ខេត្តបាត់ដំបង៖ រហូតដល់វេលារសៀលថ្ងៃទី១ខែ ធ្នូ ឆ្នាំ ២០២២នេះនៅតែមានការជជែកវែកញែកលើបណ្ដាញសង្គមមិនដាច់ស្រេចករណីមរណភាពរបស់បុរសជន ជាតិអង់គ្លេសម្នាក់ដែលសមត្ថកិច្ចសន្និដ្ឋានថាគឺការធ្វើអត្តឃាត ដោយការយកថង់ខ្មៅមករុំក្បាលដើម្បីឲ្យស្ទះ។មហាជនលើកឡើងថាតើគេអាចធ្វើអាទិភាពយ៉ាងដូច ម្ដេចដោយគ្រាន់តែយកថង់ខ្មៅមករុំក្បាលដើម្បីឲ្យថប់ ដង្ហើមរហូតស្លាប់នោះ?
លោក លឹម ពុទ្ធីឡា ស្នងការរងខេត្តបានសរសេរនៅក្នុងរបាយការណ៍ថា ជនបរទេសដែលស្លាប់ឈ្មោះ JONATHAN STOCK ប្រុស អាយុ៣៤ឆ្នាំ ជនជាតិអង់គ្លេស ស្នាក់នៅជាមួយប្រពន្ធជាតិខ្មែរ ឈ្មោះ វណ្ណ កញ្ចណា អាយុ៣៩ឆ្នាំ នៅភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ។ ជនបរទេសរូបនេះ ត្រូវបានប្រពន្ធរបស់ខ្លួនប្រទះឃើញដំបូងគេដេកស្លាប់នៅក្នុងផ្ទះនៅថ្ងៃទី ៣០ វិច្ឆិកាឆ្នំា២០២២ ។ នេះបើយោងតាមការស្រង់ចម្លើយរបស់សមត្ថកិច្ចដែលចុះទៅសួរនាំ អ្នកស្រី វណ្ណ កញ្ចណា ភរិយាជនរងគ្រោះដល់ផ្ទះកើតហេតុ ។
បុរសជនជាតិអង់គ្លេសម្នាក់បានស្លាប់ទៅហើយ តែបានបន្សល់ទុកចម្ងល់ជាច្រើនឲ្យមហាជនយកទៅជជែកគ្នាដោយសារតែការសន្និដ្ឋានរបស់សមត្ថកិច្ចថា ការស្លាប់របស់បុរសជនជាតិអង់គ្លេសម្នាក់នេះ គឺធ្វើអត្តឃាតដោយយកថង់ប្លាស្ទិកចងរុំក្បាលបណ្ដាលឱ្យថប់ផ្លូវ ដង្ហើម ដែលការធ្វើអត្តឃាតបែបនេះគេមិនធ្លាប់ជួប ប្រទះម្ដងណាសោះ នាពេលកន្លងមក រហូតធ្វើឲ្យមាន មន្ទិលថា អាចជារឿងមិនប្រក្រតី ។ បើតាមការពិនិត្យរបស់មន្ត្រីជំនាញ ជនរងគ្រោះស្លាប់ ដោយសារធ្វើអត្តឃាតខ្លួនឯងយកថង់រុំមុខ ។
មហាជនមានមន្ទិលសង្ស័យ គឺត្រង់ចំណុចជនរងគ្រោះប្រើប្រាស់ថង់ប្លាស្ទិក ធ្វើជាអាវុធសម្លាប់ខ្លួនដែលគេមិន ធ្លាប់ជួបមិនធ្លាប់ឮសោះពីមុនមក។ មហាជនហាក់មិន ទាន់ជឿជាក់ចំពោះការសន្និដ្ឋានរបស់សមត្ថកិច្ចនោះឡើយ ហើយបានដាក់ការសង្ស័យថា ការស្លាប់របស់ជនបរទេសនេះអាចជារឿងមិនប្រក្រតី ។
បើតាមប្រភពក្រៅផ្លូវការណ៍ខ្លះបង្ហើបឲ្យដឹងថា គ្រួសារជនរងគ្រោះនេះតែងមានជម្លោះញឹកញាប់ ហើយនៅយប់កើតហេតុ គ្រួសារនេះក៏មានជម្លោះដែរ ស្រាប់តែព្រឹកឡើងប្ដីស្លាប់តែម្ដង ។
បើពិនិត្យមើលតាមបណ្ដាញសង្គមឯណោះវិញ គេឃើញមានការបង្ហោះព្រោងព្រាតរបាយការណ៍សន្និដ្ឋានរបស់សមត្ថកិច្ចនេះ ដោយភ្ជាប់ជាមួយរូបភាពជនរង គ្រោះផង ។ អ្នកលេងបណ្ដាញសង្គមមួយចំនួនបានបញ្ចេញមតិ(ខមិន)រិះគន់សមត្ថកិច្ចចំៗថា សន្និដ្ឋាន បែបគ្មានជំនាញ។ ពោល មតិភាគច្រើនបង្ហាញនូវការមិនជឿជាក់ទៅលើការសន្និដ្ឋានរបស់សមត្ថកិច្ចតែម្ដង ដែលថា ជនជាតិអង់គ្លេសរូបនេះ ធ្វើអត្តឃាតដោយ យកថង់ច្រករុំក្បាល។ ពួកគេបានហៅការសន្និដ្ឋានរបស់សមត្ថិកិច្ចនេះថា «ជាការសន្និដ្ឋាន បែបមិនសមហេតុ សមផល បែបគ្មានជំនាញ» ៕