រុងកំពង់ឆ្នាំងបាន ត្អូញត្អែរលក់ដូរមិនសូវដាច់គ្មានមនុស្សចូលក្នុងផ្សារ គឺមកពីមានអ្នកយកផ្លូវដែលក្រាលការ៉ូឡាជុំវិញផ្សារ កសាងដោយក្រុមហ៊ុន ជប៉ុនសម្រាប់ការធ្វើដំណើរនឹងរថយន្តចេញចូល វាស់ម៉ែត្រលក់ឲ្យមានការសង់តូបថ្មី លក់ដូរជុំវិញពីខាងក្រៅផ្សារ។ ជា ហេតុធ្វើឲ្យអ្នកទិញមិនចូលទិញឥវ៉ាន់ក្នុងផ្សារគឺទិញអ្នកលក់នៅខាងក្រៅវិញ។
ក្រុមអាជីវករលក់ដូរក្នុងផ្សារលើថ្មីៗនេះបានរៀបរាប់ថា ចាប់តាំងពីមានការវាស់ម៉ែត្រលក់លើចិញ្ចើមផ្លូវជុំវិញផ្សាររួចមក អ្នកលក់ដូរខាងក្នុងគឺលក់មិនសូវដាច់ដូច មុនៗឡើយ។ ព្រោះតែអ្នកទិញមិនចូលក្នុងដើរទិញនៅ តែខាងក្រៅ ដែលងាយស្រួលជិះម៉ូតូកង់ ចូលទិញដល់តូបតែម្ដង។ ចំណែកអ្នកលក់ដូរនៅខាងក្នុងផ្សារវិញត្រូវបានគេដាក់ ច្រវ៉ាក់ចាក់សោមិនឲ្យកង់ម៉ូតូចូលឡើយ ដោយសំអាងលើការរៀបចំសណ្ដាប់ធ្នាប់។ អាជីវករក្នុងផ្សារជាច្រើននាក់បានសំណូមពរដល់លោកអភិបាល ខេត្ត និងលោកអភិបាលក្រុង មេត្តាជួយចាត់វិធានការរៀបចំសណ្ដាប់ធ្នាប់ផ្សារឲ្យដូចដើមវិញផង ព្រោះសព្វថ្ងៃអ្នកលក់ក្នុងផ្សារស្ងាត់ឈឹងម្នាក់ៗស្ទើរដាច់បាយទៅហើយ។
លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង មាន ប្រសាសន៍បញ្ជាក់ថា លោកយល់ពីបញ្ហានេះហើយ ហើយក៏បានឯកភាពជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីសម្រួលក្នុងការបើកផ្លូវសងខាងឡើងវិញជាជំហានទី១ ព្រោះបើមិនបើកផ្លូវឲ្យបានចេញចូលទេ ប្រសិនបើមានគ្រោះថ្នាក់ជាយថាហេតុ ដូចជាអគ្គីភ័យកើតឡើង ឡាន ទឹកមិនអាចចេញចូលបានឡើយ។ ចំណែកជំហានទី២ នឹងត្រូវឲ្យពួកគាត់ដែលលក់ ដូរនៅតាមផ្លូវជុំវិញចញ្ចើមផ្សារត្រូវ ចេញជាបណ្ដោះអាសន្ន ទៅលក់នៅទីតាំងថ្មី ។ បន្ទាប់មក ត្រូវស្ដារប្រព័ន្ធលូរំដោះទឹកឡើងវិញ ដោយ ក្រុមហ៊ុនដែលរៀបចំចម្រោះទឹកស្អាត ។ ពេលរៀបចំរួចហើយទើបឱ្យពួកគាត់ចូលលក់ដូរវិញដោយរៀបចំសណ្ដាប់ធ្នាប់ ជាថ្មីឡើងវិញឲ្យបានត្រឹមត្រូវ។
គួរបញ្ជាក់ដែរថា ភាពអានាធិបតេយ្យរបស់អ្នកយកភាស៊ីផ្សារលើ បង្កឲ្យមានភាពរញ៉េរញ៉ៃជាយូរខែឆ្នាំណាស់មកហើយដោយសារតែបញ្ហាក្រោយពីក្រុមហ៊ុនជប៉ុនធ្វើផ្លូវ កា្រលការ៉ូឡាហើយស្រាប់តែបើកដៃឲ្យអាជីវករចូលលក់ ដូរយ៉ាងអាណាធិបតេយ្យហើយអ្នកបានដី បានបន្តលក់កន្លែងបន្តពីម្នាក់ទៅម្នាក់ រហូតធ្វើអោយផ្លូវក្លាយទៅជាតូបលក់ដូរបាត់បង់ផ្លូវបាត់បង់សណ្ដាប់ធ្នាប់អស់ទៅ ហើយ។ ចំណែកឯអ្នកលក់ដូរខាងក្នុងផ្សារវិញមានភាពស្ងាត់ជ្រងំ ម្នាក់ៗយំលែងចេញ ចំណែកអ្នកមានសមត្ថ ភាពរត់មកទិញដីក្រៅផ្សារលក់ដូរដែរ ទើបបង្កជាបញ្ហាបែបនេះ៕ ដោយ៖ សូរិយា