ភ្នំពេញ : កម្ពុជា បណ្ដេញចេញជនបរទេស១០៤នាក់ថែមទៀត ក្រោយចាប់ខ្លួនពីបទឆ្លងដែន និងស្នាក់នៅខុសច្បាប់។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន
របស់ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន ទាំងអស់ ឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន១០៤នាក់ ស្រី២៤នាក់ មាន០៥សញ្ជាតិ ក្នុងនោះជនជាតិ ឥណ្ឌាចំនួន០២នាក់ អាមេរិកចំនួន០១នាក់ ឡាវចំនួន០២នាក់ ចិនចំនួន០៤នាក់ និងជនជាតិវៀតណាម ចំនួន៩៥នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្តីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាល ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក។
ជនបរទេសចំនួន១០៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធបទល្មើស លួចស្នាក់នៅនិងធ្វើការងារខុសច្បាប់ ដែលល្មើសនឹងច្បាប់ស្ដីពីអន្តោប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញ ចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល០៣ឆ្នាំ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕
ដោយ : សិលា