ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងធ្វើទស្សនកិច្ចទៅកាន់តំបន់ Donbass ភាគខាងកើតប្រទេសអ៊ុយក្រែន ក្នុងពេលវេលាសមស្របណាមួយ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃទី៣ ខែធ្នូ បានប្រកាសពីគម្រោងទស្សនកិច្ចរបស់ប្រធានាធិបតីទៅកាន់ Donbass ជាតំបន់ក្នុងប្រទេសអ៊ុយក្រែនដែលរុស្ស៊ីបានបញ្ចូលក្រោមការគ្រប់គ្រងរបស់ខ្លួន។
លោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ថា “ដំណើរទស្សនកិច្ចនេះពិតជានឹងកើតឡើងនៅពេលដ៏សមស្របណាមួយ ព្រោះវាជាផ្នែកមួយនៃសហព័ន្ធរុស្ស៊ី” ។ កាលពីដើមខែកញ្ញា វិមានក្រឹមឡាំងក៏បាននិយាយថា លោកពូទីនពិតជានឹងទៅ Donbass ។ លោក Peskov បាននិយាយនៅពេលនោះថា រុស្ស៊ីមានផែនការធំដើម្បីអភិវឌ្ឍ Donbass ។ លោកបានមានប្រសាសន៍ថា “ផែនការអភិវឌ្ឍន៍មានលក្ខណៈទូលំទូលាយ វាអាចត្រូវបានគេមើលឃើញថាការសាងសង់កំពុងដំណើរការ គ្រឿងបរិក្ខារថ្មីកំពុងត្រូវបានដាក់ឱ្យដំណើរការ ហើយមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្តារប្រព័ន្ធទាំងអស់ឡើងវិញ។ ប្រព័ន្ធរួមមាន បំពង់ទឹក ការផ្គត់ផ្គង់អគ្គិសនី និងបរិក្ខារសង្គម។ ការងារកំពុងដំណើរការខ្លាំង ហើយមានមនុស្សច្រើនពាន់នាក់ធ្វើការនៅទីនោះ។
កាលពីថ្ងៃទី៥ ខែតុលា ប្រធានាធិបតីពូទីនបានចុះហត្ថលេខាលើក្រឹត្យស្តីពីការបញ្ចូលតំបន់ចំនួនបួនរបស់អ៊ុយក្រែន។ ទឹកដីដែលរុស្ស៊ីបានដាក់បញ្ចូលគឺ Donetsk, Luhansk, Zaporizhzhia និង Kherson។ ដំណើរការច្របាច់បញ្ចូលគ្នាបានធ្វើតាមប្រជាមតិក្នុងតំបន់ទាំងនេះ។ទោះបីជាមន្ត្រីរុស្ស៊ីអះអាងថា តំបន់ទាំងនេះឥឡូវនេះជាកម្មសិទ្ធិរបស់រុស្ស៊ីក៏ដោយ ក៏យោធារុស្ស៊ីមិនគ្រប់គ្រងតំបន់ទាំងអស់នោះទេ។
រុស្ស៊ីបានដកទ័ពចេញពីតំបន់ Kherson ប៉ុន្តែវិមានក្រឹមឡាំងទទូចថា ការផ្លាស់ប្តូរនេះនឹងមិនប៉ះពាល់ដល់ស្ថានភាពផ្លូវច្បាប់របស់ Kherson ទេ។ លោក Peskov បាននិយាយថា “តំបន់ Kherson នៅតែជាផ្នែកមួយនៃសហព័ន្ធរុស្ស៊ី” ។ ស្ថានភាពនេះគឺមិនអាចកែប្រែបាន បញ្ជាក់តាមផ្លូវច្បាប់ និងមិនអាចផ្លាស់ប្តូរបានឡើយ»៕ ដោយធីរីណា
រូបថត : TTXVN-VNA