ភ្នំពេញ ៖ ទីបំផុត ! រឿងអំពើពុករលួយ របស់ លោក អុិន ពៅសម្បត្តិ ប្រធានមន្ទីរ អប់រំយុវជននិងកីឡា ខេត្តត្បូងឃ្មុំ ត្រូវបាន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
លោក ហង់ជួន ណារ៉ុន បានចាត់មន្រ្តីមួយក្រុម ដើម្បីចុះធ្វើអធិការកិច្ចទាក់ទងនឹងករណី ដែលជាប់សង្ស័យប្រព្រឹត្តិអំពើពុករលួយ និងកិបកេងថវិកាជាតិ។
បើយោងតាមលិខិតឧទ្ទេសនាម របស់លោករដ្ឋមន្ត្រីក្រសួង អប់រំយុវជននិងកីឡា ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានអោយដឹងថា, មន្ត្រីអធិការកិច្ចមួយក្រុមមានគ្នា៦នាក់ ដឹកនាំដោយ លោកបណ្ឌិត ជ័យ សារិន អគ្គាធិការ នៃអគ្គាធិការដ្ឋាន នៃក្រសួងអប់រំយុវជន និងកីឡា អមដោយមន្ត្រី៥រូបផ្សេងទៀត។
មន្ត្រីទាំងនោះបានធ្វើបេសកកម្មចេញទៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ និងបានបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងបុគ្គលិក មន្ទីរអប់រំខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ។
លោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ត្រូវបានមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន រាប់ចាប់ពីអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុការិយាល័យ នាយកសាលា ដល់បុគ្គិលអប់រំ បានបញ្ចេញភស្តុតាង និងសំណុំឯកសារជាច្រើន ចោទប្រធានមន្ទីររូបនេះ ថាបានប្រព្រឹត្តអំពើពុករលួយ ក្លែងបន្លំឯកសារសាធារណៈ ដើម្បីកិបកេងថវិកាជាតិរាប់រយលានរៀល សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន។
សូមជម្រាបថា, មន្ត្រីនៅក្នុងមន្ទីរអប់រំ យុវជននិងកីឡា ខេត្តត្បូងឃ្មុំ បានធ្វើលិខិតមួយ សូមគោរពជូន លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គោរពស្នើសុំបញ្ចប់មុខតំណែងលោក អុិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ។ នេះបើយោងតាមឯកសារដែល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ម្សិលមុិញ។
មន្ត្រីទាំងអស់បានបញ្ជាក់ថា, សូមគោរពជម្រាបជូន ឯកលោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថាៈ ក្រោមការដឹកនាំរបស់ លោក អុិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រយៈពេលជាច្រើនឆ្នាំនេះ គឺគិតតែស្រវាវេច នូវផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគិតដល់ការ អភិវឌ្ឍន៍វិស័យអប់រំ យុវជន និងកីឡានោះទេ។ យើងខ្ញុំសូមលើកយកនូវចំណុចអវិជ្ជមានសំខាន់ៗមួយចំនួន រាយ ការណ៍ជូន លោករដ្ឋមន្ដ្រីដូចខាងក្រោម៖
1. ការអនុវត្តការងារតូចធំក្នុងមន្ទីរគ្មានតម្លាភាព និងគណនេយ្យភាពក្នុងអង្គភាព ធ្វើការសម្រេច និង ចាត់ចែងបុគ្គលិកក្រោមឱវាទ ដោយគ្មានគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា
2. គិតតែពីប្រមូលប្រយោជន៍ផ្ទាល់ខ្លួនជាច្រើនសន្ធឹកសន្ធាប់ ដោយមិនបានគិតពីការអភិវឌ្ឍន៍ និង កំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា
3. ការរៀបចំគ្រប់គណៈកម្មការវាយតម្លៃ និងលើកទឹកចិត្តផ្សេងៗ ក្នុងក្របខណ្ឌអប់រំ មិនអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួង និងចាត់ចែងយកតែក្រុម និងបក្សពួកខ្លួនដើម្បីងាយស្រួលកេងយកផលប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យបាត់បង់តម្លៃក្នុងរចនាសម្ព័ន្ធគ្រប់គ្រងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត
4. ខ្វះចំណាត់ការលើការដោះស្រាយបញ្ហាប្រឈមនានាក្នុងមន្ទីរពិសេសសាលារៀន ដែលនាំឱ្យមាន បញ្ហាស្មុគ្រស្មាញ និងបាត់បង់គណនេយ្យភាពក្នុងវិស័យអប់រំ យុវជន និងកីឡា
5. ឃប់ឃិតជាមួយការិយាល័យបុគ្គលិក និងបណ្តុះបណ្តាលក្នុងការផ្ទេរបុគ្គលិកអប់រំ ពីកន្លែងមួយទៅ កន្លែងមួយដោយមិនឆ្លងកាត់គណៈកម្មការរបស់មន្ទីរ និងបានប្រមូលយកថវិការាប់ពាន់ដុល្លារ ក្នុង ម្នាក់ៗ ធ្វើឱ្យមានការប៉ះពាល់ដល់គោលនយោបាយពង្រាយគ្រូរបស់ជាតិ
6. នាពេលថ្មីៗនេះ បានកើតឡើងនូវភាពមិនប្រក្រតីលើកការកិបកេងថវិកាជាតិលើ ៣ ករណី៖ ក.ការកាត់យកប្រាក់គ្រូកិច្ចសន្យាខែមករា ឆ្នាំ២០២១ ចំនួន ៩៥ នាក់ ក្នុងស្រុកមេមត់ ចំនួនថវិកាជិត ៩៧ លានរៀល ដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួន។ ក្រោយរឿងបែកធ្លាយក៏ប្រមូលលុយយកមកវិញឱ្យ ការិយាល័យគណនេយ្យធ្វើនីតិវិធីបង្វិលចូលរដ្ឋ។ មកទល់ពេលនេះ ថវិកាមិនទាន់បានបង្វិលនៅឡើយទេ។
ខ.ក្លែងបន្លំឯកសារគ្រូពីរពេលចំនួន ១៨នាក់ ដោយសាម៉ីខ្លួនពុំបានដឹងទាល់តែសោះនូវទឹកប្រាក់ ចំនួន ២០១ លានរៀល ក្រោយបែកការថាថវិកានេះ ក៏បង្កើតពាក្យដោះសារថា បង្កើនកូតាដើម្បីកុំ អោយក្រសួងកាត់ឆ្នាំក្រោយ។ តាមធម្មតាចំនួនកូតាប្រើប្រាស់ក្របខណ្ឌគួរតែរក្សាចំនួនឆ្នាំចាស់ ឬ ថយជាមុន ព្រោះមានគ្រូក្របខណ្ឌចេញថ្មីមកបំពេញចន្លោះខ្វះខាត និងដើម្បីសន្សំសំចៃថវិការដ្ឋ គ.ក្លែងបន្លំឯកសារប្រាក់តំបន់ និងគ្រូជាប់ការងារបោះឆ្នោត ជាច្រើនថែមទៀត ដើម្បីបង្វែរថវិកាដាក់ក្នុង ហោប៉ៅផ្ទាល់ខ្លួន ។
ករណ៏ទាំងបីខាងលើ នេះ លោក អុិន ពៅសម្បត្តិ មិនមែនជាអ្នកពាក់ព័ន្ធទេ តែជាមេក្លោងនៃរឿងនេះ តែម្ដង។ ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាអស់ទំនុកចិត្ត និងទទួលរងនូវភាពអាម៉ាស់លើការដឹកនាំរបស់លោកប្រធាន មន្ទីរ ជាមួយកិត្តិយសវិស័យអប់រំខេត្ត អាប់ឱន ដែលមិនអាចទៅអប់រំ ដឹកនាំការងារអប់រំ យុវជន និងកីឡាក្នុងមន្ទីរ ក៏ ដូចគ្នានឹងគ្រឹះស្ថានសិក្សាបានទៀតនោះទេ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ យើងខ្ញុំទាំងអស់គ្នា គោរពស្នើសុំយ៉ាងទទូច លោកបណ្ឌិត សភាចារ្យរដ្ឋមន្ត្រី សុំបញ្ចប់មុខតំណែង លោក អ៊ុន ពៅសម្បត្តិ ចេញពីប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ។
ពាក់ព័ន្ធករណីនេះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់សារព័ត៌មាន ក្នុងស្រុក នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះយ៉ាងខ្លីថា ក្រសួងកំពុងស្រាវជ្រាវករណីនេះ ដោយការយកចិត្តទុកដាក់។ ការឆ្លើយរបស់អ្នកនាំពាក្យ មានន័យថា, ខាងថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និង កីឡា បានដឹងរឿងមន្ត្រីថ្នាក់ក្រោមប្តីង។
ដោយឡែក លោក អុិន ពៅសម្បត្តិ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចទាក់ទងសុំការបំភ្លឺបានទេ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ដោយគ្មានលេខទូរស័ព្ទ។
ទីបំផុត ! លោករដ្ឋមន្ត្រីក្រសួង អប់រំយុវជននិងកីឡា បានចំណាត់ការក្នុងរឿងនេះលឿនបំផុត ដោយអោយក្រុមការងារចុះធ្វើអធិការកិច្ចភ្លាមៗ ទាន់នៅក្តៅៗ ដែលក្នុងក្រុអធិការកិច្ច ក្នុងលិខិតឧទ្ទេសនាម មាន លោកបណ្ឌិត ជ័យ សារិន អគ្គាធិការ នៃអគ្គាធិការដ្ឋាន។ លោកបណ្ឌិត ស៊ន សេងហុក ប្រធាននាយកដ្ឋាននីតិកម្ម , លោក អ៊ាន វឌ្ឍនារតន៍ អធិការរង នៃអធិការដ្ឋានរដ្ឋបាល និងហិរញ្ញ , លោកបណ្ឌិត កាន់ ពុទ្ធី អនុប្រធាននាយកដ្ឋាន បឋមសិក្សា ,លោក ប៉ូវ វី អនុប្រធាននាយកដ្ឋាននីតិកម្ម , លោក ជ័យ រតនា អនុប្រធានលេខាធិការដ្ឋាន នៃអគ្គាធិការដ្ឋាន ៕
ដោយ : មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត’