ភ្នំពេញ ៖ បើយោងតាមប្រភពពី ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានអោយដឹងថា, នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២នេះ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឱ្យលោក LE VAN PHUONG ប្រធានស្ថានតំណាងក្រសួងនគរបាល អមស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងឧទ្ទេសនាមលោក NGUYEN VAN CUONG អនុប្រធានទទួលកិច្ចការតម្រួត ព្រមទាំងរាយការណ៍អំពីលទ្ធផលកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងនគរបាលវៀតណាម នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក LE VAN PHUONG ប្រធានស្ថានតំណាងក្រសួងនគរបាល អមស្ថានទូតវៀតណាម ប្រចាំកម្ពុជា និងលោក NGUYEN VAN CUONG អនុប្រធានទទួលកិច្ចការតម្រួត បានរាយការណ៍ជូន លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តការរវាងនគរបាលជាតិកម្ពុជា និងនគរបាលវៀតណាម ដែលសម្រេចបានក្នុងឆ្នាំ២០២២ និងទិសដៅអនុវត្តន៍បន្តនាពេលខាងមុខ។ ក្នុងជំនួបនេះ ភាគីតំណាងក្រសួងនគរបាលវៀតណាម ក៏បានស្នើសុំអនុសាសន៍ចង្អុលដឹកនាំបំពេញបន្ថែមពី លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេសបង្កើនការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ជារួមនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។
ជាការឆ្លើយតប លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងនូវការកោតសរសើរ និងគាំទ្រដល់លទ្ធផលនៃកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីរសម្រេចបានក្នុងឆ្នាំ២០២២នេះ។ ជាអនុសាសន៍ដឹកនាំបន្ថែម លើលទ្ធផលដ៏ល្អដែលមានស្រាប់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានចង្អុលដឹកនាំឱ្យនាយកដ្ឋាន-អង្គភាពជំនាញ នៃភាគីទាំងពីរបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិក្នុងការផ្លាស់ប្តូរព័ត៌មានទាន់ហេតុការណ៍ និងបទពិសោធន៍ ព្រមទាំងពង្រឹងការសម្របសម្រួលរួមសហការដោះស្រាយប្រយុទ្ធប្រឆាំងបទល្មើសឱ្យបានទាន់ពេលវេលា ចំគោលដៅ និងមានប្រសិទ្ធភាព និយាយជារួមសហការដោះស្រាយកុំឱ្យបទល្មើសមានការរីករាលដាល។
ក្នុងជំនួបនេះដែរ ភាគីទាំងពីរកម្ពុជា-វៀតណាម ក៏បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើរបន្ថែមទៀត រវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ ក្នុងការបង្ការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ៕
ដោយ៖សហការី