ប្រទេសប៉េរូបដិសេធសំណើសម្រាប់ការបោះឆ្នោតសកលមុនកាលកំណត់

ចែករំលែក៖

សភារបស់ប្រទេសប៉េរូមិនបានអនុម័តលើសំណើកែប្រែរដ្ឋធម្មនុញ្ញទេ មានន័យថាប្រទេសនេះនឹងមិនអាចរៀបចំការបោះឆ្នោតទូទៅនៅដើមឆ្នាំ២០២៣បានទេ។

សំណើកំណែទម្រង់រដ្ឋធម្មនុញ្ញទទួលបានសំឡេងគាំទ្រតែ៤៩សំឡេង ប្រឆាំង៣៣សំឡេង និងអនុបវាទ២៥សំឡេង។ ទន្ទឹមនឹងនេះ សេចក្តីព្រាងច្បាប់នេះ ត្រូវការសំឡេងយ៉ាងតិច៨៧ សំឡេង ដើម្បីអនុម័ត។ ការបោះឆ្នោតសកលមុននេះត្រូវបានគេរំពឹងថានឹងដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។
ប្រធានាធិបតីប៉េរូថ្មីលោកស្រី Dina Boluarte បាននិយាយកាលពីថ្ងៃ១៧ខែធ្នូថា លោកស្រីនឹងពុំចុះពីតំណែងឡើយនៅចំពោះមុខបាតុកម្មហិង្សាដែលបានផ្ទុះឡើង ក្រោយការទម្លាក់ប្រធានាធិបតីមុនពីអំណាច ខណៈដែលលោកស្រីនៅតែបន្តទទូចឱ្យសភាពន្លឿនកាលបរិច្ឆេទបោះឆ្នោតសកលដើម្បីជាមធ្យោបាយបន្សាបកំហឹងក្រុមបាតុករ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ។
កាលពីថ្ងៃសុក្រសភាប៉េរូបានបោះឆ្នោតទាត់ចោលសេចក្តីព្រាងច្បាប់មួយដែលសំដៅរៀបចំការបោះឆ្នោតសកលនៅខែធ្នូ ឆ្នាំ២០២៣ គឺឆាប់ជាងកាលបរិច្ឆេទដែលបានកំណត់ទុកជាង២ឆ្នាំ ខណៈដែលបាតុកម្មបានធ្វើឱ្យភ្ញៀវទេសចររាប់ពាន់នាក់ជាប់ខ្លួនគាំងចេញពីទីណាមិនរួច នៅក្បែររមណីយដ្ឋានប្រវត្តិសាស្រ្ត ម៉ាជូ ពីជូ (Machu Picchu) ហើយក្រុមបាតុករនិងសមាជិកសភាមួយចំនួន បានអំពាវនាវឱ្យលោកស្រី បូលូអាត លាលែងពីតំណែង។
ទោះជាយ៉ាងណាក្តី ក្នុងការថ្លែងសារទៅកាន់ប្រជាជាតិកាលពីថ្ងៃសៅរ៍ លោកស្រីប្រធានាធិបតីប៉េរូបាននិយាយដូច្នេះថា «តើអ្វីទៅដែលអាចដោះស្រាយបាន តាមរយៈការលាលែងរបស់ខ្ញុំ? ពួកយើងនឹងបន្តឈរនៅទីនេះដោយឥតងាករេឡើយ រហូតទាល់តែសភាយល់ព្រមលើកការបោះឆ្នោតមករៀបចំឱ្យឆាប់ជាងការកំណត់»។ កាលពីថ្ងៃសុក្រ ប្រធានសភាតំណាងរាស្រ្តប៉េរូបានប្រាប់ថា ការបោះឆ្នោតលើបញ្ហាកាលវិភាគនៃការបោះឆ្នោតសកល អាចនឹងត្រូវពិចារណាឡើងវិញ ក្នុងអំឡុងសម័យប្រជុំបន្ទាប់របស់សភា៕ ដោយធីរីណា

រូប​ថត​ :​ AFP

...

រូប​ថត​ :​TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print