តោះ! មកទស្សនា​សកម្មភាព​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ និងកម្លាំងកងរាជអាវុធហត្ថ​ ចុះ​ការពារ​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្តាប់ធ្នាប់​ រយៈពេល​ពីរថ្ងៃក្នុង​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

ចែករំលែក៖

​​ភ្នំពេញ​៖​ សកម្មភាពកងកម្លាំង​សមត្ថកិច្ច​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ និងកម្លាំងកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ រយៈពេល​ពីរថ្ងៃ​ បាន​ចុះ​ការពារ​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្តាប់ធ្នាប់​ និងសម្រួលចរាចរណ៍ ក្នុង​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​​(​បាក់​ឌុ​ប​)​ ដែល​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន។

សូមជម្រាបថា​ ការប្រលងមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំ២០២២នេះ​ គឺចាប់ផ្ដេីមពីថ្ងៃ​ទី​០៥​ ដល់​ថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០២២​ដោយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញបើកហិបវិញ្ញាសានៅវិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីបើកហិបវិញ្ញាសាក៏មានការអញ្ជើញចូលរួមដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ឃាង សេង ប្រធានក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយប្រចាំរាជធានីភ្នំពេញ និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ។

ក្រៅតែពីរាជធានីភ្នំពេញ តាមបណ្តាខេត្តនានា ដំណើរការប្រលងក៏ត្រូវបានប្រព្រឹត្តទៅព្រមៗគ្នាតាមពេលវេលា ដែលបានកំណត់។ តាមបណ្តាខេត្តនីមួយៗ ក៏មានការអញ្ជើញបើកហិបវិញ្ញាសាពីសំណាក់ថ្នាក់ដឹកនាំខេត្តផងដែរ។

ដោយឡែកសន្តិសុខសណ្តាប់ធ្នាប់ ក៏ត្រូវបានរក្សា និងរឹតបន្តឹងដូចនឹងបណ្តាឆ្នាំផងដែរ ក្រោមកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចទាំងនគរបាល និងកងរាជអាវុធហត្ថ។

ការប្រលងបាក់ឌុបមានរយៈពេល២ថ្ងៃ គឺថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ ដោយបែងចែកជាវិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រ។

សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៖ មុខវិជ្ជាដែលត្រូវប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ដែលជាថ្ងៃដំបូង ពេលព្រឹកមានពីរមុខវិជ្ជា គឺផែនដី និងបរិស្ថានវិទ្យា មានរយៈពេល៦០នាទី និងប្រវត្តិវិទ្យា មានរយៈពេល៩០នាទី។ ពេលរសៀលមានពីរមុខវិជ្ជាផងដែរ គឺភូមិវិទ្យា រយៈពេល៩០នាទី និងភាសាបរទេស រយៈពេល៦០នាទី។

ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ដែលជាថ្ងៃទីពីរវិញ ពេលព្រឹកមានពីរមុខវិជ្ជា គឺគណិតវិទ្យា រយៈពេល៩០នាទី និងសីលធម៌ ពលរដ្ឋវិជ្ជា មានរយៈពេល៩០នាទី។ ពេលរសៀល មានមួយមុខវិជ្ជា គឺអក្សរសាស្ត្រខ្មែរ មានរយៈពេល១៥០នាទី។

សម្រាប់ថ្នាក់វិទ្យាសាស្ត្រ៖ មុខវិជ្ជាដែលត្រូវប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ជាថ្ងៃដំបូង ពេលព្រឹកមានពីរមុខវិជ្ជា គឺប្រវត្តិវទ្យា រយៈពេល ៦០នាទី និងជីវវិទ្យា រយៈពេល ៩០នាទី។ ពេលរសៀលមានពីរមុខវិជ្ជា គឺគីមីវិទ្យា រយៈពេល ៩០នាទី និងភាសាបរទេស រយៈពេល ៦០នាទី។

ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ដែលជាថ្ងៃទីពីរវិញ ពេលព្រឹកមានពីរមុខវិជ្ជា គឺអក្សរសាស្ត្រខ្មែរ មានរយៈពេល៩០នាទី និងរូបវិទ្យា មានរយៈពេល៩០នាទី។ នៅពេលរសៀល មានមួយមុខវិជ្ជា គឺគណិតវិទ្យា មានរយៈពេល ១៥០នាទី។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨,១៣៤នាក់ ស្រី ៦៨,៧៧១នាក់។ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥,១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ក្នុងដំណើរនោះប្រឡងសរុបចំនួន ២៧,៧៥៣នាក់។

ការប្រលងនេះ គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

សូមបញ្ជាក់ដែរថា ឆ្នាំ២០២២នេះ គឺជាឆ្នាំទី៨ហើយ ដែលលោក ហង់ ជួនណារ៉ុន បានចូលមកធ្វើកំណែទម្រង់នៅក្រសួងអប់រំ យុវជន និងកីឡា។ ជាពិសេសការធ្វើកំណែទម្រង់លើការប្រលងបាក់ឌុបនេះតែម្តង ជាហេតុធ្វើឱ្យសិស្សមានការភ្ញាក់រលឹកក្នុងការរៀនសូត្រឡើងវិញ ដោយមិនផ្តេកផ្តួលលើការលួចមើលវិញ្ញាសារពេលប្រលងទៀតនោះឡើយ។ ការធ្វើកំណែទម្រង់ដ៏ម៉ឹងម៉ាត់លើការប្រលងបាក់ឌុបនេះ ទទួលបានការសាទរខ្លាំងណាស់ផងដែរពីសិស្ស ក៏ដូចជាអាណាព្យាបាល៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print