យ៉ាងហោចណាស់ក៏មានមនុស្ស ១០នាក់ស្លាប់ក្នុងហេតុការណ៍ឆេះអគារនៅតំបន់ Vaulx-en-Velin ជិតទីក្រុង លីយ៉ុង ប្រទេសបារាំង ។ ក្នុងចំណោមអ្នកស្លាប់ទាំង១០នាក់ មានកុមារ៥នាក់។
មន្ត្រីក្នុងតំបន់ Lyon/Rhone បានឱ្យដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យកើតឡើងនៅព្រឹកថ្ងៃទី១៦ខែធ្នូ ។ នៅក្នុងចំណោមកុមារដែលស្លាប់មានអាយុចាប់ពី៣-១៥ឆ្នាំ។ ក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin បានបញ្ជាក់ថា បានផ្តល់ព័ត៌មានដល់ប្រធានាធិបតីបារាំង លោកម៉ាក្រុង ពីហេតុការណ៍ខាងលើ ។
អាជ្ញាធរបារាំងប្រចាំតំបន់បានឱ្យដឹងថា គ្រោះអគ្គិភ័យនោះត្រូវបានរាយការណ៍ដំបូងទៅកាន់សេវាឆ្លើយតបបន្ទាន់នៅវេលាម៉ោង៣ៈ១២នាទីយប់ រំលងអធ្រាត្រ ហើយនៅម៉ោង៣ៈ២៥នាទី ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យប្រហែល ១៦០នាក់និងរថយន្តពន្លត់អគ្គិភ័យ ៦៥គ្រឿង បានទៅដល់កន្លែងកើតហេតុ។ អគារស្នាក់នៅដែលបានរងការឆាបឆេះ គឺមានកម្ពស់៧ជាន់។
ក្រៅពីអ្នកបាត់បង់ជីវិត មានមនុស្ស៤នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈដែល១០នាក់ទៀត ក្នុងនោះមានអ្នកពន្លត់អគ្គិភ័យ ២នាក់បានរងរបួស។ ដោយឡែក អាជ្ញាធរមិនទាន់អាចកំណត់ច្បាស់ អំពីមូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិភ័យនេះនៅឡើយទេ៕ ដោយធីរីណា
រូបថត : tintuconline