ភ្នំពេញ៖ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន បើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន០៣ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃសុក្រទី១៦ ខែធ្នូ ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា ដោយបានការឯកភាពពី លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយវរសេនីយ៍ទោ រ៉ុឹម ម៉ិច នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ម៉ោង២០:០០នាទី បានបើកប្រតិបត្តិការចុះល្បាតនៅតាមតំបន់សំណង់ពណ៌ប្រផេះ និងសំណង់មិនរៀបរយ ទាំង១៤ខណ្ឌ ដោយបានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន០៣ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ (ស្រី០១នាក់)។
១-នៅចំណុចបន្ទប់ជួល ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ
២-នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
៣-ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ
វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០៣កញ្ចប់ថង់តូច, ដបទឹកកែច្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនមួយ និងដែកកេះមួយ, ទូរស័ព្ទចំនួន០៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ៖សហការី