ខេត្តស្ទឹងត្រែង៖ ក្រុមមន្ត្រីជញ្ជើងនៅចំណុចអូរពងមាន់ កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ បានឃាត់រថយន្តធន់ធំដឹកគ្រឿងសំណង់ដែកសំណង់មកពីប្រទេសវៀតណាម ដើម្បីផាកពិន័យក្រោយពីថ្លឹងឃើញរថយន្តទាំងនេះបានផ្ទុកលើសទំងន់ហួសការកំណត់។ ក៏ប៉ុន្តែម្ចាស់រថយន្តទាំងនោះបានរិះគន់ថា ការឃាត់រថយន្តរបស់ពួកគាត់ផាកពិន័យដូចជាគ្មានតម្លាភាព និងយុត្តិធម៌សោះ ព្រោះរថយន្តខ្លះគេក៏ដឹកធ្ងន់ដូចពួកគាត់ដែរ តែមិនត្រូវបានក្រុមមន្ត្រីឃាត់ដើម្បីផាកពិន័យនោះទេ។
បើតាមប្រភពឲ្យដឹងថា រថយន្តដែលឃាត់ទុកច្រើនថ្ងៃមកនេះកាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ត្រូវបានដោះលែងរថយន្តមួយគ្រឿង ហើយចំណោមរថយន្តទាំង៨គ្រឿង ដោយផាក់ពិន័យក្រោមការសម្របសម្រួលចំនួន៥ម៉ឺនរៀល។
លោកស្រី អាង លៀង អាយុ២៧ឆ្នាំ រស់នៅខេត្តព្រៃវែង និងជាម្ចាស់រថយន្តដែលត្រូវបានក្រុមមន្ត្រីជញ្ជើងថ្ងឹងនៅចំណុចអូរពងមាន់ដែលនោះបានឲ្យដឹងព្រឹកថ្ងៃទី៣១ ខែឧសភា ថា រថយន្តរបស់ពួកគាត់ពិតជាបានដឹកលើសចំនួននៃការកំណត់ទុកមែន តែក្រុមមន្ត្រីខាងលើនេះបានទាមទារផាកពិន័យក្នុងមួយរថយន្តពី២លានរៀលទៅ៣លានរៀល និងរថយន្តខ្លះទៀតទារផាកពិន័យ៦លានរៀលក៏មាន។ មិនតែប៉ុណ្ណោះក្រោយពីផាកពិន័យក្រុមមន្ត្រីខាងលើតម្រូវឲ្យយករថយន្តផ្សេងមកសាងទំនិញដែលផ្ទុកលើសដែលធ្វើឲ្យខាតបង់ប្រាក់ទាំងប្រាក់ពិន័យ និងប្រាក់ចំណាយសាងទំនិញទៀតផង។
ទាក់ទិងនឹងប្រតិកម្មរបស់ក្រុមរថយន្តដឹកទំនិញខ្នាតធំខាងលើនេះ លោក ប្រាក់ សោភណ្ឌ ប្រធានប្រចាំការនៅចំណុចជញ្ជីងអូរពងមាន់បានឲ្យដឹងថា ការដែលមន្ត្រីជញ្ជីងថ្លឹងធ្វើបែបនេះ គឺអនុវត្តតាមការកំណាត់របស់ក្រសួងដែលបានណែនាំនៅពេលថ្មីនេះប៉ុណ្ណោះ ដោយមិនអាចសម្របសម្រួលបានទេ ខុសពីមុនយើងអាចអធ្យាស្រ័យបាន តែពេលនេះបើយល់យោគវានិងខុសច្បាប់។
បើតាមប្រជាពលរដ្ឋរស់នៅក្បែរជញ្ជីងថ្លឹងចំណុចអូរពងមាន់បានខ្សិបប្រាប់ឲ្យដឹងថា ការឃាត់រថយន្តទាំង៨គ្រឿងនេះធ្វើឲ្យតែល្អមើលប៉ុណ្ណោះ ដោយមានពេលខ្លះរថយន្តធំជាច្រើនទៀតបានដឹកលើសទម្ងន់ស្ទើរបាក់រថយន្ត មិនត្រូវបានមន្ត្រីជញ្ជីងថ្លឹងឃាត់ចាប់នោះឡើយ ហើយរថយន្តទាំងនេះក៏មិនបានចូលថ្លឹងនោះដែរ គេឃើញតែអ្នកបើកបររថយន្តចុះពីរថយន្តរត់ចូលទៅក្នុងបន្ទប់ មួយសន្ទុះចេញមកវិញឡើងបើករថយន្តទៅយ៉ាងរលូន ៕
ដោយ៖ មាស សុផាត