ភ្នំពេញ :នៅសណ្ឋាគារសុខាភ្នំពេញនាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយប្រតិភូអភិបាលរាជធានី-រដ្ឋធានី អាស៊ាន ដែលដឹកនាំដោយ លោក Chadchart Sittipunt អភិបាលរាជធានីបាងកក។ ជំនួបនេះត្រូវបានធ្វើឡើងនៅមុនពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន និង
កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ដែលរាជធានីភ្នំពេញត្រូវទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។
តាមការឲ្យដឹងពី លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោក Chadchart sittipunt បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំកម្ពុជាទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស, ទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ, រៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលបានយ៉ាងជោគជ័យយ៉ាងត្រចះត្រចង់ ។
ក្នុងឱកាសនោះ លោក Chadchart sittipunt បានគោរពប្ដេជ្ញាជូនសម្ដេចតេជោថា នឹងគាំទ្រ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងរាជធានី-រដ្ឋធានី ឱ្យបានកាន់តែខ្លាំងឡើងថែមទៀត ដើម្បីបម្រើឱ្យវិស័យសេដ្ឋកិច្ច សង្គម និងសុខាភាពរបស់ប្រជាជននៅតាមបណ្ដារាជធានី-រដ្ឋធានី ក្នុងសហគមន៍អាស៊ាន។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនប្រតិភូទាំងមូល អំពីប្រវត្តិរាជធានីភ្នំពេញ ដែលកាលពីឆ្នាំ១៩៧៩ សម្ដេចតេជោ បានជួបប្រជាជនត្រឹមតែ ៧០នាក់តែប៉ុណ្ណោះ ប៉ុន្តែតាមរយៈការអភិវឌ្ឍបើកទូលាយផង និងតាមរយៈការអភិវឌ្ឍតាមបែបស៊ីជម្រៅផង រាជធានីភ្នំពេញ បានកើនទំហំពី ៣០០គីឡូម៉ែត្រការ៉េ ទៅ ៧០០គីឡូម៉ែត្រការ៉េ និងសំណង់លើផ្ទៃដី ១ហិចតា ពី ២ពាន់ម៉ែត្រការ៉េ ដល់ ៥ម៉ឺនម៉ែត្រការ៉េ។
ក្នុងឱកាសនោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យប្រតិភូអភិបាលរាជធានី-រដ្ឋធានីទាំងអស់ បន្តបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើយ៉ាងណា ជំរុញការអភិវឌ្ឍរាជធានី-រដ្ឋធានី ឱ្យមានភាពវ័យឆ្លាត បៃតង និងដើម្បីបម្រើឱ្យការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេស សុខមាលភាពរបស់ប្រជាជន ៕
ដោយ : សិលា