មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ត្រៀមកោះប្រជុំទ្រង់ទ្រាយធំស្តីពីយុទ្ធសាស្ត្រទប់ទល់អាមេរិកនិងកូរ៉េខាងត្បូង

ចែករំលែក៖

ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងកោះប្រជុំមន្ត្រីជាន់ខ្ពស់នៅក្នុងប្រទេសនេះ នាចុងឆ្នាំ២០២២ ដើម្បីពិភាក្សា នៅអ្វីដែលលោក គីម ជុងអ៊ុន ហៅថា កំពុងប្រឈមមុខតានតឹងកាន់តែខ្លាំង ជាមួយទីក្រុងវ៉ាស៊ីនតោន និង សេអ៊ូល។

នៅថ្ងៃទី១ខែធ្នូ សារព័ត៌មានកូរ៉េខាងជើង បានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន នឹងកោះប្រជុំ មន្ត្រីនយោបាយរបស់ គណបក្សពលករ ដើម្បីវាយតម្លៃពីសកម្មភាពអនុវត្ត
នយោបាយ ក្នុងឆ្នាំ២០២២ និងបើកមហាសន្និបាតមជ្ឈិមបក្ស នៅក្នុងខែធ្នូនេះ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ កូរ៉េខាងជើងតែងតែ បើកកិច្ចប្រជុំនៅចុងឆ្នាំ ដើម្បីវាយតម្លៃ លើគោលនយោបាយ សេដ្ឋកិច្ច កិច្ចការបរទេស និងការអភិវឌ្ឍសព្វាវុធ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនេះដែរ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៉ីនតោន កំពុងរៀបចំកញ្ចប់ទណ្ឌកម្មថ្មីទៀតប្រឆាំងនឹងកូរ៉េខាងជើង ស្របពេលដែលទីក្រុងព្យុងយ៉ាង បន្តអភិវឌ្ឍមីស៉ីល ដែលត្រូវបានហាមឃាត់ ហើយអាចនឹងធ្វើតេស្តអាវុធនុយក្លេអ៊ែរ សាជាថ្មី ថែមទៀត។
«នាពេលនេះ យើងកំពុងចាត់ចែង រៀបចំសំណុំចំណាត់ការទណ្ឌកម្មថ្មីទៀត»។ លោក ស៊ូលីវ៉ាន់ បាននិយាយថា ពាក់ព័ន្ធ បញ្ហាកូរ៉េខាងជើង ប្រាប់សន្និសីទមួយ ដែលរៀបចំឡើងនៅឯទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង។ លោក ស៊ូលីវ៉ាន់ ដែលថ្លែងតាមប្រព័ន្ធវីដេអូអនឡាញ ពុំបានបកស្រាយលម្អិតបន្ថែមឡើយ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៉ីនតោន បន្តប្តេជ្ញាប្រើប្រាស់ការដាក់សម្ពាធ និងមធ្យោបាយការទូត ដើម្បីព្យាយាមជំរុញឱ្យកូរ៉េខាងជើង បោះបង់អាវុធនុយក្លេអ៊ែរ របស់ខ្លួន។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះបានបន្តថា គោលនយោបាយកូរ៉េខាងជើង របស់រដ្ឋបាលលោក ចូ បៃដិន គឺរំសាយអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ហើយអាមេរិកនៅតែប្រកាន់ជំហរយ៉ាងរឹងមាំ ក្នុងការឆ្ពោះទៅរកគោលដៅនេះឱ្យបាន ហើយរក្សានូវភាពបត់បែន ក្នុងការធ្វើការរួមគ្នាជាមួយដៃគូ ជុំវិញវិធីសាស្រ្តដើម្បីសម្រេចវាឱ្យបាន។ លោកក៏បានរំលេចពីការបង្កើន កិច្ចសហការរវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនផងដែរ។
យ៉ាងណាក្តី ទីក្រុងព្យុងយ៉ាងធ្លាប់បាននិយាយហើយថា ការរំសាយអាវុធនុយក្លេអ៊ែរ គឺមិនអាចទៅរួចជាដាច់ខាត ហើយបានចោទសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តថា ប្រកាន់គោលនយោបាយបង្កភាពជាសត្រូវប្រឆាំងលើខ្លួន រួមមានទាំងការដាក់ទណ្ឌកម្ម ដែលជាហេតុធ្វើឱ្យកូរ៉េខាងជើងគ្មានជម្រើសអ្វីក្រៅតែពីខិតខំពង្រីកកម្លាំងយោធា។ ជុំវិញរឿងនេះ លោក ស៊ូលីវ៉ាន់ បានអះអាងថា ទីក្រុងវ៉ាស៉ីនតោន មិន​មានចេតនាអាក្រក់ចំពោះកូរ៉េខាងជើងទេ ហើយបើកទ្វារចំហ ជានិច្ចសម្រាប់កិច្ចចរចា និងដោយមិនមានការកំណត់ លក្ខខណ្ឌទុកជាមុនឡើយ៕ ដោយធីរីណា

រូប​ថត​ :​ KCNA

...

រូប​ថត​ : DPA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print