ខេត្តព្រះសីហនុ : សុន្ទរកថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង ពិធីបើកមហាសន្និបាតលើកទី ១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នាថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២២, នៅសណ្ឋាគារឆ្នេរសុខា, ខេត្តព្រះសីហនុ
– ឯកឧត្តម មីឆែល ប៊ូសូល (Michel Bujold) ប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើ សកលលោក,
ឯកឧត្តម ប៊ូណូ បូដាដ (Bruno Bodard) សហស្ថាបនិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក,
ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍,
– ឯកឧត្តម, លោកជំទាវលោក, លោកស្រី, ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីបើក មហាសន្និបាតលើកទី ១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម» ដ៏មានសារៈសំខាន់ ។
ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់, ខ្ញុំសូមសម្ដែង ការស្វាគមន៍ប្រកបដោយភាពកក់ក្តៅជូនចំពោះ ឯកឧត្តម មីឆែល ប៊ូសូល (Michel Bujold) និង គណៈប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកទាំងអស់ ដែលបានអញ្ជើញចូលរួម ដោយផ្ទាល់ក្នុងព្រឹត្តិការណ៍នេះ ។ ការរៀបចំមហាសន្និបាតនាពេលនេះ គឺជាការបំពេញតាមការ- សន្យារវាងខ្ញុំ និង ឯកឧត្តម ប៊ូណូ បូដាដ (Bruno Bodard) សហស្ថាបនិកក្លឹប នាឱកាសជំនួប រវាងយើងទាំងពីរ កាលពីឆ្នាំ ២០១៨ ហើយដែលខ្ញុំនៅចាំបានថាប្រើអស់រយៈពេលជាង ៣ ម៉ោង ។
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ក្នុងរយៈពេលជិត ៣ ឆ្នាំកន្លងទៅ, យើងមានសេចក្តីរីករាយយ៉ាងក្រៃលែង ដែលពិភពលោក ទាំងមូលខិតខំប្រឹងប្រែង និង រួមគ្នាជាធ្លុងមួយ ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ចំពោះ ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រោមស្មារតីយោគយល់ និង ចេះជួយគ្នាទៅវិញទៅមក ជាពិសេស បានយកជ័យជម្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ រហូតបានឈានទៅដល់ការបើកប្រទេស និង ចាប់ផ្តើមស្ដារសេដ្ឋកិច្ចរៀងៗខ្លួនឡើងវិញ ។
ដើម្បីជំរុញការស្ដា និង លើកស្ទួយវិស័យទេសចរណ៍, រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យ ប្រើប្រាស់នូវ ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និង លើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និង ក្រោយវិបត្តិជំងឺកូវីដ-១៩ កាលពីថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២១ ដោយក្នុងនោះ ទេសចរណ៍ឆ្នេរ គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង ៤ រួមមាន ទេសចរណ៍វប្បធម៌, ទេសចរណ៍ឆ្នេរ, អេកូទេសចរណ៍ និង ភាពជាខ្មែរ ។ ឈរលើមូលដ្ឋានទាំងអស់នេះ, យើងរំពឹងថាអាចទទួលបាន ភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១១ លាននាក់ ក្នុងឆ្នាំ ២០២៣ តាមផែនការដែលបានដាក់ចេញ និង ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧ លាននាក់ រហូតដល់ឆ្នាំ ២០២៦ ឬឆ្នាំ ២០២៧ ។
ដោយឡែក, ដូចបានគូសបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្តី ក្រសួងទេសចរណ៍, ឆ្នេរសមុទ្រកម្ពុជា ត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិក្លឹបឆ្នេរសមុទ្រដែល ស្អាតបំផុតលើសកលលោកក្នុងអង្គមហាសន្និបាតលើកទី ៧ របស់ក្លឹបកាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១១ នៅទីក្រុងតូបាកូតា (Toubacouta) ប្រទេសសេណេហ្កាល់ (Senegal) ក្រោម ឈ្មោះរួមតែមួយគឺ «ឆ្នេរសមុទ្រកម្ពុជា (Cambodia Bay)» ហើយត្រូវបានប្រសិទ្ធនាម «ឆ្នេរសមុទ កម្ពុជា៖ តារារះនាទិសនិរតី» ។
ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណដល់ក្រុមប្រឹក្សាភិបាល និង សមាជិកក្លឹបទាំងអស់ ដែលបានគាំទ្រឆ្នេរសមុទ្រកម្ពុជា និង បានយល់ព្រមដាក់បញ្ចូលឆ្នេរសមុទ្រកម្ពុជាទាំងមូលជា សមាជិក និង បានបន្តគាំទ្រការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាតាមរបៀបកម្ពុជា ពិសេសបាន បោះឆ្នោតគាំទ្រកម្ពុជា កាន់តំណែងជាអនុប្រធានក្លឹបទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ២ អាណត្តិ ជាប់គ្នា និង បន្តជាអគ្គនាយករងក្លឹប រហូតមកដល់បច្ចុប្បន្ន ។
ដើម្បីអបអរសាទរនៃការចូលជាសមាជិកក្លឹបនេះ, រាជរដ្ឋាភិបាលបានសម្រេចឱ្យមានការ- រៀបចំពិធីបុណ្យសមុទ្រ ដោយឈរលើគោលការណ៍នៃការឆ្លាស់វេនគ្នា នៅខេត្តតំបន់ឆ្នេរទាំង ៤ ដែលយើងនឹងប្រារព្ធពិធីបើកផ្លូវការនាល្ងាចនេះ និង បានបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយមានរដ្ឋមន្ត្រីដល់ទៅ ៣ ជាប្រធាន និង អនុប្រធាន រួមជាមួយ អភិបាលខេត្តតំបន់ឆ្នេរទាំង ៤ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាសមាជិក ដែលជាយន្តការស្ថាប័ន ដ៏សំខាន់សម្រាប់ជាការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយនិរន្តរភាព និង ការទទួល ខុសត្រូវ ។
ក្នុងន័យនេះ, ការចូលជាសមាជិកក្លឹបនេះ ពិតជាបានស្ដែងឱ្យឃើញពីរបត់ថ្មីនៃការប្រែប្រួល មុខមាត់ជាបន្តបន្ទាប់របស់តំបន់សមុទ្រកម្ពុជា ទាំងលើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, ទេសចរណ៍, នគរូបនីយកម្ម និង បរិស្ថាន ដែលជាកត្តាកំណត់លើការទទួលស្គាល់ជាអន្តរជាតិនៃឆ្នេរសមុទ កម្ពុជា ។ កិច្ចការនេះ បានធ្វើឱ្យតំបន់ឆ្នេរកម្ពុជាអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិ- យោគសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និង ត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍ធម្មជាតិ
ដ៏មានភាពទាក់ទាញ និង ប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅកម្ពុជា និង ក្នុងតំបន់ ព្រមទាំង ជាគោលដៅទេសចរណ៍ដ៏ធំ បន្ទាប់ពីតំបន់បេតិកភណ្ឌវប្បធម៌-ប្រវត្តិសាស្ត្រសៀមរាប-អង្គរ និង រាជធានីភ្នំពេញ។
ឈរលើកត្តាអំណោផលទាំងអស់នេះ និង ក្រោមចក្ខុវិស័យហ្មត់ចត់, វែងឆ្ងាយ, ទូលំទូលាយ និង គ្រប់ជ្រុងជ្រោយ, កម្ពុជាបានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ដែលត្រូវបាន ចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី ២ របស់ប្រទេស, ជាពិសេសខេត្តព្រះសីហនុ, ដែលត្រូវបានរាជរដ្ឋាភិ- បាលកំណត់គោលដៅអភិវឌ្ឍ «ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង» ។ ជាក់ស្តែង, រាជរដ្ឋាភិបាល បានសម្រេចកសាងបណ្តាញផ្លូវ ៣៧ខ្សែ និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជាអាងប្រព្រឹត្តកម្ម ទឹកកខ្វក់ និង ការអភិវឌ្ឍឆ្នេរខ្សាច់កម្សាន្តសាធារណៈ ដែលចំណាយថវិការបស់ជាតិសរុបប្រមាណ ជាង ៣០០ លានដុល្លារអាមេរិក និង ដែលបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវកាលពីខែ ធ្នូ ឆ្នាំ ២០២១ ។
ឯកឧត្តម, លោកជំទាវលោក, លោកស្រី!
ប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម» នៃមហាសន្និបាតនេះ គឺសមស្របនាពេល បច្ចុប្បន្ន ដែលពិភពលោកទាំងមូលបាននិងកំពុងប្រឈមនឹងវិបត្តិសកលជាច្រើន បន្ថែមពីលើវិបត្តិ ជំងឺកូវី-១៩, វិបត្តិសង្គ្រាមអ៊ុយក្រែន រួមជាមួយវិបត្តិសាកលលោកផ្សេងៗទៀត ដែលបានជះឥទ្ធិពល យ៉ាងខ្លាំងដល់ពិភពលោក ទាំងលើផ្នែកសេដ្ឋកិច្ច, ការអភិវឌ្ឍសង្គម និង សណ្តាប់ធ្នាប់ពិភពលោក។
សូមអានខ្លឹមសារទាំងស្រុងពី សុន្ទរកថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង ពិធីបើកមហាសន្និបាតលើកទី ១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នាថ្ងៃទី ១០ ខែ ធ្នូ ដូចខាងក្រោម ៕
ដោយ : សិលា