ភ្នំពេញ÷របាយការណ៍ក្រសួងពាណិជ្ជកម្មបានអោយដឹងថា បន្ទាប់ពីបញ្ហាជំងឺកូវីដ១៩ហាក់ដូចជាបានស្រាកស្រានមកនោះ ស្ថានភាពសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាបានងើបឡើងវិញគួរឲ្យកត់សំគាល់។ក្នុងនោះទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងកូរ៉េក៏បានកើនឡើង១,២៩ភាគរយផងដែរនៅក្នុងរយៈពេល ១៩ ខែនៅឆ្នាំ២០២២នេះ។
បើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២២ បានកើនឡើង ១,២៩ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ ទិន្នន័យបន្តបង្ហាញ ថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២២ ពាណិជ្ជ កម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៧១១ លានដុល្លារ កើនឡើង ១,២៩ ភាគរយ ពីចំនួន ៧០១ លានដុល្លារក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២១។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ការនាំចេញពីកម្ពុជាទៅកូរ៉េមានទឹកប្រាក់ជាង ២០៧ លានដុល្លារកើនឡើង ២០,២៦ ភាគរយពីចំនួន ១៧២ លានដុល្លារ និងការនាំចូលពីប្រទេសកូរ៉េ មានទឹកប្រាក់ ៥០៣ លានដុល្លារ ធ្លាក់ចុះ ៤,៨៧ ភាគរយពីចំនួន ៥២៩ លានដុល្លារ។
ទំនិញសំខាន់ៗដែលកម្ពុជានាំទៅកាន់កូរ៉េខាងត្បូង រួមមានសម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត កង់ ផលិតផលធ្វើពីឈើ និងផលិតផលកសិកម្ម ហើយកម្ពុជានាំចូលមកវិញរួមមាន យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារផ្ទះបាយ ភេសជ្ជៈ ថ្នាំពេទ្យ និងផលិតផលប្លាស្ទិក។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ទើបបានចូលជាធរមាននៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២២ រំពឹងថា នឹងជំរុញកំណើននៃការនាំចេញរវាងប្រទេសទាំងពីរ និងចូលរួមស្ដារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងគ្រោះដោយសារតែវិបត្តិកូវីដ-១៩ និងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន។
លោកប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំ ពាក្យក្រសួងពាណិជ្ជកម្មថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ នឹងជំរុញការនាំចេញទំនិញរបស់កម្ពុជា ព្រមទាំងលើកគុណតម្លៃទំនិញរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិទៅថ្ងៃខាងមុខនឹងផ្តល់ភាពងាយស្រួលដល់កម្ពុជាក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសទៀត ខណៈកម្ពុជា កំពុងអភិវឌ្ឍខ្លួនជាប្រទេសផលិតទំនិញឧស្សាហកម្ម ដូចជាគ្រឿងបន្លាស់ និងគ្រឿងបង្គុំ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រនៅលើសាកលលោក៕