ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួង ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅព្រឹកចន្ទទី០៥ ខែធ្នូ ឆ្នាំ២០២២នេះថា៖ គណៈមេប្រយោគទូទាំងប្រទេសប្រចាំការ កំពុងមានភាពមមាញឹកក្នុងការបំពេញការងារ ដើម្បីទំនាក់ទំនងជាមួយគណៈមេប្រយោគទូទាំងប្រទេសប្រចាំមណ្ឌលរាជធានី ខេត្ត ប្រមូលព័ត៌មាន ឆ្លើយតបសំណួរ និងដោះស្រាយបញ្ហាបច្ចេកទេស ព្រមទាំងផ្សព្វផ្សាយព័ត៌មាននានាអំពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យទាន់ពេលវេលាតាមរយៈគេហទំព័រ និងទំព័របណ្ដាញសង្គមហ្វេកប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា។
គួរកត់សំគាល់ផងដែរថា សម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជនសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់ មាន២២១មណ្ឌល ដែលត្រូវជា៥១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន១៧ ២៤០ នាក់ ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២៧៥៦នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួមសង្កេតការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី ខេត្តចំនួន២៧០០នាក់។
ជាមួយគ្នានោះ ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរស របស់កម្លាំងសមត្ថកិច្ច ដែលបានជួយសម្រួលចរាចរណ៍ និងរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងមណ្ឌលប្រឡង។
ក្រសួងអប់រំ យុវជន និងកីឡា បានពង្រឹងកិច្ចសហការជាមួយក្រសួងស្ថាប័នដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គីសនីកម្ពុជា៕ ដោយ៖សហការី