ខេត្តបន្ទាយមានជ័យ៖ មួយថ្ងៃនគរបាលខេត្តបន្ទាយមានជ័យបន្តបង្រ្កាបជនសង្ស័យគ្រឿងញៀនប្រុសស្រីសរុបចំនួន១០នាក់ដែលបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសលក់ចែកចាយ និងប្រើប្រាស់ថ្នាំញៀនខុសច្បាប់២ករណីផ្សេងគ្នានៅស្រុកម៉ាឡៃ និងស្រុកមង្គលបុរីថែមទាំងរកឃើញបានថ្នាំញៀនមួយចំនួនធំ។
ប្រតិបត្តិការចុះបង្រ្កាបជនសង្ស័យគ្រឿងញៀនជាបន្តបន្ទាប់ រយៈពេល៣ថ្ងៃចុងក្រោយនេះនៅក្នុងខេត្តបន្ទាយមានជ័យ ក្រោយពីមានការដាក់ចេញនូវវិធានការនិងអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យក្នុងការជម្រុញឱ្យកម្លាំងនគរបាលក្រោមបង្គាប់ត្រូវតែចេញបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនឱ្យបានខ្លាំងបំផុតដើម្បីរក្សាសុវត្ថិភាព ភូមិ ឃុំសង្កាត់។
ក្នុងចំណោមជនសង្ស័យគ្រឿងញៀនទាំង ១០នាក់ នោះកម្លាំងនគរបាលស្រុកម៉ាឡៃ បង្រ្កាបឃាត់ខ្លួនបានចំនួន៦នាក់ក្នុងនោះមានស្រី១នាក់កាលវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ដកហូតបានថ្នាំញៀនមេតំហ្វេតាមីwy៥៧គ្រាប់ រួមនិងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ។ ជនសង្ស័យ៤នាក់ទៀតរួមនិងថ្នាំញៀនមេតំហ្វេតាមីន ម៉ាទឹកកកចំនួន២កូនថង់ ត្រូវបានកម្លាំងនគរបាលស្រុកមង្គលបុរីធ្វើការបង្រ្កាបចាប់ខ្លួនដឹកនាំកម្លាំងផ្ទាល់ដោយលោកវរសេនីយ៍ទោ ស៊ី ឌី អធិការនគរបាលស្រុកមង្គលបុរី កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិសាស្រ្តក្នុងឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ។
ជនសង្ស័យគ្រឿងញៀនសរុប១០នាក់ខាងលើ ក្នុងនោះមុខសញ្ញាជួញដូរថ្នាំញៀនចំនួន២នាក់ នៅស្រុកមង្គលបុរីមានឈ្មោះស៊ឹម ឧស្មាន់ ហៅអាវិន និងអាដា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិប្ញស្សីក្រោក ឃុំប្ញស្សីក្រោកស្រុកមង្គលបុរី និងនៅស្រុកម៉ាឡៃម្នាក់ទៀតឈ្មោះ សោ រុំ ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ។ ចំណែក៦នាក់ទៀតជាអ្នកប្រើប្រាស់ថ្នាំញៀន។
ជនសង្ស័យគ្រឿងញៀនទាំង១០នាក់ និងវត្ថុតាងថ្នាំញៀន នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ត្រូវបានកម្លាំងនគរបាលជំនាញនៃស្រុកទាំង២ បាននិងចាប់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សំ វិច្ឆិកា