ក្រុមគ្រួសារទារកអាយុក្រោម៣ខែ ដែលរងគ្រោះថ្នាក់ចរាចរណ៍ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២២នេះ បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងនាំយកថវិកា ៥លានរៀល ព្រមទាំងផ្លែឈើមួយកន្ត្រក ជូនលោកយាយ ដែលកំពុងមើលថែទារកអាយុប្រមាណ៣ខែ ដែលរងរបួសធ្ងន់ធ្ងរក្នុងគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ហើយបច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីអាណិតអាសូរយ៉ាងក្រៃលែងចំពោះទារករងគ្រោះ ដែលមិនដឹងអ្វីសោះត្រូវជួបគ្រោះអកុសលបែបនេះ។ លោកស្រី បាន បញ្ជាក់ថា ៖ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីបានឃើញព័ត៌មានគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានអារម្ភក្តុកក្តួល  និងក្តីអាណិតអាសូរ ហើយបានចាត់ឱ្យក្រុមការងារចុះមកសួរសុខទុក្ខដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបានដឹងពីស្ថានភាពជាក់ស្តែងរបស់ទារកដែលរងរបួសធ្ងន់ធ្ងរ ដែលនេះជាការយកចិត្តទុកដាក់គិតគូរ និងមេត្តាធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ជាមួយគ្នានេះដែរ លោកស្រីអគ្គលេខាធិការរងទី១ បានលើកទឹកចិត្តដល់លោកយាយរបស់ទារករងគ្រោះ ត្រូវតាំងចិត្ត និងពង្រឹងស្មារតី បើទោះមានសង្ឃឹមតិចក៏ដោយ ក៏ក្រុមគ្រូពេទ្យនៅតែបន្តការខិតខំជួយសង្គ្រោះដល់ទារកឲ្យអស់ពីសមត្ថភាព។ 

ទន្ទឹមនឹងនេះ លោកយាយទារករងគ្រោះ បានថ្លែងអំណរគុណចំពោះទឹកចិត្តមេត្តាធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានចំពោះចៅ និងក្រុមគ្រួសាររបស់គាត់ និងសូមជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានសុខភាពល្អ មានជន្មាយុយឺនយូរដើម្បីបន្តជួយប្រជាពលរដ្ឋ។ 

ឆ្លៀតក្នុងឱកាសនោះដែរលោកស្រី ម៉ែន នារីសោភ័គ និងសហការី ក៏បានឧបត្ថម្ភថវិកាដល់កុមារ និងទារកដែលកំពុងសំរាកព្យាបាលជំងឺក្នុងបន្ទប់សង្គ្រោះបន្ទាន់កម្រិតធ្ងន់ ចំនួន១៥នាក់ ក្នុងនោះ១៤នាក់ ម្នាក់ទទួល បានថវិកា ១០ម៉ឺនរៀល ដោយឡែកចំពោះកុមារីនៅខេត្តព្រៃវែងដែលរងគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ធ្ងរ ដោយឪពុកម្តាយ និងបង២នាក់ស្លាប់ ក្នុងហេតុការណ៍នោះ ទទួលបានថវិកា១លានរៀល។

ជាចុងក្រោយ  លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំនូវការថ្លែងអំណរគុណ និងកោតសរសេីរពី  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការជួយព្យាបាល និងសង្គ្រោះទារក និងកុមារ គ្រប់ៗរូបក្នុងប្រទេសកម្ពុជា។ 

សូមបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំ  កាកបាទក្រហមកម្ពុជា  បានជួយឧបត្ថម្ភថវិកា ១លានដុល្លារអាមេរិក ដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print