ភ្នំពេញ÷បើទោះបីជាស្ថិតនៅក្នុងវិបត្តិសសកលនៃជំងឺកូវីដ១៩និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែនយ៉ាងណាក៏ដោយក៏សេដ្ឋកិច្ចកម្ពុជានៅបន្តរីកទៅមុខដោយសន្សឹមៗ។ ជាក់ស្ដែងទំហំពាណិជ្ជកម្មនៃការនាំចេញ-នាំចូលរបស់កម្ពុជាទៅបណ្ដាប្រទេសនានាលើពិភពលោកនៅតែបន្តកើនឡើង។ ដូច្នេះប្រាកដណាស់ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានិងបន្តបោះជំហានទៅមុខ។
ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា-ចក្រភពអង់គ្លេស ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២២ សម្រេចបានប្រមាណ ៨៣៧.៦៦ លានដុល្លារអាមេរិក ជាមួយនឹងកំណើនប្រមាណជិត ៧% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ តួលេខនេះបង្ហាញឲ្យឃើញថាសេដ្ឋកិច្ចកម្ពុជាធ្វើដំណើរឆ្ពោះទៅមុខយ៉ាងម៉ឺនម៉ាតដោយភាពប្រាកដប្រជា។ នេះបើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មកម្ពុជា។
ទំនិញកម្ពុជា នាំចេញទៅចក្រភពអង់គ្លេស មានដូចជា៖ សម្លៀកបំពាក់,ស្បែកជើង,កាបូប,កង់,ផលិតផលកសិកម្ម និងផលិតផលអង់គ្លេសនាំមកកម្ពុជា មានដូចជា រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី គ្រឿងអេឡិចត្រូនិកជាដើម។ ផលិតផលទាំងនេះនៅតែត្រូវបានបន្តនាំចេញទៅកាន់ចក្រភពអង់គ្លេសរៀងរាល់ខែទៅតាមតម្រូវការទីផ្សារ។
សូមរំលឹកថា ទំហំទឹកប្រាក់ពាណិជ្ជកម្មទ្វេភាគីកម្ពុជា ចក្រភពអង់គ្លេសកាលពីឆ្នាំ២០២១ មានចំនួនជាង ៧៨៨,៦៥ លានដុល្លារ ធ្លាក់ចុះ -១០,៦% ធៀបឆ្នាំ២០២០ ដោយការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ ៧៣១,៨៤លានដុល្លារ ធ្លាក់ -១១,៩% និងទំនិញនាំពីអង់គ្លេសមានទឹកប្រាក់ ៥៦,៨១លានដុល្លារ កើនឡើង ១០,២%។
សូមបញ្ជាក់ថា ប្រទេសទាំងពីរ គ្រោងនឹងប្រារព្ធខួបអនុស្សាវរីយ៍ទំនាក់ទំនងការទូតរយៈពេល៧០ឆ្នាំ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ៕