សារព័ត៌មាន AFP នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា ពិភពលោកបានស្ថិតនៅក្នុងស្ថានភាពអាសន្នរយៈពេល៣ឆ្នាំកន្លងមក ដោយសារតែជំងឺរាតត្បាតកូវីដ-១៩។ នៅក្នុងឆ្នាំ២០២៣នេះ ប្រមុខ WHO សង្ឃឹមថា ការប្រកាសអាសន្នជំងឺកូវីដ-១៩ នឹងមិនមានឡើយ។
ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយនៅថ្ងៃទី១៤ខែធ្នូថា លោកសង្ឃឹមថា ជំងឺកូវីដ-១៩ នឹងមិនត្រូវបានចាត់ទុកថាជាគ្រោះអាសន្នផ្នែកសុខភាពសាធារណៈសកលទៀតទេ នៅឆ្នាំ២០២៣ខាងមុខ។
ការអត្ថាធិប្បាយរបស់លោក ហ្គេប្រេយ៉េស៊ូស ខាងលើនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយចំពេលដែលប្រទេសចិនបានផ្លាស់ប្តូរគោលនយោបាយ «សូន្យ កូវីដ» ដ៏តឹងរ៉ឹងរបស់ខ្លួន និងអនុញ្ញាតឱ្យមនុស្សរស់នៅជាមួយមេរោគ ធ្វើឱ្យមានការព្រួយបារម្ភថាពិភពលោកអាចប្រឈមនឹងការកើនឡើងនៃការឆ្លងកូវីដ-១៩ សាជាថ្មី។
នៅពេលសួរអំពីលក្ខខណ្ឌដែលត្រូវការសម្រាប់ការបញ្ចប់ភាពអាសន្នផ្នែកសុខភាពសាធារណៈសកល អ្នកជំនាញផ្នែកជំងឺរាតត្បាតជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) លោកស្រី ម៉ារៀ វ៉ាន ខឺកខូវ (Maria Van Kerkhove) បាននិយាយថា «នៅមានការងារច្រើនទៀតដែលត្រូវធ្វើ»។
នាយកផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោក ម៉ាយ រ៉ាយអាន (Mike Ryan) បានលើកឡើងស្រដៀងគ្នានេះថា «ប្រសិនប្រជាជនដ៏ច្រើនមិនទាន់បានចាក់វ៉ាក់សាំង ពិភពលោកនៅតែមានការងារជាច្រើនដែលត្រូវធ្វើ។ ត្រឹមតែវិធានការត្រួតពិនិត្យមិនអាចបញ្ចប់ជំងឺនេះបានទេ»។ ស្ថាប័ន WHO បានរៀបចំប្រជុំគ្នារៀងរាល់ពីរទៅបីខែម្តង ដើម្បីសម្រេចថា តើមេរោគកូវីដ-១៩ ដែលបានសម្លាប់មនុស្សជាង ៦.៦លាននាក់ទូទាំងពិភពលោក នៅតែតំណាងឱ្យគ្រោះអាសន្នផ្នែកសុខភាពសាធារណៈសកលដែរឬទេ៕ ដោយធីរីណា
រូបថត :TTXVN-VNA