សម្តេចតេជោ ហ៊ុនសែន : ការអភិវឌ្ឍទីក្រុងស្អាត/ទីក្រុងបៃតង, ឆ្នេរសមុទ្របៃតង និង កោះបៃតង ស្របតាមទស្សនទាន «ការអភិរក្សដើម្បីការអភិវឌ្ឍ ការអភិវឌ្ឍដើម្បីការអភិរក្ស»លើកនូវអនុសាសន៍សំខាន់ៗ ចំនួន ៦សំខាន់ៗ

ចែករំលែក៖

ខេត្តព្រះសីហនុ : ក្នុងបរិបទនេះ, រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ប្រារព្ធ ពិធីបុណ្យសមុទ្រ ដែលមិនត្រឹមតែ រួមចំណែក ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្រប៉ុណ្ណោះទេ ប៉ុន្ត ថែមទាំងចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍ ទេសចរណ៍ប្រកបដោយនិរន្តរភាព និង ការទទួលខុសត្រូវ ។ ជាការពិត, សក្ដានុពលធនធានធម្ម- ជាតិនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលត្រូវបានប្រសិទ្ធនាមជា «តារារះនាទិសនិរតី” (The Rising Star of the Southwest) គឺមានលក្ខណៈលេចធ្លោមានភាពសម្បូរបែប ដែលអំណោយផលដល់ ការអភិវឌ្ឍទេសចរណ៍នៅក្នុងតំបន់នេះ ។ ការរីកចម្រើនទាំងនេះ មិនអាចកាត់ផ្តាច់ចេញពីកត្តា សន្តិសុខ ពោលគឺបានសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថែមទៀតថា កម្ពុជាមានសុខសន្តិភាព, ស្ថិរ- ភាពនយោបាយ និង សុខសុវត្ថិភាពពេញលេញ ។

ឈរលើមូលដ្ឋានទាំងអស់នេះ, ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាមិនមែនធ្វើឡើងសម្រាប់ តែបច្ចុប្បន្ននោះទេ ប៉ុន្តែ យើងបានគិតគូរវែងឆ្ងាយទៅដល់អនាគត ជាមួយនឹងផែនការច្បាស់លាស់, ពិសេសស្របពេលដែលពិភពលោកទាំងមូល បាននិងកំពុងប្រឈមនឹងការវិវត្តថ្មីៗឥតឈប់ឈរ ទាំងលើសេដ្ឋកិច្ច, សង្គម និង បរិស្ថាន ។ ជាមួយគ្នានេះដែរ, យើងក៏បានផ្តល់នូវសារៈសំខាន់ក្នុង ការក្សាភាពស្អាត និង បៃតង ។ ក្នុងន័យនេះ, ការអភិវឌ្ឍទេសចរណ៍តំបន់ឆ្នេរ ទាមទារចាំបាច់ឱ្យ មាន ការអភិវឌ្ឍទីក្រុងស្អាត/ទីក្រុងបៃតង, ឆ្នេរសមុទ្របៃតង និង កោះបៃតង ស្របតាមទស្សនទាន «ការអភិរក្សដើម្បីការអភិវឌ្ឍ ការអភិវឌ្ឍដើម្បីការអភិរក្ស» ។

ឆ្លៀតក្នុងពិធីអបអរសាទរបុណ្យសមុទ្រឆ្នាំ ២០២២ នេះ, ខ្ញុំសូមលើកនូវអនុសាសន៍សំខាន់ៗ មួយចំនួន ដូចខាងក្រោម៖

ទី១៖ ដូចដែលបានលើកឡើងនាឱកាសពិធីបើកមហាសន្និបាតព្រឹកមិញនេះ, យើងត្រូវ រក្សាវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ដែលជាចំណុចធំជាងគេក្នុងចំណោមចំណុច ដែលទាក់ទងជាមួយការអភិវឌ្ឍ នៃបណ្តាប្រជាជាតិនៅលើសកលលោក ។ ឥឡូវនេះ, កម្ពុជាចាប់ផ្តើមទទួលភ្ញៀវជាតិ និង អន្តរជាតិនៅគ្រប់ទីកន្លែងទាំងអស់ជាបណ្តើរៗ ជាមួយនឹងការគ្រប់គ្រងដោយជោគជ័យលើសមរភូមិជំងឺកូវីដ-១៩ ។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ, គ្មានសន្តិភាព វាក៏គ្មានការគោរពសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ ហើយបើគ្មានសន្តិភាព វាក៏គ្មានអ្វីៗទាំងអស់ ។ ដូច្នេះ, ខ្ញុំសុំស្នើឱ្យប្រជាពលរដ្ឋកម្ពុជា នៅទូទាំងព្រះរាជាណាចក្រកម្ពុជារួបរួមគ្នា ដើម្បីរក្សាការពារនូវសន្តិភាព ដែលយើង រកបានទាំងលំបាក និង មិនត្រូវឱ្យប្រទេសណាមួយ ឬ ក្រុមណាមួយមកបំផ្លាញ សន្តិភាពនៅក្នុងប្រទេសនេះទេ ទោះក្នុងតម្លៃណាក៏ដោយ យើងទាំងអស់គ្នាត្រូវរក្សា សន្តិភាពនេះឱ្យខានតែបាន ដើម្បីធានាដល់ការអភិវឌ្ឍ ។

ទី២៖ នៅចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ និង សមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើ សកលលោក, ខ្ញុំក៏សូមស្នើជាថ្មីម្ដងទៀតឱ្យអាជ្ញាធរខេត្តតំបន់ឆ្នេរសមុទ្រទាំង ៤ រួម ជាមួយបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំង ៤ ត្រូវរួបរួមគ្នារក្សាឱ្យបាននូវកិត្តិនាមជា សមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក និង ឱ្យស័ក្ដិសមជាមួយ នឹងការទទួលបាននូវកិត្តិនាមជា «តារារះនាទិសនិរតី» ។

ទី៣៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់ឆ្នេរ, ការកសាង ហេដ្ឋារចនាសម្ព័ន្ធចាំបាច់បម្រើឱ្យវិស័យទេសចរណ៍ និង ការតភ្ជាប់ពីតំបន់មួយទៅ តំបន់មួយ ទាំងការតភ្ជាប់តាមផ្លូវគោក និង តាមផ្លូវដែក និង តាមផ្លូវអាកាស ។

ទី៤៖ ត្រូវជំរុញការផលិត ដើម្បីផ្គត់ផ្គង់ដល់ទេសចរ ដែលជាទិសដៅ «នាំចេញនៅនឹង កន្លែង» ។ ប្រជាពលរដ្ឋរបស់យើងមានឱកាសច្រើនណាស់ ដើម្បីចិញ្ចឹម និង បំពេញតម្រូវការរបស់ភ្ញៀវទេសចរអន្តរជាតិ ដែលកំពុងត្រលប់មកកម្ពុជាវិញជាបណ្តើរៗ រួមជាមួយនឹងទេសចរក្នុងស្រុករាប់លាននាក់ផងដែរ ។ យើងត្រូវខិតខំជំរុញការផលិត ឱ្យត្រឹមត្រូវតាមស្ដង់ដារបម្រើឱ្យវិស័យទេសចរណ៍, ពិសេសត្រូវបង្កើតឱ្យមានខ្សែក្រវាត់ បៃតងនៅក្នុងតំបន់ទេសចរណ៍ ។

ទី៥៖ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់ ។ សន្តិភាព ជាក្របខណ្ឌម៉ាក្រូ ឯបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សង្គម វាជាក្របខណ្ឌម៉ាក្រូផង និង មីក្រូផង ។ ក្នុងន័យនេះ, តំបន់ទេសចរណ៍ទាំងអស់មិនគ្រាន់តែខេត្តព្រះសីហនុ តែតាមបណ្តាខេត្តជាប់មាត់សមុទ្រ និង គ្រប់ទីកន្លែង ដែលមានភ្ញៀវទេសចរទៅ គឺ ត្រូវខិតខំរក្សាឱ្យបាននូវសន្តិសុខ និង សណ្តាប់ធ្នាប់សង្គម ។

ទី៦៖ ខ្ញុំសូមអំពាវនាវដល់ក្រសួង-ស្ថាប័ន្តពាក់ព័ន្ធ, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ, បងប្អូនជនរួមជាតិទាំងអស់ និង វិស័យឯកជន ចូលរួមឱ្យ បានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យពិធីបុណ្យសមុទ្រនៅឆ្នាំនេះ ប្រកបដោយភាពជោគជ័យ និង ចូលរួមឱ្យកាន់តែសកម្មក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត, រមណីយដ្ឋានស្អាត, សេវាល្អ, បដិសណ្ឋារកិច្ចល្អ» និង សហការថែរក្សា សោភ័ណភាព, អនាម័យ និង បរិស្ថាន ដែលជាកត្តាចម្បងមិនអាចខ្វះបាន ក្នុង

ការថែរក្សាតំបន់ឆ្នេរសមុទ្រឱ្យស្រស់ស្អាតយូរអង្វែង ដើម្បីបន្តជាមរតកដល់កូនចៅ ជំនាន់ក្រោយ ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print