យ៉ាងហោចណាស់ ក៏មានមនុស្ស ៦នាក់ស្លាប់ ក្នុងនោះមានកម្លាំងប៉ូលិស២នាក់ផងដែរ ដែលកំពុងតែបំពេញការងារនៅក្នុងផ្ទះមួយស្ថិតនៅតំបន់ជនបទ នៃប្រទេសអូស្ត្រាលី។ ហេតុការណ៍ខាងលើកើតឡើង ក្នុងពេលដែលកម្លាំងប៉ូលិស ទៅស្រាវជ្រាវពីករណី ពាក់ព័ន្ធនឹងការចោទប្រកាន់ រឿងបាត់ខ្លួនមនុស្សម្នាក់។
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២នេះបានផ្សាយថា អាជ្ញាធរនៅក្នុងប្រទេសអូស្រ្តាលី នៅថ្ងៃអង្គារនេះបាននិយាយថា ករណីបាញ់ប្រហារបណ្តាលឱ្យមានអ្នកស្លាប់នៅឯតំបន់ជនបទមួយនៃរដ្ឋ Queensland បន្ទាប់ពីប៉ូលិសធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ដើម្បីស៊ើបអង្កេតពីសេចក្ដីរាយការណ៍ថាមានមនុស្សម្នាក់ បានបាត់ខ្លួន។
បើតាមព័ត៌មានបឋម មន្ត្រីប៉ូលិសរងការបាញ់ប្រហារ ពីជនដៃដល់ ២នាក់ កាលពីល្ងាចថ្ងៃចន្ទ ដើមសប្ដាហ៍នេះ នៅពេលដើរចូលតម្រង់ទៅរកផ្ទះមួយ ក្នុងតំបន់វៀមប៊ីយ៉ា (Wieambilla) ស្ថិតនៅចម្ងាយ ៣០០គីឡូម៉ែត្រ ពីភាគពាយព្យនៃទីក្រុងប្រ៊ីសបែន (Brisbane) នៃរដ្ឋឃ្វីនស្លែន (Queensland)។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) បានចាត់ទុកថាហេតុការណ៍ខាងលើ ជារឿងដ៏រន្ធត់ និងបានចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសាច់ញាតិជនរងគ្រោះដែលបាន បាត់បង់ជីវិត។ ប៉ុន្តែ មិនទាន់មានព័ត៌មានលម្អិតអ្វី បន្ថែមនោះទេ ខណៈដែលការស៊ើបអង្កេតមួយកំពុងធ្វើឡើង៕ ដោយធីរីណា
រូបថត : AP