ភ្នំពេញ ៖ លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ សហការជាមួយសាលាសង្កាត់ និងមន្ត្រីពាក់ព័ន្ធចាត់វិធានការក្តៅទៅលើកទីតាំងសិប្បកម្មអេតចាយមួយចំនួននៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង (ផ្លូវ ៥០ម៉ែត្រ) ដែលមិនស្តាប់តាមការណែនាំជាច្រើនលើកច្រើនសាររបស់រដ្ឋបាលខណ្ឌដង្កោ ដោយតម្រូវឱ្យរុះរើជាបន្ទាន់នូវទីតាំងសិប្បកម្មអេតចាយទាំងឡាយណាដែលសាងសង់រំលោភបំពានចំណីផ្លូវសាធារណៈ ។
សូមជម្រាបជូនថា រដ្ឋបាលខណ្ឌដង្កោ ចុះហត្ថលេខាដោយលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរ ជាពិសេសម្ចាស់អាជីវកម្ម កំពុងប្រកបរបបទិញលក់អេតចាយទាំងអស់នៅតាមផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវ ៥០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ដង្កា សង្កាត់ជើងឯក និងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា ដើម្បីចូលរួមសហការរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់ តាមផ្លូវសាធារណៈ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងចូលរួមចំណែកលើកកម្ពស់ សោភ័ណ្ឌភាព ក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌងង្កោ ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជា ម្ចាស់អាជីវកម្ម ដែលកំពុងលក់ដូរ ដាក់តាំងឧបករណ៍ សម្ភារៈសំណង់ទំនិញផ្សេងៗ ស្លាកយីហោ និងផើងផ្កាជាដើម ដែលកំពុងរំលោភយកផ្លូវ និងចិញ្ចើម ផ្លូវសាធារណៈ ត្រូវបញ្ឈប់ជាបន្ទាន់រាល់ការលក់ ដាក់តាំងសម្ភារៈសំណង់ ទំនិញផ្សេងៗ, ស្លាកយីហោ និងជើងផ្កា ទាំងនោះចេញឲ្យអស់ពីចិញ្ចើមផ្លូវក្នុងរយៈពេលចំនួន ០៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ក្នុងករណី អស់លោក លោកស្រី មិនអនុវត្តតាមខ្លឹមសាសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខណ្ឌដង្កោ នឹងមានវិធានការរុះរើ និងដកហូតសម្ភារះដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗដែលបានដាក់តាំងលើផ្លូវសាធារណះ ក្នុងករណីមានការរារាំង រឹងរូសមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ និងមានវិធានការ តាមនីតិវិធីច្បាប់ ។
រដ្ឋបាលខណ្ឌដង្កោ សង្ឃឹមយ៉ាងមុតមាំថាលោក លោកស្រី ម្ចាស់អាជីវកម្មទាំងអស់ នឹងចូលរួមអនុវត្តតាម ការណែនាំរបស់រដ្ឋបាលខណ្ឌដង្កោ ប្រកបដោយប្រសិទ្ឋភាពចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕ដោយ ៖ ភារ៉ា ដង្កោ