ភ្នំពេញ : នៅវេលាម៉ោង១០យប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ កុមារ អាយុ ៦០ថ្ងៃបានស្លាប់ហើយ ! ករណីរថយន្តទំនើបបុកម៉ូតូ បណ្តាលអោយមនុស្ស ៣នាក់រងរបួសធ្ងន់ ហើយសមត្ថកិច្ចដោះលែងជនបង្ក ស្ទើរដើរតួនាទីជាតុលាការ បន្ទាប់ពីបានសងសំណងរដ្ឋប្បវេណី ចំនួន ២៥០០ដុល្លារនោះ ។
ម្តាយ សពកុមារបានប្រាប់អ្នកសារព័ត៌មានថា, នឹងយកសពកូនពីមន្ទីរពេទ្យគន្ធបុប្ផា ទៅធ្វើបុណ្យតាមប្រពៃណី នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នេះ។
សូមរម្លឹកថា, ពេលសមត្ថកិច្ចដោះលែងអ្នកបើកបរបង្កហេតុ ក្នុងរឿងនេះមានការរិះគន់ជាច្រើនបានលើកឡើងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើន ដូចជាគណនី facebook ឈ្មោះថា,( Vanilla វ៉ាន់នីឡា) បានសរសេរថា, មានមិត្តភក្តប្រាប់មិនអោយខ្ញុំរវល់ទេ ខ្លាចបាត់ប្រជាប្រិយភាព ខ្ញុំអត់ខ្វល់ទេ ខ្ញុំមិនអាចធ្មេចភ្នែកឃើញរឿងដ៏សោកសៅនឹងអយុត្តិធម៌បែបនេះបាន .
សូមបងប្អូនទាំងអស់គ្នាជួយ share ចំពោះករណីនេះ
-ស្រវឹងហើយបើកបរ គឺខុសច្បាប់មួយតង់ហើយ
-ទីពីរ បើកលើសល្បឿន
-ទីបី បើករត់
-ទីបួន កោងកាងដាក់អ្នកកាស្សែតចង់វៃគេ
-ទីប្រាំ សងជំងឺចិត្ត 2500$ បញ្ចប់រឿង
សួរវិញថា ចុះជីវិតក្មេង ? សូមប៉ូលីសជួយបកស្រាយ
សូមសំណូមពរដល់ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក្រសួងយុត្តិធម៌ Ministry of Justice មេត្តាជួយអន្តរាគមន៍នឹងរកយុត្តិធម៌ជូនជនរងគ្រោះ ជាពិសេសទារកដែលមិនដឹងថាអាចនឹងមានជីវិតរឺអត់ 🙏🏻😭😭។
ភ្លាមៗនោះ លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះផេកផ្លូវការយ៉ាងខ្លី តែមានន័យបំផុតថា, ( អាជ្ញាធរគួរឆ្លើយអោយបានរហ័សផង !) ។
សូមបញ្ជាក់ថា, ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ លោកមេធាវី គី តិច បានបញ្ជាក់ប្រាប់សារព័ត៌មាន នៅយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ថា លោកបានចាត់តាំងមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ចំនួន៤រូប ដើម្បីការពារក្តីតាមផ្លូវច្បាប់ដល់ស្ត្រីរងគ្រោះ និងទារក ដែលត្រូវរថយន្តបុកបង្ករគ្រោះថ្នាក់ធ្ងន់ធ្ងរ។
សូមជម្រាបថា, ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០២ និង១០នាទី ត្រង់ចំណុចមុខបង្គោលភ្លើងទី៤ ខាងកើត លើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-9989 បានធ្វើ ដំណើរតាមបណ្តោយស្ពានជ្រោយចង្វារចាស់ ទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើ បានបុក ពីក្រោយម៉ូតូមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នាម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1B-9978 បន្ទាប់មករថយន្តបេីករត់គេចពីកន្លែងកេីតទៅដល់ផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ទេីបសមត្ថកិច្ចខណ្ឌជ្រោយចង្វារឃាត់បានទាំងរថយន្ត និងអ្នកបេីកបរយកមកការិយាល័យចរាចរណ៍ផ្លូវគោក ។
សមត្ថកិច្ចបញ្ជាក់ថា, ភាគីរថយន្តម៉ាក ជាជនបង្ក ៖ LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-9989 បើកបរដោយឈ្មោះ សោម ណូរីទីឃា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅផ្ទះលេខ៥៣ ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ឃាត់ខ្លួនកាលពីថ្ងៃ០៥ ខែធ្នូ ឆ្នាំ២០២២)។ ដោយឡែក ភាគីម៉ូតូម៉ាក ជាជនរងគ្រោះ ៖ HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1B-9978 បើកបរដោយឈ្មោះ ហុង រត្នថា ហៅស្វិត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររើសអេតចាយ (រងរបួស ធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ) រួមដំណើរជាមួយ មានគ្នា០២នាក់ទី១-ឈ្មោះ មុច សុខឡេង ភេទប្រុស អាយុ៦០ថ្ងៃ (រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា) និងទី២-ឈ្មោះ មុច ស្រីល័ក្ខ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ រើសអេតចាយ (រងរបួសធ្ងន់សម្រាកព្យាបាលនៅគ្លីនិកពន្លឺ) អ្នកទាំងបីស្នាក់នៅផ្ទះជួលលេខ២២៥ ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ចំងល់របស់មជ្ឈដ្ឋាន ទូទៅរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ ចង់ដឹងថា, តើការកសាងសំណុំរឿងនេះ បញ្ជូនខ្លួនជនសង្ស័យទៅតុលាការដែរ ឬមួយបញ្ជូន តែសំណុំរឿង ហើយជនសង្ស័យដោះលែងទៅហើយ ? ពីព្រោះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បកស្រាយមិនលម្អិតក្នុងករណីនេះ ហើយមានការ Comments ចូលផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យ៉ាងច្រើន នូវចំងល់នេះ និងអាណិតអាសូរដល់ ជនរងគ្រោះ ។ ករណីនេះបាន លោកមេធាវី គី តិច ចាត់តាំងមេធាវីសម្តេចតេជោ ហ៊ុន សែន ចំនួន៤រូប ចុះការពារក្តីស្ត្រីរងគ្រោះ និងទារក តាមផ្លូវច្បាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បង្ករបួសធ្ងន់ ៣នាក់ គឺទទួលបានការគាំទ្រ យ៉ាងខ្លាំង ចំពោះ លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ យកចិត្តជួយប្រជាពលរដ្ឋ ក្រីក្រ ទាន់ពេលវេលា ។ ប៉ុន្តែជាអកុសល កុមាររងគ្រោះបានស្លាប់ទៅហើយ បន្ទាប់ពីយកទៅសង្គ្រោះបន្ទាន់បាន ៤ថ្ងៃ។
អ្នកខ្លះលើកឡើងថា, មាត្រា85 នៃច្បាប់ចរាចរណ៍ផ្លូវគោក ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលអោយអ្នកដ៍ទៃរងគ្រោះ ក្នុងករណី ៖
1-បើកបរក្នុងស្ថានភាពស្រវឹង
2-បើកបរបណ្តាលអោយមានមនុស្សស្លាប់
3-បើកបរដោយគ្មានប័ណ្ណបើកបរ
4-រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងបំណងមិនទទួលខុសត្រូវ
អំពើល្មើសខាងលើ ជាប់ទោសពី 2ឆ្នាំ ទៅ5ឆ្នាំ ពិន័យជាប្រាក់ ពី 10លាន ទៅ 25លាន និងអាចត្រូវផ្តន្ទាទោសបន្ថែមមួយរឺច្រើនថែមទៀត ក្នុងមាត្រា53 នៃក្រមព្រហ្មទណ្ឌ ។
ទីបំផុត ! គ្រួសារក្រីក្រដ៏អភ័ព្វ មុខរបររើសអេតចាយ មិនទាន់ទទួលបានយុត្តិធម៌ផង កូនអាយុ ៦០ថ្ងៃបានស្លាប់ ហើយជនបង្កត្រូវបានសមត្ថកិច្ចដោះលែង ឯណាទៅពាក្យថាយុត្តិធម៌ គុណធម៌ សីលធម៌ ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់? គេសង្ឃឹមថារឿងនេះ ! នឹងមានការយកចិត្តទុកដាក់ពីស្ថាប័នតុលាការ ពីថ្នាក់ដឹកនាំខាងលើ ដើម្បីលុបបំបាត់និទណ្ឌភាព នៃការមិនគោរពច្បាប់ ហើយមានការដោះលែងមនុស្សក្រៅប្រព័ន្ធតុលាការ បង្កើតអោយមានអំពើ អយុត្តិធម៌ក្នុងសង្គម ៕
ដោយ : សិលា