លោក នេត្រ ភក្ត្រា : បច្ចុប្បន្នកម្ពុជាមានសត្វខ្សឹបប្រមាណ ១០៤ក្បាល ខណៈឆ្នាំ ២០១២ មានរហូតដល់ ២១៦ ក្បាល

ចែករំលែក៖

ភ្នំពេញ : ចំនួនសត្វខ្សឹប ឬ សត្វទ្រមាក់អណ្តើក នៅកម្ពុជា បានថយចុះយ៉ាងច្រើនចាប់តាំងពីឆ្នាំ ២០១២មក៖ បច្ចុប្បន្នកម្ពុជាមានសត្វខ្សឹបប្រមាណ ១០៤ក្បាល ខណៈឆ្នាំ ២០១២ មានរហូតដល់ ២១៦ ក្បាល។ នេះជាបញ្ជាក់ពី លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។

លោក នេត្រ ភក្ត្រា បានបន្តថា ,យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវដែលធ្វើឡើងដោយក្រសួងបរិស្ថាននិងអង្គការ WCS បានបង្ហាញថា ចំនួនសត្វខ្សឹបនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានថយចុះប្រមាណ ៥៥% ចាប់តាំងពីឆ្នាំ ២០១២មក។ ក្រុមអ្នកអភិរក្សបានប៉ាន់ស្មានថា ចំនួនសត្វខ្សឹបឈ្មោលក្នុងឆ្នាំ ២០១៨ បានថយចុះមកនៅត្រឹមតែ ១០៤ក្បាលប៉ុណ្ណោះ បើធៀបទៅនឹងឆ្នាំ ២០១២ គឺមានរហូតដល់ ២១៦ ក្បាល។ ការស្រាវជ្រាវនេះ បានរកឃើញថា តំបន់ដែលសត្វខ្សឹបឈ្មោលរស់នៅបានថយចុះមកនៅត្រឹមតែ ៤ តំបន់ប៉ុណ្ណោះ បើធៀបទៅនឹងឆ្នាំ ២០១២ គឺមានរហូតដល់ចំនួន ១០តំបន់។

លោកថ្លែងថា, សត្វខ្សឹបជាប្រភេទសត្វតំបន់វាលស្មៅ មានដើមកំណើតនៅឧបទ្វីបឥណ្ឌា ប្រទេសកម្ពុជា និងក៏ធ្លាប់មាននៅវៀតណាមផងដែរ។ វាត្រូវបានចុះបញ្ជីជាប្រភេទបក្សីជិតផុតពូជបំផុតនៅលើពិភពលោក នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយវាត្រូវបានប៉ាន់ប្រមាណថាមានចំនួនតិចជាង ៥០០ក្បាលនៅលើពិភពលោក។

ប្រទេសកម្ពុជាបានក្លាយជាទីជម្រកសម្រាប់វត្តមាននៃអនុប្រភេទ Houbaropsis bengalensis blandini ដែលនៅសេសសល់ នៅលើពិភពលោក។ ចំនួនសត្វខ្សឹបនៅកម្ពុជាបានថយចុះយ៉ាងគំហុកក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបច្ចុប្បន្ន សត្វខ្សឹបមានវត្តមានភាគច្រើននៅក្នុងខេត្តកំពង់ធំ មានតិចតួចនៅក្នុងខេត្តសៀមរាប និងមានតិចតួចបំផុតនៅខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។ សត្វខ្សឹបរស់នៅតាមតំបន់វាលស្មៅធម្មជាតិដែលមានលាយឡំជាមួយហ្នឹងគុម្ពោតព្រៃដុះរាយប៉ាយ។

លោក នេត្រ ភក្ត្រា បានលើកឡើងថា, ដើម្បីការពារនិងអភិរក្សប្រភេទសត្វដ៏កម្រនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតតំបន់អភិរក្សសត្វខ្សឹបនៅជុំវិញបឹងទន្លេសាប ដែលបច្ចុប្បន្ននេះត្រូវបានកំណត់ឈ្មោះថា «តំបន់ការពារទេសភាពទំនាប់ខាងជើងទន្លេសាប» គ្រប់ដណ្តប់លើផ្ទៃដីទំហំ ៣១.១៥៩ហិកតា ក្រោមអនុក្រឹត្យលេខ ៨៨. អនក្រ.បក លាតសន្ធឹងឆ្លងកាត់ខេត្តកំពង់ធំនិងសៀមរាប។ ក្រសួងបរិស្ថានដោយសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ WCS និងម្ចាស់ជំនួយនានា ដើម្បីអភិរក្សតំបន់នេះ និងការពារសត្វខ្សឹប ព្រមទាំងប្រភេទសត្វស្លាបកម្រៗដទៃទៀតដូចជា ចាបព្រៃវែង ជាដើម។ សកម្មភាពអភិរក្សសំខាន់ៗរួមមាន ការគាំទ្រដល់ការអនុវត្តច្បាប់ ការគ្រប់គ្រងតំបន់វាលស្មៅដោយមានការចូលរួមពីសហគមន៍ ការផ្សព្វផ្សាយបង្កើនការយល់ដឹងដល់សហគមន៍ ការការពារសម្បុកសត្វខ្សឹប ការលើកកម្ពស់គម្រោងស្រូវបែបនិរន្តរភាព ដែលជាយន្តការមួយគាំទ្រដល់និរន្តរភាពកសិកម្ម សម្រាប់ការអភិរក្សសត្វខ្សឹប និងការបង្កើតតំបន់ការពារធម្មជាតិថ្មីមួយនៅក្នុងខេត្តពោធិ៍សាត់។

យោងតាមប្រកាសលេខ ០២០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សត្វខ្សឹបត្រូវបានធ្វើចំណាត់ថ្នាក់ជាប្រភេទសត្វ«ក្រម»។ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៥៦ និង ៦១ ស្តីពីបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ជនទាំងឡាយណាដែលចាប់ ដាក់អន្ទាក់ ប្រមាញ់ ធ្វើឱ្យរបួស បំពុល សម្លាប់ យកចេញ ប្រមូលពងកូន និងសត្វព្រៃ ដែលជាប្រភេទងាយរងគ្រោះ ប្រភេទកម្រ ឬប្រភេទជិតផុតពូជបំផុត នឹងត្រូវទទួលទោសទណ្ឌជាប់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ១៥ លានរៀល ដល់ ១៥០ លានរៀល៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print