សុន្ទរកថាបើករបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុប

ចែករំលែក៖

ទីក្រុងព្រុចសែល : សុន្ទរកថាបើក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំពេញអង្គនៃ កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ទីក្រុងប៉ិចហ្សែល, ប៊ែលហ្សិក, ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២២, ម៉ោង ១៣:៣០-១៤:៣០

ឯកឧត្ដម ឆាលស៍ មីសែល (Charles Michel) ប្រធានក្រុមប្រឹក្សាអឺរ៉ុប

លោកជំទាវ អ៊ឹរស៊ូឡា វុនឌែ ឡូយែន (Ursular von der Leyen) ប្រធានគណៈកម្មការអឺរ៉ុប
ឯកឧត្ដម ភីតធើ ហ្វអាឡា (Petr Fala) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆែក និងជាប្រធាន -ក្រុមប្រឹក្សាសហភាពអឺរ៉ុប

ព្រះចៅស៊ុលតង់, ឯកឧត្តម, លោកជំទាវ, ថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប និង អាស៊ាន

ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ ២០២២ និងជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប, សូមអនុញ្ញាតឱ្យខ្ញុំចាប់ផ្តើម ដោយការថ្លែងអំណរគុណជូន ចំពោះថ្នាក់ដឹកនាំនៃសហភាពអឺរ៉ុប សម្រាប់ការផ្តួចផ្តើមរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ជា ប្រវត្តិសាស្ត្រនេះ ក៏ដូចជាសម្រាប់បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដល់យើងខ្ញុំទាំងអស់គ្នា ។

ជាការពិត, កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នេះ គឺជាបង្គោលចរដ៏ធំមួយ នៃទំនាក់ទំនងដ៏ យូរអង្វែង ជាង ៤ ទសវត្សរ៍កន្លះ របស់យើង ។ តាមទម្លាប់, កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នេះ គឺជាឱកាសដ៏ពិសេសមួយ សម្រាប់ការពិនិត្យមើលស៊ីជម្រៅទៅលើកិច្ចសហប្រតិបត្តិការនាពេល កន្លងមក ក៏ដូចជាការផ្លាស់ប្តូរនូវទស្សនវិស័យ និង ស្មារតី ដើម្បីតម្រង់ទិសដៅទៅអនាគត សម្រាប់ ទំនាក់ទំនងរបស់យើង ។ ដូចដែលយើងដឹងស្រាប់ហើយថា ការវិវឌ្ឍយ៉ាងរហ័សនៃនិម្មាបនកម្មតំបន់ និង សកល រួមទាំងបញ្ហាប្រឈមបែបប្រពៃណី និង មិនមែនប្រពៃណីផ្សេងទៀត សុទ្ធតែជាចំណុច សំខាន់ សម្រាប់ការពិចារណា នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលនាថ្ងៃនេះ។

ព្រះចៅស៊ុលតង់, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី

ស្មារតី, មនសិការ និង បំណងប្រាថ្នារួម ចំពោះសន្តិភាព និង វិបុលភាព ក្នុងតំបន់ទាំងពីររបស់ យើង បាននាំមកនូវការបង្កើតនូវភាពជាដៃគូយុទ្ធសាស្ត្រ ប្រកបដោយភាពជោគជ័យ ជាមួយនឹង ផែនការសកម្មភាព ឆ្នាំ ២០២៣-២០២៧ ដែលមានភាពច្បាស់លាស់ និង គ្របដណ្ដប់យ៉ាងទូលំ- ទូលាយ ទៅលើផ្នែកជាច្រើននៃកិច្ចសហប្រតិបត្តិការ ក្រោមសសរស្តម្ភទាំងបីរបស់អាស៊ាន ។ ជា មួយគ្នានេះ, ខ្ញុំសូមកត់ស្គាល់នូវវឌ្ឍនភាពដ៏ល្អប្រសើរ នៃការអនុវត្ត ផែនការសកម្មភាព ឆ្នាំ ២០១៨- ២០២២ )

ប្រាកដណាស់, កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នាពេលនេះ ត្រូវបានរៀបចំឡើង ក្នុង ពេលដែលពហុភាគីនិយម បាន និង កំពុង ទទួលរងនូវសម្ពាធយ៉ាងធ្ងន់ធ្ងរ ។ អ្វីដែលគួរឱ្យព្រួយបារម្ភ ជាងនេះទៀតនោះគឺ សន្តិភាពសកល ក៏បាន និង កំពុង ទទួលរងនូវការគំរាមកំហែង ដោយសកម្មភាពរបស់រដ្ឋមួយចំនួន ដែលបំពានដោយបើកចំហ លើច្បាប់, បទដ្ឋាន និង គោលការណ៍អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសកល ។

សម្រាប់ដំណើរឆ្ពោះទៅមុខ, ខ្ញុំជឿជាក់ថា អាស៊ាន និង សហភាពអឺរ៉ុប ត្រូវតែធ្វើការជាមួយគ្នា យ៉ាងស្អិតរមួត ដើម្បីធានាសណ្ដាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ប្រកបដោយបរិយាបន្ន, ភាព- បើកចំហ, តម្លាភាព និង ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ) ក្នុងនាមជាប្លុកតំបន់ពីរ ដែល ផ្អែកលើច្បាប់ និង មានការទទួលខុសត្រូវ, អាស៊ាន និង សហភាពអឺរ៉ុប ត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីការពារ និង លើកកម្ពស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និង ច្បាប់, បទដ្ឋាន និង គោលការណ៍ ដែលត្រូវបានទទួលស្គាល់ជាសកល ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការកសាងសន្តិភាព និង ស្ថិរភាព និង ការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃជីវិត និង ជីវភាពរស់នៅរបស់ប្រជាជន ក្នុងតំបន់របស់យើង ក៏ដូចជាពិភពលោក ។

ជាមួយនឹងការកត់សម្គាល់ផ្ទាល់ខ្លួន និង បទពិសោធនៃករណីជម្លោះ ដែលបានអូសបន្លាយ និង បង្កជាសោកនាដកម្ម នៅកម្ពុជា, ខ្ញុំមិនដែលជឿថា យើងអាចសម្រេចបាននូវសន្តិភាព តាមរយៈ ការធ្វើសង្គ្រាម ឬ ការគំរាមបង្កសង្គ្រាម នោះឡើយ ។ ក្នុងន័យនេះ, ខ្ញុំសង្ឃឹមដោយស្មោះថា យើងគួរ តែកំណត់ការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា និង ការពិគ្រោះយោបល់ ជាវិធី- សាស្ត្ររួមរបស់យើង ។

ព្រះចៅស៊ុលតង់, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី

ខ្ញុំមានទំនុកចិត្តថា កិច្ចពិភាក្សានៅក្នុងថ្ងៃនេះ នឹងអនុញ្ញាតឱ្យយើងធ្វើការផ្លាស់ប្ដូរនូវស្មារតីរួម របស់យើង ឱ្យទៅជាចក្ខុវិស័យ ប្រកបដោយភាពជាក់ស្ដែងនិយម ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ តំបន់របស់យើង និង ពិភពលោកទាំងមូល សម្រាប់រយៈពេលជាច្រើនទសវត្សរ៍ទៅមុខ ។ ខ្ញុំទន្ទឹងរង់ ចាំការពិភាក្សា ដោយត្រង់ទៅត្រង់មក, បើកចំហ និង ស្ថាបនា ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print