ខេត្តបាត់ដំបង៖ បុរស២នាក់ត្រូវបានចាប់ខ្លួន នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅព្រឹកថ្ងៃអង្គារទី១៣ ខែធ្នូ ឆ្នាំ២០២២ ដែលបានឱ្យដឹងថា កម្លាំងនគរបាលស្រុកគាស់ក្រឡបានឃាត់ខ្លួនជនសង្ស័យ០២នាក់ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រដាប់ដោយកាំបិត) បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់។
របាយការណ៍ដដែលបន្តថា ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រដាប់ដោយកាំបិត)ខាងលើនេះ បានកេីតឡេីងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចទួលជំនាគ ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះ និងអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ១.ឈ្មោះ សម្បត្តិ សំបូរ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និង២.ឈ្មោះ សំ រស្មី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិចែង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង (ជនដៃដល់)។
នៅចំពោះមុខសមត្ថកិច្ច ជនសង័្សយបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពប្រេីប្រាស់កាំបិតកាប់ទៅលេីជនរងគ្រោះម្នាក់ឈ្មោះ ពៅ យ៉ូន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង របួស០៤ថ្នេរចំត្រង់ក្បាល។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថា ករណីហិង្សាខាងលេីនេះគឺបណ្តាលមកពីមានជម្លោះពាក្យសម្តីគ្នាដោយប្រេីឧបករណ៍នេសាទខុសច្បាប់។ ជនសង្ស័យទាំង០២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ ដោយ៖អរុណរះ