ប៉េអឹមចាប់ខ្លួនឈ្មួញទិញលក់ដីបញ្ជូនទៅតុលាការពីបទឆបោកប្រាក់រាប់សិបលានដុល្លារពីអ្នកឧកញ៉ាម្នាក់រឿងលក់ដីខ្យល់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានចាប់ឈ្មួញរកស៊ីទិញលក់ដីធ្លីម្នាក់បញ្ជូនទៅតុលាការពាក់ពន្ធករណីឆបោក លើទឹកប្រាក់រាប់សិបលានដុល្លារអាមេរិក ពីអ្នកឧកញ៉ាម្នាក់រឿងលក់ដីខ្យល់ ។ សំណុំរឿងត្រូវបានតំណាងអយ្យការអមសាលាដំបូងបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ ឈន បូរ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរពាណិជ្ជករ(ឈ្មួញរកស៊ីទិញលក់ដីធ្លី)មានទីលំនៅភូមិកោះក្រពី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ដើមចមនៃការចាប់បញ្ជូនខ្លួនឈ្មួញទិញលក់ដីធ្លីម្នាក់ខាងលើនេះ តាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២២ មាន អ្នកឧកញ៉ាម្នាក់បានទៅដាក់ពាក្យបណ្តឹងនៅសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយចោទប្រកាន់មនុស្ស៤នាក់ ថា កាលពីអំឡុងឆ្នាំ២០១៤-២០១៥ ពួកគេបានឃុបឃិតគ្នាលក់ដីខ្យល់មួយកន្លែងទំហំ៤៦ហិកតា ដែលមានទីតាំងស្ថិតនៅភូមិព្រែកឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញក្នុងតម្លៃ ៧៣.៦០០.០០០ដុល្លារអាមេរិក ។ ក្រោយមកឈ្មួញទាំង៤នាក់នោះបានលក់ដីមួយកន្លែងទៀតឱ្យទៅអ្នកឧកញ៉ាដដែល ដែលមានទំហំជិត១០ហិកតា ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងតម្លៃ១៣.៩៣០.០០០ ដុល្លារអាមេរិក ដោយអះអាងថាជាដីកម្មសិទ្ធិស្របច្បាប់របស់ពួកគេ ។ នៅពេលទិញ-លក់ដីធ្លីនោះ អ្នកឧកញ៉ាដើមបណ្តឹងបានប្រគល់ប្រាក់ជាបន្តបន្ទាប់ ឱ្យទៅមនុស្សទាំង៤នាក់នោះសរុបចំនួន ៦១.១៤៥.០០០ដុល្លារអាមេរិក ។

ក្រោយពីទទួលបានលុយរួចហើយឈ្មួញទាំង៤នាក់បានអូសបន្លាយពេលវេលាពី១ខែទៅ១ខែ ពី១ឆ្នាំទៅ១ឆ្នាំ មិនបានធ្វើការចុះបញ្ជីកម្មសិទ្ធិដីធ្លីស្របច្បាប់ឱ្យទៅអ្នកទិញតាមកិច្ចព្រមព្រៀងទិញលក់នោះទេ និងចេះតែគេចវេះមិនជួបជាមួយម្ចាស់ប្រាក់ទៀតផង ។ ដល់ពេលគេតាមស្រាវជ្រាវជាក់ស្តែងទៅ ដីនោះជាដីកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយបាត់ទៅហើយ ពោលគឺជនទុច្ចរិតទាំង៤នាក់នោះឃុបឃិតគ្នាលក់ដីខ្យល់។

...

ដោយយោងទៅលើពាក្យបណ្តឹង ឯកសារពាក់ពន្ធ និងកិច្ចព្រមព្រៀងទិញលក់ដីធ្លី ដែលកំណត់បានអត្តសញ្ញាណជនទាំង៤នាក់ពិតជាជនឆបោកប្រាកដមែននោះ ទើបសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យកម្លាំងជំនាញ(មន្ត្រីគរបាលយុត្តិធម៌)បើកការស៊ើបអង្កេត និងស្រាវជ្រាវតាមនីតិវិធី រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកទាំង៤នាក់ គឺឈ្មោះ ឈន បូរ៉ា ជាឈ្មួញលក់ដីខ្យល់បានប្រាក់រាប់សិបលានដុល្លារអាមេរិក រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់តាមផ្លូវច្បាប់ ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print