ភ្នំពេញ : នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអោយដឹងថា, លោក ជីប ហួរ អាយុ៥២ឆ្នាំ ត្រូវបានប្រពន្ធនិងកូនបោះបង់ចោលអោយរស់នៅឯកោម្នាក់ឯងក្រោយដឹងថាគាត់មានជំងឺច្រើនមុខរាំរ៉ៃ។ គាត់បានចាកចេញពីភ្នំពេញទៅរស់នៅខេត្តតែម្នាក់ឯង។
កន្លងទៅ ដោយដាច់អាហារខ្លាំងគាត់ដាច់ចិត្តសុំខ្ញុំមី១កេះដើម្បីបានបន្តជីវិត។ ខ្ញុំបានជួយគាត់ច្រេីនរួមទាំបានស្នើសុំមន្ទីរពេទ្យចិនប៊ីធន នៅភ្នំពេញអោយជួយព្យាបាលគាត់មួយរយៈ ដែលបានធ្វើអោយសុខភាពគាត់វិលមកសភាពល្អប្រសើរឡើងវិញ។ មុនពេលវិលត្រឡប់ទៅខេត្តវិញ សម្តេចតេជោលោកបានជួយឧបត្ថម្ភថវិកាមួយចំនួនសម្រាប់ដោះស្រាយទិញស្បៀងអាហាផងដែរ។
លោករដ្ឋលេខាធិការ បន្តថា, ថ្មីៗនេះជំងឺគាត់បានរើកាន់តែខ្លាំងឡើងវិញដែលធ្វើអោយប៉ះពាល់ឈឺចាប់ផ្នែកក្បាលយ៉ាងខ្លាំង។ គាត់គ្មានប័ណ្ណក្រីក្រ ហើយក៏មិនមានចំណូលអ្វីសម្រាប់ដោះស្រាយម្ហូបអាហារ ឬចំណាយលើការព្យាបាលនិងថ្នាំពេទ្យឡើយ។
ដោយមិនអាចឈរមើលគាត់ស្រែកយំដោយក្តីអស់សង្ឃឹមខ្ញុំក៏បានស្នើសុំជំនួយពីមន្ទីរពេទ្យកាល់ម៉ែត្រជាបន្ត។ ពេលនេះខាងមន្ទីរពេទ្យបានផ្តល់កន្លែងស្នាក់នៅ និងបានពិនិត្យព្យាបាលជំងឺគាត់យ៉ាងយកចិត្តទុកដាក់។
ប៉ុន្តែអ្វីដែលគួរអោយសោកស្តាយ និងងឿងឆ្ងល់បំផុតនោះគឺ លោក ជីប ហួរ មានប្រពន្ធនិងកូន ប៉ុន្តែពួកគេបែរជាបោះបង់រូបគាត់ចោលទៅវិញ គឺចោលគាត់ជាង៦ឆ្នាំកន្លងមកនេះ។
ទោះបីគាត់សំពះអង្វសុំអោយកូនបានមកជួបឬមកជួយយកគាត់ទៅមន្ទីរពេទ្យ ក៏មិនមានអ្នកណាមកជួយគាត់ទេ។ តើហេតុអ្វីបានជាដូច្នេះ? ឪពុកនិងកូនទោះបីឪពុកធ្លាក់ខ្លួនក្នុងសភាពបែបណា កូនគួរផ្តល់ឱកាស និងពេលវេលាដល់គាត់ខ្លះដើម្បីជីវិតចុងក្រោយ ជាពិសេសក្នុងពេលដែលឪពុកកំពុងធ្លាក់ខ្លួនឈឺទ្រុឌទ្រោមដោយក្តីអស់សង្ឃឹមបែបនេះ។
ខ្ញុំសូមអរគុណលោកប្រធានមន្ទីរពេទ្យកាល់ម៉ែត្រ លោកវេជ្ជបណ្ឌិត និងបុគ្គលិកមន្ទីរពេទ្យទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយសង្រ្គោះអាយុជីវិតគាត់អោយមានដង្ហើមដកឡើងវិញ។ ពេលនេះគាត់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ។ បងប្អូនអាចជួយគាត់បានទៅតាមសទ្ធារជ្រះថ្លា។
យើងរួមគ្នាកសាងអំពើល្អដោយចិត្តជ្រះថ្លា ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមដោយគ្មានការរើសអើងក្រោមម្លប់សន្តិភាពតែមួយ ៕
ដោយ : សិលា