សូម្បីតែសម្ដេចក្រឡាហោម ស ខេង មិនគាំទ្រដាច់ខាត ចំពោះជនបើកបរបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃ បែររួចខ្លួនត្រឹមបង់លុយ !

ចែករំលែក៖

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានប្រកាស ជាមួយការសំភាសន៍របស់អ្នកសារព័ត៌មាន គឺសម្តេចមិនគាំទ្រដាច់ខាត ចំពោះជនបើកបរបង្កគ្រោះថ្នាក់ដល់ជនដទៃ ហើយបែរជារួចខ្លួនពីសំណាញ់ច្បាប់ ត្រឹមការបង់លុយជាសំណងជំងឺចិត្ត។

សូមបញ្ជាក់ថា, នៅប៉ុន្មានថ្ងៃនេះ ផ្ទុះការចាប់អារម្មណ៍ និងប្រតិកម្មជាខ្លាំងលើហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយរថយន្ដ បុកម៉ូតូមួយគ្រឿង នៅលើស្ពានជ្រោយចង្វារ បណ្ដាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់ ក្នុងនោះក៏មានទារកអាយុ៦០ថ្ងៃម្នាក់ផងដែរ កំពុងជួយសង្គ្រោះបន្ទាន់ ។ ដោយឡែក អ្នកបើកបរ ជាជនបង្ក ឮដំណឹងថា, ត្រូវបានដោះលែង តើនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោះលែង ឬត្រូវបញ្ជូនទៅតុលាការ ជាមួយការកសាងសំណុំរឿង?

គួររម្លឹកថា គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានបង្កឱ្យមានការជជែកគ្នាជាច្រើននៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយជនបង្កបញ្ចប់រឿងជាមួយជនរងគ្រោះ ត្រឹមសំណង ២,៥០០ដុល្លារ។ បើទោះបីបញ្ចប់សំណងជាមួយជនរងគ្រោះយ៉ាងណាក្ដី ប៉ុន្ដែក្នុងច្បាប់បានកំណត់ថា ជនបង្កមិនត្រូវរួចខ្លួននោះទេ។ ជនបង្កនៅតែជាប់បណ្ដឹងអាជ្ញា ហើយត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។
ជាចំងល់ជាច្រើនបានសួរថា, តើមន្ត្រីនគរបាលយុត្តិធម៌ផ្នែកចរាចរណ៍ អាចរលត់បណ្តឹងអាជ្ញា តាមរយៈសំណងរដ្ឋប្បវេណី ចំនួន ២៥០០ដុល្លារនោះមែន ។
ការបកស្រាយក្នុងករណី លើផឹកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយក្រុមប្រតិកម្មរហ័ស គឺទទួលការរិះគន់ធ្ងន់ធ្ងរដល់សមត្ថកិច្ចនគរបាលចរាចរណ៍ ប៉ុន្តែការខំមិនចូលផេកខ្លះត្រូវបានបិទ ព្រោះចូលខំមិនរិះគន់ ស្ទើរ១៨០អង្សារ ។

សម្ដេចក្រឡាហោម ស ខេង បានបង្ហាញការសោកស្ដាយចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាបន្ដបន្ទាប់នៅក្នុងសង្គម ហើយមានពេលខ្លះរហូតបាត់បង់ជីវិតថែមទៀតផង។

ឆ្លើយតបនឹងសំណួរថា តើសម្តេចយល់យ៉ាងណាចំពោះជនបង្កដែលចេះតែរួចខ្លួន ត្រឹមផ្តល់សំណងជាប្រាក់ជូនជនរងគ្រោះនោះ? សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា សម្តេច មិនគាំទ្រដាច់ខាត។

ក្នុងបទសម្ភាសជូនអ្នកសារព័ត៌មាន ក្រោយពីបញ្ចប់ការប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ក៏ចង់ដឹងបន្ថែមទៀតផងដែរ អំពីរឿងរ៉ាវជាក់លាក់ដែលបានកើតមានឡើង ពិសេសអ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ រហូតបាត់បង់ជីវិតអ្នកដទៃហើយរួចខ្លួន ដើម្បីចាត់វិធានការឱ្យបានសមស្រប។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគិតថា មិនមែនជារឿងទូទៅទេ កន្លែងខ្លះជាបុគ្គល ដែលខ្ញុំ ក៏ចង់ដឹងព័ត៌មានជាក់លាក់ ដើម្បីចាត់វិធានការឱ្យបានសមស្របដែរ ហើយខ្ញុំមិនគាំទ្ររឿងអ៊ីចឹងទេ»។

សម្ដេចក្រឡាហោម បានទាញការចាប់អារម្មណ៍ដែរថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ គឺជារឿងដែលគ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាគាំទ្រ ការបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ ហើយកត្តាដែលសំខាន់ គឺកត្តាមនុស្សតែម្ដង ក្នុងនោះអ្នកដែលធ្វើដំណើរក្ដី អ្នកដែលរស់នៅតាមដងផ្លូវក្ដី ត្រូវគោរពច្បាប់ចរាចរណ៍។

ក្នុងបទសម្ភាសន៍នោះ សម្ដេចក្រឡាហោម ស ខេង គូសបញ្ជាក់ពាក់ព័ន្ធការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកលើការរកសារធាតុញៀនលើអ្នកបើកបរផងដែរ។ សម្តេចក្រឡាហោម បានបញ្ជាក់ថា សារធាតុញៀនត្រូវបានដាក់ជាកាតព្វកិច្ច មិនមែនជាការភ្ញាក់រលឹកនោះទេ។ សម្ដេចបានពន្យល់ថា អ្នកបើកយានយន្ដទាំងឡាយ ត្រូវតែមានវិញ្ញាបនបត្របញ្ជាក់អំពីភាពគ្មានសារធាតុញៀននៅក្នុងខ្លួន ទើបអនុញ្ញាតផ្ដល់ប័ណ្ណបើកបរ។

ពាក់ព័ន្ធកម្រិតផាកពិន័យចំពោះអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយមានសារធាតុស្រវឹងនៅក្នុងខ្លួនវិញ សម្ដេចក្រឡាហោម ស ខេង បានប្រគល់ជូនក្រសួងយុត្តិធម៌ ដើម្បីពិនិត្យកំណត់ឲ្យបានត្រឹមត្រូវតាមស្ដង់ដារ។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានលើកឡើងអំពីស្ថានភាពគ្រោះថ្នាក់ចរារចរណ៍លើផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ ដែលទើបនឹងដាក់ឱ្យប្រើប្រាស់ជាលើកដំបូង។ សម្ដេចបន្តថាក្នុងរយៈកាលប្រើប្រាស់កន្លងមកនេះ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន២៦លើក តែគ្មានជនរងគ្រោះដល់ស្លាប់ ឬរងបួសធ្ងន់ធ្ងរឡើយ គ្រាន់តែមានការខូចខាតយានយន្ត និងបរិក្ខាសុវត្ថិភាពផ្លូវថ្នល់មួយចំនួនប៉ុណ្ណោះ។ សម្ដេចបន្តថាស្ថានភាពនេះ មានន័យថាវិស្វកម្មផ្លូវថ្នល់ដែលដាក់ចរាចរណ៍ឯកទិស ចែកគន្លងផ្លូវច្បាស់លាស់ មានគំនូស និងស្លាកសញ្ញាច្បាស់លាស់ ព្រមទាំងការចរាចរណ៍ដោយគ្មានម៉ូតូ បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ច្រើន។

សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍អំពីដំណើរការតាក់តែងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី។ សម្ដេចបន្ថែមថានៅក្នុងច្បាប់ថ្មីនេះ បានកំណត់ឱ្យអ្នកបើកបរទាំងអស់ជាប់កាតព្វកិច្ចមួយចំនួន ដើម្បីធានាសុវត្ថិភាពចរាចរណ៍ ក្នុងនោះមានដូចជាការតម្រូវឱ្យមានវិញ្ញាបណ្ណបត្របញ្ជាក់សុខភាពថាគ្មានសារធាតុញៀនក្នុងខ្លួន សម្រាប់អ្នកដែលចង់ចូលធ្វើការងារជាអ្នកបើករថយន្ត មិនថារថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ។ សម្ដេចបន្ថែមថាការដាក់កាតព្វកិច្ចបែបនេះ

នឹងធ្វើឱ្យអ្នកស្វែងរកការងារធ្វើក្នុងវិស័យដឹកជញ្ជូន និងការងារពាក់ព័ន្ធនឹងការបើកបរ ប្រឈមមុខនឹងភាពគ្មានការងារធ្វើ ប្រសិនបើពួកគេមានសាធារធាតុញៀន។

សម្ដេចបានមានប្រសាសន៍ទៀតថាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបង្កផលប៉ះពាល់ជាច្រើន ហើយអាចបន្តអូសបន្លាយ និងមានកំណើន ប្រសិនបើគ្មានការចូលរួមអនុវត្តច្បាប់ពីសំណាក់អ្នកប្រើប្រាស់ផ្លូវ និងខ្វះវិធានការទប់ស្កាត់ និងបង្កាគ្រោះថ្នាក់ប្រកបដោយប្រសិទ្ធភាព។ សម្ដេចបន្ថែមថាច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោលថ្មី ដែលកំណត់អំពីការគ្រប់គ្រងសុវត្ថិភាពលើផ្លូវល្បឿនលឿន និងការដាក់កាតព្វកិច្ចនានា រួមទាំងផែនការសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាបន្តបន្ទាប់ ជាកិច្ចការអាទិភាពដែលធានាសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា។ សម្ដេចថាគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក៏បានកំណត់យកបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះជាអាទិភាពដែរ ហើយថាការងារនេះ ទាមទារការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន។

សម្ដេចបានទាញការកត់សម្គាល់ថាជាមធ្យមមានអ្នកស្លាប់៤នាក់ និងរបួស១១នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ ហើយក្នុងចំណោមជនរងគ្រោះដែលភាគច្រើនបានស្លាប់គឺជាអ្នកជិះម៉ូតូ មានដល់៧៩ភាគរយ ក្នុងនោះមាន៧៤ភាគរយមិនពាក់មួកសុវត្ថិភាព។ សម្ដេចបន្តថាមូលហេតុបង្កគ្រោះថ្នាក់ដែលបន្តមានកំណើន រួមមានដូចជាការបើកបរលើសល្បឿន មិនគោរពសិទ្ធិអាទិភាព និងការបើកបរមិនប្រកាន់ស្ដាំ។ សម្ដេចបានលើកឡើងថា មួកសុវត្ថិភាពនិងខ្សែក្រវ៉ាត់សុវត្ថិភាពរួមចំណែកការពារសុវត្ថិភាពខ្ពស់ណាស់នៅពេលជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ ដូច្នេះអ្នកបើកបរ និងអ្នកដំណើរតាមម៉ូតូ និងរថយន្តទាំងអស់មិនត្រូវប្រមាថ ឬធ្វេសប្រហែសត្រង់ចំណុចនេះឡើយ។

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី ក៏បានផ្ដល់អនុសាសន៍ឱ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី ខេត្ត បង្កើនការរឹតបន្តឹងច្បាប់ឱ្យកាន់តែហ្មឺងម៉ាត់ ប្រកបដោយតម្លាភាព និងស្មើភាព សំដៅកាត់បន្ថយគ្រោះថ្នាក់ ចំនួនជនរងគ្រោះ និងបទល្មើសចរាចរណ៍ឱ្យបានជាអតិប្បមា និងត្រូវខិតខំអនុវត្តឱ្យបានជោគជ័យគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។ សម្ដេចបានស្នើឱ្យប្រមូលផ្ដុំចាត់វិធានការកាត់បន្ថយគ្រោះថ្នាក់លើអ្នកជិះម៉ូតូ និងរយន្តដឹកកម្មករ។

សម្ដេច ក៏បានណែនាំឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការអប់រំបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពវិជ្ជាជីវៈមន្រ្តីអនុវត្តច្បាប់ស្ដីពីចារណ៍ផ្លូវគោក លើកសរសើរអង្គភាព និងមន្រ្តីមានស្នាដៃ ព្រមទាំងដាក់វិន័យឱ្យបានហ្មឺងម៉ាត់លើមន្រ្តីអនុវត្តផ្ទុយនឹងច្បាប់ ព្រមទាំងក្រមសីលធម៌ វិជ្ជាជីវៈ។ សម្ដេចក៏បានស្នើក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញការបំពាក់បរិក្ខាសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ ពិសេសស្លាកសញ្ញាចរាចរណ៍ និងកាមេរ៉ាសុវត្ថិភាព ហើយគ្រប់ក្រសួង ស្ថាប័ន អង្គការជាតិ អន្តជាតិ សិល្បៈករ គ្រឹះស្ថាន ក្រុមហ៊ុន និងវិស័យឯកជន ត្រូវបន្តចូលរួមគាំទ្រការអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចារណ៍ផ្លូវគោកឱ្យបានទូលំទូលាយ និងជាប់ជាប្រចាំ។

មុននឹងបញ្ចប់ សម្ដេចក្រឡាហោម បានអំពាវនាវប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមថែមទៀតក្នុងការគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ព្រមទាំងលើកកម្ពស់កិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់ខ្លួន និងប្រទេសជាតិ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print