ភ្នំពេញ៖ មេល្បែងស៊ីសងដ៏ធំក្នុងខណ្ឌឫស្សីកែវ ត្រូវបានគេទម្លាយឲ្យដឹងថាឈ្មោះ ហេង ឡាលីន ក៏ត្រូវជាប្អូនធម៌ផងដែរ ជាមួយលោកអធិការនគរបាលខណ្ឌឫស្សីកែវ។ ករណីនេះត្រូវបានបែកធ្លាយបន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួនមេបនល្បែងស៊ីសងទាំងបងទាំងប្អូននៅចំណុចភូមិដើមខ្វិត ជាប់ពាក់ព័ន្ធប្រើអំពើហិង្សាក្នុងបទល្មើសជាក់ស្តែងវាយទៅលើមន្ត្រីយោធាឲ្យសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ។
សមត្ថកិច្ចបានបង្ហើបយ៉ាងដូច្នេះថា«នៅក្នុងខណ្ឌឫស្សីកែវ គេពុំដឹងថាលោកហេង ឡាលីន ត្រូវបានបែងចែកជាប្រយោជន៍ក្នុងកំរិតណាតែ ជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ខណៈគាត់ត្រូវបានទទួលនូវឥទ្ធិពលដ៏ធំធេងជាមេបនល្បែង មានជាអាទិ កន្លែងកត់កន្ទុយលេខ កន្លែងកត់បាល់ និងសង្វៀនមាន់ផងដែរ»។ ក្នុងនោះគ្រាន់តែករណីកត់ឆ្នោតកូនកញ្ច្រែងរបស់គាត់មួយកន្លែងៗ កត់បានចាប់ពី១០លានរៀលទៅ២០លានរៀល ចុះបើមានច្រើនទីតាំងនោះ ឃើញថាមួយថ្ងៃៗរាប់សិបលានរៀល។
សព្វថ្ងៃមេល្បែងរូបនេះ ជិះរថយន្តឡិចស៊ីស៥៧០ ពណ៌ស ដែលសមត្ថកិច្ចអាជ្ញាធរស្គាល់យ៉ាងច្បាប់ថា លោកហេង ឡាលីន មេបនល្បែងសម្បូរលុយ សម្បូរអ្នកហែរហម សម្បូរអ្នកលាក់លៀមដើម្បីទាញយកប្រយោជន៍។
លោកអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវដែលទើបនិងកាន់តំណែងថ្មី ប្រហែលមិនទាន់ជ្រាបជុំវិញបញ្ហាល្បែងស៊ីសងទាំងនេះទេ ដោយសារថ្នាក់ក្រោម និងសមត្ថកិច្ចពាក់ព័ន្ធសង្ងំលាក់គិតរឿងលុយសំខាន់ជាងការងារទទួលខុសត្រូវ។
ពាក់ព័ន្ធករណីនេះ នគរដ្រេហ្គន មិនអាចទាក់ទងបានទេពីលោកអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ប៉ុន្តែលោកអធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ នគរដ្រេហ្គន នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ថា ខ្ញុំមិនទាន់ដឹងដែរ បញ្ហានេះចាំខ្ញុំសួរទៅកាន់បណ្តាប៉ុស្តិ៍សិន ព្រោះមិនដែលដឹង។ លោកអធិការបន្តថា តើកន្លែងនោះស្ថិតនៅម្ដុំណា ចាំមើលពិនិត្យជាក់ស្តែង។
គេអះអាងថា ពីមុនលោក ហេង ឡាលីន ប៉ាវផ្តាច់នៅក្នុងសង្កាត់ទួលសង្កែមានកន្លែងកត់កន្ទុយលេខ ឆ្នោត តែដោយមុខរបរកាក់កប និងមានការគាំទ្រពីសមត្ថកិច្ចក្នុងនាមជាអ្នកបង្ក្រាបបនល្បែងស៊ីសង ទើបធ្វើឲ្យ ហេង ឡាលីន ចេញមុខបើកល្បែងផ្តាច់មុខនៅក្នុងខណ្ឌឫស្សីកែវតែម្តង។
ប្រជាពលរដ្ឋបានលើកឡើងថា បនល្បែងស៊ីសងគឺជាប្រភពផ្តើមចេញឲ្យមានបទល្មើស ផ្ទុយទៅវិញប្រសិនបើ លោកអធិការនគរបាលខណ្ឌឫស្សីកែវត្រូវបានគេលើកឡើងថា ជាបងធម៌មេបនល្បែង ហេង ឡាលីន ហើយអនុញ្ញាតិឲ្យបើក មិនបង្ក្រាប គឺជាកំហុសធ្ងន់ធ្ងរ និងមិនអនុវត្តទៅតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ដែលអាជ្ញាធរខណ្ឌក៏ដូចជាសាលារាជធានីភ្នំពេញច្រើនរំលឹកជុំវិញបញ្ហានេះធ្វើឡើងជាប្រចាំ ឲ្យសមត្ថកិច្ចអាជ្ញាធរទទួលខុសត្រូវបង្ក្រាបបនល្បែងស៊ីសងនោះ៕
ដោយ៖ សុខ ខេមរា