ភ្នំពេញ : ករណីនៃ ការវាយកម្ទេចកុដិបុរាណចំនួន០៣(លេខ៤៣, ៤៤ និង៤៥)ដែលបានកសាងនាកំឡុងឆ្នាំ១៩៣០ក្នុងបរិវេណវត្ត ឧណ្ណាលោម ក្រសួងវប្បធម៌ រក្សាទីតាំងនោះពុំឲ្យមានការសាងសង់សំណង់អ្វីថ្មី។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្តីពីករណីវាយកម្ទេចកុដិបុរាណចំនួន៣ ក្នុងបរិវេណវត្តឧណ្ណាលោម របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមគោរពជម្រាបជូន សាធារណជនទាំងអស់ មេត្តាជ្រាបថា ករណីនៃ ការវាយកម្ទេចកុដិបុរាណចំនួន០៣(លេខ៤៣, ៤៤ និង៤៥)ដែលបានកសាងនាកំឡុងឆ្នាំ១៩៣០ក្នុងបរិវេណវត្ត ឧណ្ណាលោម រហូតដល់បាត់បង់រូបភាពដើមទាំងស្រុងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការស៊ើបអង្កេត និងដោះ ស្រាយតាមវិធានការច្បាប់ ដោយរក្សាទីតាំងនោះពុំឲ្យមានការសាងសង់សំណង់អ្វីថ្មី រហូតដល់នីតិវិធីនានាដែលមាន ជាធរមានត្រូវបានដោះស្រាយបញ្ចប់រួចរាល់។
សេចក្ដីដូចបានជម្រាបជូនខាងលើ សូម សាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន ៕
ដោយ : សហការី