ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ជា
មុខសញ្ញាឆក់ លួច គាស់ផ្ទះប្រជាពលរដ្ឋត្រូវបានកម្លាំងនគរបាលធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជាបន្តបន្ទាប់កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
តាមសមត្ថកិច្ចបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ក្រុមជនសង្ស័យខាងលើបានធ្វើសកម្មភាពគាស់ផ្ទះពលរដ្ខមួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលមានជនរងគ្រោះឈ្មោះ យ៉ា យ៉ា ភេទស្រី អាយុ២២ឆ្នាំ រស់នៅផ្ទះកើតហេតុ លួចយកទូរស័ព្ទដៃI phone មួយគ្រឿងតម្លៃជាង១ពាន់ដុល្លារ និងកាបូបលុយ មានប្រាក់៣៣០០ដុល្លារ ខណៈដែលជនរងគ្រោះបានខ្ទាស់សោពីក្នុង ហើយឡើងទៅសម្រាកនៅជាន់ទី១។ ពេលធ្វើសកម្មភាពបានសម្រេចហើយ ជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់អស់ទៅ។
ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះហើយ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ និងកម្លាំងជំនាញខណ្ឌបានខិតខំធ្វេីការស្រាវជ្រាវ និងពិនិត្យមើលតាមរយៈGPS ទូរស័ព្ទដែលជនសង្ស័យលួចនោះទើបដឹងគោលដៅ ហើយនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ជនរងគ្រោះនិងកម្លាំងសមត្ថកិច្ចបានបន្តធ្វើការស្រាវជ្រាវតាមទៅរកដល់បន្ទប់ជួលរបស់ក្រុមជនសង្ស័យ គឺបន្ទប់លេខ៥ លេខ៧ និងលេខ៨ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោមដោយធ្វើការឡោមព័ទ្ធ តែជនសង្ស័យដឹងខ្លួនទាន់ក៏រត់ផ្លោះរបងចូលទៅក្នុងត្រពាំងទឹក ប៉ុន្តែរត់មិនរួចត្រូវនគរបាលចាប់បាន៤នាក់ ចំណែកបក្ខពួកម្នាក់ទៀតនិងស្ត្រីម្នាក់ បានរត់គេចខ្លួនរួច យកទាំងកាបូបលុយ
និងទូរស័ព្ទទៅបាត់ ។
ក្រោយពីឃាត់ខ្លួនក្រុមជនសង្ស័យ ខាងលើ សមត្ថកិច្ចបានឆែកបន្ទប់ ទាំង៣របស់ជនសង្ស័យរកឃើញសុទ្ធតែ សោនិងឧបករណ៍សម្រាប់ឆ្កឹះ កាច់សោ សម្ភារប្រើសម្រាប់ប្រព្រឹត្តបទល្មើស កាបូបដាច់ខ្សែជាច្រើនដែលជនសង្ស័យឆក់បាន ត្រូវបានដកហូតទុកជាវត្ថុតាង។
ជនសង្ស័យចំនួន៤នាក់ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌដើម្បីចាត់ការបន្តតាមនីតិវិធី ។
យេីងសង្កេតឃេីញថា បទល្មេីសនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យបានកេីនឡេីងគួរឲ្យកត់សម្គាល់ ប៉ុន្តែគេសង្ឃឹមថា លោក ម៉ន វុធី អធិការនគរបាលខណ្ឌនឹងបង្ក្រាបឲ្យអស់ជាមិនខាន៕ ដោយ៖សុខាសែនជ័យ