ក្រុម ជម្រើស ជាតិ ប្រេស៊ីល បាន ធ្លាក់ ចេញ ពី World Cup ដោយ បាល់ ប៉េណាល់ទី ខណៈ ក្រូអាត រក្សា ជ័យជម្នះបន្តទៀតនាំក្រុមនេះ ឈាន ទៅ វគ្គ ពាក់ កណ្តាល ផ្តាច់ ព្រ័ត្រ។ ក្រូអាតដែលចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពី៤ឆ្នាំមុន បានស៊ុតបាល់បញ្ចូលទីដោយការទាត់បាល់ទាំងបួនគ្រាប់របស់ពួកគេ ខណៈដែល Rodrygo ដែលទាត់បាល់ដំបូងរបស់ក្រុមគាត់ត្រូវបានអ្នកចាំទីក្រូអាតចាប់បាន និងមួយគ្រាប់ទៀតរបស់ Marquinhos បុកបង្គោលទីមិនចូល ។
នៅពេលដែលបាល់បានបុកបង្គោលទី ហើយលោតចេញក្រៅ ក្រុមរបស់ក្រូអាតបានរត់ដើម្បីអបអរជាមួយអ្នកចាំទីរបស់ពួកគេខណៈដែលកីឡាករប្រេស៊ីលបង្ហាញក្តីសោកសៅលើវាលស្មៅ ដោយដឹងថា សុបិនរបស់ពួកគេនៃការគ្រងជើងឯកលើកទី៦បានដល់ទីបញ្ចប់។ បន្ទាប់ពីបញ្ចប់៩០នាទី ក្រុមរបស់លោក Tite គិតថាពួកគេបានឈ្នះក្រូអាតនៅក្នុងម៉ោងបន្ថែម នៅពេលដែលNeymar រកគ្រាប់បាល់នាំមុខ១គ្រាប់នៅនាទីទី១០៥+១។ ប៉ុន្តែកីឡាករបម្រុង Bruno Petkovic របស់ក្រូអាតបានវាយបកតាមស្មើនៅនាទីទី១១៧ជាមួយនឹងការស៊ុតបាល់បញ្ចូលទីគ្រាប់ដំបូងឲ្យក្រូអាតក្នុងការប្រកួត ដើម្បីនាំការប្រកួតទៅកាន់ការស៊ុតបាល់បញ្ចូលទីដ៏ភ្ញាក់ផ្អើល។
ក្រូអាតគឺជាក្រុមអឺរ៉ុបដែលបានឈ្នះម្តងទៀតដោយបានឈ្នះបាល់ប៉េណាល់ទីដូចគ្នាជាមួយជប៉ុនក្នុងវគ្គ១៦ក្រុមចុងក្រោយ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជួបជាមួយអាហ្សង់ទីននៅថ្ងៃអង្គារខាងមុខ។ ចំណែកប្រេស៊ីលអស់ឱកាសឡើងទៅកាន់វគ្គបន្តទៀតហើយដោយធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ។
Neymar ដែលបានស៊ុតបញ្ចូលទីគ្រាប់បាល់អន្តរជាតិទី៧៧របស់គាត់ដើម្បីស្មើពិន្ទុផ្លូវការរបស់ Pele ហើយខ្សែប្រយុទ្ធ Paris St-Germain រូបនេះនឹងមិនទទួលបានឱកាសដើម្បីស្វែងរកគ្រាប់បាល់លើសកីឡាករជើងចាស់ក្នុងការប្រកួតនេះទេ ខណៈដែលប្រេស៊ីលបានរងទុក្ខវេទនាជាមួយប្រទេសអឺរ៉ុបម្តងទៀត។
ចាប់តាំងពីបានយកឈ្នះអាល្លឺម៉ង់ក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០០២ ប្រេស៊ីលត្រូវបានធ្លាក់ចេញពីការប្រកួតបាល់ទាត់ពិភពលោកចំនួន៥ដងជាប់ៗគ្នាដោយក្រុមមកពីទ្វីបអឺរ៉ុប។ ចំណែកជោគជ័យ នៃ ការ ស៊ុត បាល់ បញ្ចូល ទី ជា លើក ទី ២ សម្រាប់ ក្រូអាត បាន បញ្ជូនពួកគេ ទៅ កាន់ វគ្គ ពាក់កណ្តាល ផ្តាច់ព្រ័ត្រ World Cup ជា លើក ទី ៣ ។
ដោយឡែកក្តីសុបិននៃការប្រកួតបាល់ទាត់ពិភពលោករបស់ Lionel Messi នៅតែមានបន្ទាប់ពីអាហ្សង់ទីនបានទម្លាក់ហូឡង់ដោយការស៊ុតបាល់ប៉េណាល់ទីក្នុងវគ្គ៨ក្រុមកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែធ្នូនេះនៅឯកីឡដ្ឋាន Lusail ប្រទេសកាតា។
Messi ហាក់ដូចជាបានបំផុសគំនិតអាហ្សង់ទីនឱ្យឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកាតាឆ្នាំនេះ នៅពេលដែលមានការស៊ុតបញ្ចូលទីបើកឆាករបស់ Nahuel Molina នៅ១០នាទីមុនចប់តង់ទី១ និងការស៊ុតបាល់ប៉េណាល់ទីនៅនាទី៧៣បន្ទាប់ពីDenzel Dumfries បង្កកំហុសលើ Marcos Acuna ។
លោក Louis van Gaal នៅក្នុងការប្រកួតចុងក្រោយរបស់គាត់ក្នុងនាមជាគ្រូបង្វឹកសញ្ជាតិហូឡង់ បានដឹកនាំឈានដល់វគ្គ៨ក្រុមហើយបានដាក់កីឡាករបម្រុង Wout Weghorst និងរកបាន១គ្រាប់នៅនាទីទី៨៣ និងរកបាន១គ្រាប់ទៀតនៅនាទីទី៩០+១១បន្ទាប់ពីការទាត់បាល់ហ្វ្រីឃីកយ៉ាងស្វាហាប់ក្នុងម៉ោងបន្ថែម។
ការប្រកួតដែលមានកាតលឿងជាងដប់មួយបានឈានដល់ការស៊ុតបាល់ប៉េណាល់ទី អំឡុងពេលដែលអ្នកចាំទី Emi Martinez របស់អាហ្សង់ទីនបង្ហាញខ្លួនជាវីរបុរស ដោយបានសង្គ្រោះពីការស៊ុតប៉េណាល់ទីរបស់ Virgil van Dijk និង Steven Berghuis ។
Messi បានស៊ុតបាល់ប៉េណាល់ទីគ្រាប់ដំបូងនៃបាល់កាត់សេចក្តី ហើយកីឡាករ២រូបទៀតគឺ Paredes និង Motiel នាំមុខហុល្លង់៣គ្រាប់ ខណៈដែលកីឡាករហុល្លង់ស៊ុតចូល៣គ្រាប់។ កីឡាករអាហ្សង់ទីន Fernandes ស៊ុតប៉េណាល់ទីមិនចូល ប៉ុន្តែគ្រាប់ទី៤របស់អាហ្សង់ទីនគឺកីឡាករ Lautaro Matines បានជួយឲ្យអាហ្សង់ទីនឈ្នះហុល្លង់ដោយបាល់កាត់សេចក្តី៤ទល់៣។
ភាពសប្បាយរីករាយនៅក្នុងទីលានដ៏ធំនៅកីឡដ្ឋាន Lusail និងក្នុងចំណោមកីឡាកររបស់អាហ្សង់ទីនបានធ្វើឱ្យមានភាពសប្បាយរីករាយបន្ថែមទៀត ដោយសារតែពួកគេដឹងថាពួកគេឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup នៅកាតាឆ្នាំនេះ។
នេះជារឿងដ៏ប្រកៀកប្រកិតសម្រាប់អាហ្សង់ទីន ប៉ុន្តែពេលនេះពួកគេនៅសល់តែ១ប្រកួតទៀតប៉ុណ្ណោះក្នុងការឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup 2022 ក្នុងការបង្ហាញខ្លួន១៨ដងតាំងពីឆ្នាំ១៩៣០ ហើយពេលនេះគឺជាជោគជ័យធំមួយដែលបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចាប់តាំងពីឆ្នាំ២០១៤ ដែលក្រុមនេះធ្លាប់ជាជើងឯករងកាលពីប្រេស៊ីលធ្វើម្ចាស់ផ្ទះ ៕ (រូបភាព ៖ BBC Sport)