ភ្នំពេញ : នាព្រលប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយលោកស្រី Jutta Urpilainen ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ។
សូមបញ្ជាក់ថា, នៅឯប្រទេសប៊ែលហ្សិក ម្សិលមិញ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាគ្មានស្ដង់ដា២នោះទេក្នុងការចាប់ខ្លួនមេដឹកនាំចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយសម្ដេចបានលើកឧទាហរណ៍វិធានការរបស់អាល្លឺម៉ង់ និងកម្ពុជា លើមេដឹកនាំចង់ផ្តួលរលំរដ្ឋាភិបាលស្របច្បាប់។
សម្ដេចថា អាល្លឺម៉ង់ធ្វើបាននោះកម្ពុជាក៏ធ្វើបានដែរ និងគ្មានស្ដង់ដា២នោះទេសម្រាប់អ្នកដែលចង់បំផ្លាញសន្តិភាព ស្ថេរភាពនៅក្នុងប្រទេស។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះក្នុងពេលដែលសម្ដេចជួបជាមួយនឹងពលរដ្ឋដែលរស់នៅក្នុងទ្វីបអឺរ៉ុបដែលបានអញ្ជើញមកជួបជាមួយនឹងសម្ដេចនៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ម្សិលមុិញ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានជួបសំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋ នៅសហភាព អឺរ៉ុប ប្រមាណ ២០០០នាក់ ផងដែរ ៕
ដោយ : សិលា