ខេត្តតាកែវ : នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ នេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះជួបសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្សឃុំ សាខាបក្សភូមិ សកម្មជន យុវជនគណបក្ស ឃុំពារាម ឃុំត្នោត ឃុំដូង និងឃុំចំប៉ី។
ការជួបជុំនេះ រៀបចំឡើងជា ២កម្មវិធី នៅស្នាក់ការគណបក្សឃុំពារាម និង ស្នាក់ការគណបក្សឃុំដូង ស្រុកបាទី ខេត្តតាកែវ។
លោក ជា វ៉ាន់ដេត បានថ្លែងថា, ក្នុងនាមជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកបាទី ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកបាទី និងសកម្មជនគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងការសម្រេចជោគជ័យនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំកន្លងមក។ នៅក្នុងពិធីសំណេះសំណាល ខ្ញុំបានជម្រាបជូននូវចំណុចសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
– បច្ចុប្បន្នភាពស្ថានភាពនយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេសនិងសកលលោក
-ភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការធានាបានការអភិវឌ្ឍសេដ្ឋកិច្ច និងការជួយសម្រួលបន្ទុកដល់កម្មករ ប្រជាកសិករ និងក្រុមគ្រួសារអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩
-ភាពជោគជ័យក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន ដើម្បីដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ
– ស្ថានភាពគណបក្សប្រឆាំងនាពេលបច្ចុប្បន្ន
– ទិសដៅបន្តក្នុងការពង្រឹងសកម្មភាពរបស់គណបក្សនៅមូលដ្ឋាន ការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងការគ្រប់គ្រងសមាជិកគណបក្សនយោបាយ សតិអារម្មណ៍ បន្តយកចិត្តទុកដាក់ចុះជួយជំរុញឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ជាពិសេសអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬទើបគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីសម្រេចបាននូវគោលដៅឆ្ពោះទៅរកជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ ៕
ដោយ : សហការី