ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានខកចិត្តចំពោះការអត្ថាធិប្បាយចុងក្រោយរបស់អតីត អធិការបតីអាល្លឺមង់ លោកស្រី Merkel លើអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថា ទីក្រុងមូស្គូគួរតែចាប់ផ្តើមប្រតិបត្តិការយោធាពិសេសលើអ៊ុយក្រែនឆាប់ជាងនេះ។
កាលពីថ្ងៃទី៩ ខែធ្នូ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយទីក្រុងមូស្គូថា ការអត្ថាធិប្បាយថ្មីៗរបស់អតីតអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel លើកិច្ចព្រមព្រៀងទីក្រុង Minsk បានបង្ហាញថា ទីក្រុងមូស្គូមានសិទ្ធិក្នុងការបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ។
ជាក់ស្តែងកាលពីថ្ងៃទី៧ ខែធ្នូ លោកស្រី Merkel បាននិយាយថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុង Minsk ក្នុងឆ្នាំ២០១៤និង ២០១៥ ស្តីពីបទឈប់បាញ់នៅអ៊ុយក្រែន គឺជាប្រការមួយដើម្បីផ្តល់ពេលវេលាបន្ថែមដល់ទីក្រុង Kiev ដើម្បីកសាងកងទ័ពរបស់ខ្លួន។
យោងតាមសារព័ត៌មាន RT លោក Putin មានការខកចិត្តយ៉ាងខ្លាំងចំពោះការអត្ថាធិប្បាយរបស់លោកស្រី Merkel ។ លោកបាននិយាយថា ទោះបីជាលោកដឹងថាអាល្លឺម៉ង់តែងតែគាំទ្រអ៊ុយក្រែនក៏ដោយ ក៏លោកតែងតែជឿជាក់ថា ថ្នាក់ដឹកនាំអាល្លឺម៉ង់មានចិត្តស្មោះស្ម័គ្រជាមួយទីក្រុងមូស្គូ ក្នុងគោលបំណងស្វែងរកដំណោះស្រាយដោយសន្តិវិធី ដោយផ្អែកលើគោលការណ៍ដែលបានព្រមព្រៀងដោយភាគីក្នុងកិច្ចព្រមព្រៀងអំណោយផល។
លោកបានសង្កត់ធ្ងន់ទៀតថា “ការទុកចិត្តគឺស្ទើរតែសូន្យហើយ បន្ទាប់ពីមានសេចក្តីថ្លែងការណ៍បែបនេះ តើយើងសង្ឃឹមយ៉ាងណាក្នុងការចរចា? អ្វីដែលត្រូវចរចា ហើយមិនថាកិច្ចព្រមព្រៀងអ្វីដែលរុស្ស៊ីធ្វើជាមួយនរណាទេ តើការធានានេះអាចសម្រេចបានដោយរបៀបណា? លោកក៏បាននិយាយដែរថា រុស្ស៊ីគួរតែធ្វើប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែនតាំងពីយូរមកហើយ។
បន្ថែមពីលើនេះ លោក ពូទីន បានរំលឹកឡើងវិញថា អតីតប្រធានាធិបតីអ៊ុយក្រែន លោក Pyotr Poroshenko ក៏ថ្មីៗនេះបានសារភាពថា លោកមិនមានបំណងគោរពតាមលក្ខខណ្ឌដែលលោកបានចុះហត្ថលេខាក្នុងកិច្ចព្រមព្រៀងទីក្រុង Minsk ក្នុងឆ្នាំ២០១៤ និង២០១៥ នោះទេ។
លោកបានសង្កត់ធ្ងន់ថា ភាគីនៃកិច្ចព្រមព្រៀងមានភាពមិនស្មោះត្រង់ដោយនិយាយថា ពួកគេកំពុងបញ្ឆោតទីក្រុងមូស្គូឱ្យជួយក្រុងកៀវបូមអាវុធ និងជួយអ៊ុយក្រែនរៀបចំសម្រាប់ជម្លោះយោធាជាមួយរុស្ស៊ី៕ ដោយធីរីណា
រូបថត : Tass