ភ្នំពេញ៖ កីឡាករកីឡាការិនីដែលដណ្តើមបានចំណាត់លេខ៣លើវិញ្ញាសាសម្តែងមេ គុនច្បាប់ល្បុក្កតោ ក្នុងព្រឹត្តិការណ៍ សម្តែងក្បាច់គុនបុរាណអន្តរជាតិប្រចាំឆ្នាំ២០១៦ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាមចាប់ពីថៃ្ងទី២២ដល់ថ្ងៃទី២៤ខែមេសាឆ្នាំ២០១៦កន្លងទៅ សាកលវិទ្យាល័យពុទ្ធិសាស្រ្តបានធ្វើការប្រគល់នូវបណ្ណសរសើរជូនដល់កីឡាករកីឡាការិនីឆ្នើមនៃក្លិបល្បុក្កតោសាកលវិទ្យាល័យ នេះដើម្បីលើកទឹកចិត្តឲ្យពួកគេបន្តខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បី ដណ្តើមយកជោគជ័យមកជូនសាលានិងជាតិមាតុភូមិ។
កញ្ញា អ៊ុក ស៊ីណា ប្រធានផ្នែកទទួលបន្ទុកកិច្ចការនិស្សិតប្រចាំសាកលវិទ្យាល័យពុទ្ធិសាស្រ្តបានឲ្យដឹងថា ការប្រកួតសម្តែងក្បាច់គុនបុរាណអន្តរជាតិប្រចាំឆ្នាំ២០១៦ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលប្រព្រឹត្តទៅពីថៃ្ងទី២២ដល់ថ្ងៃទី២៤ខែមេសាឆ្នាំ២០១៦កន្លងទៅមានប្រទេសចូលរួមប្រកួតចំនួន៨ប្រទេសក្នុងនោះមានប្រទេសថៃ ឡាវ វៀតណាម កូរ៉េ ជប៉ុន ហ្វីលីពីន ឥណ្ឌូនេស៊ី ប៊ុលហ្គារី និងកម្ពុជា បានធ្វើការប្រកួតលើវិញ្ញាសាក្បាច់គុនបុរាណចំនួន១៥ប្រភេទផ្សេងៗគ្នា ក្នុងនោះកម្ពុជាបានជ្រើសរើស យកក្បាច់គុនល្បុក្កតោទៅចូលរួមប្រកួត។ កញ្ញាបានបន្តទៀតថា ក្នុងចំណោមកីឡាករកីឡាការិនីទាំង៧នាក់របស់កម្ពុជា បានទៅចូលរួមក្នុងព្រឹត្តិការណ៍ មានកីឡាករ៤នាក់ជាសមាជិកនៃក្លិបល្បុក្កតោរបស់សាកលវិទ្យាល័យពុទ្ធិសាស្រ្តផងដែរ។
លោក ហុក ឈាងគីម អនុប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា មានប្រសាសន៍ថា ជោគជ័យដែលកីឡាករកីឡាការិនីកម្ពុជា ដណ្តើមបានមកនេះ គឺជាមោទនភាពមួយដែលបានបញ្ជាក់ពីភាពខ្លាំងរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ដូច្នេះគប្បីកូនខ្មែរទាំងស្រីទាំងប្រុសចូលរួមហ្វឹកហាត់ឲ្យបានច្រើនបន្ថែមទៀត ដើម្បីលើកកម្ពស់ក្បាច់គុនដែលជាកេរមរតកដូនតាធ្លាប់មានភាពល្បីរន្ទឺទាំងនៅថ្នាក់ជាតិ និងនៅលើឆាកអន្តរជាតិ។
លោក ឡុងសុផេង សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានថ្លែងថា កីឡាករកីឡាការិនីល្បុក្កតោរបស់សាកលវិទ្យាល័យ តំណាងឲ្យកម្ពុជាទៅចូលរួមប្រកួតក្បាច់គុនអន្តរជាតិប្រចាំឆ្នាំ២០១៦ ដណ្តើមបានចំណាត់លេខ៣មកវិញ គឺជាជោគជ័យមួយ ដែលបង្ហាញអំពីសក្តានុពល និងកិត្យានុភាពរបស់សាកលវិទ្យាល័យពុទ្ធិសាស្រ្ត ដែលមានក្លិប និងធនធានកីឡាករកីឡាការិនី តំណាងឲ្យកម្ពុជា ទៅចូលរួមប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។
គួររំលឹកថា ក្លិបល្បុក្កតោសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានបង្កើតឡើងកាលពីថៃ្ងទី៤ខែកុម្ភៈ ឆ្នាំ២០១២ ដែលការបង្កើតក្លិបនេះឡើងក្នុងគោលបំណងថែរក្សានិងអភិរក្សនូវក្បាច់គុនបុរាណខ្មែរឲ្យកូនចៅជំនាន់ក្រោយបានយល់ដឹង និងហាត់រៀនតៗគ្នាកាន់តែខ្លាំងថែមទៀត៕
ដោយ៖ សារីម