សម្ដេចតេជោ ហ៊ុន សែន ៖ សូមកុំខ្លាចនគរបាលចរាចរណ៍ តែត្រូវគោរពច្បាប់ប្រសើរជាង

ចែករំលែក៖

 

ខេត្តព្រះសីហនុ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ប្រជាជនមួយចំនួនខ្លាចនគរបាលចរាចរណ៍ ជាជាងការគោរពច្បាប់ ដែលបានធ្វើឲ្យអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតែកើតមានហើយឆក់យកជីវិតប្រជាជនបន្តបន្ទាប់។ សម្ដេចតេជោ បានអំពាវ នាវដល់ប្រជាជន សូមរៀនពីច្បាប់ចរាចរណ៍ ហើយគោរពច្បាប់គ្រប់ពេលវេលា ដោយមិនត្រូវគោរពច្បាប់ពីព្រោះតែខ្លាចនគរបាលចរាចរណ៍នោះទេ។

សាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រាប់ដល់ប្រជាជនឲ្យរៀនពីច្បាប់ចរាចរណ៍ និងគោរពច្បាប់ឲ្យបានគ្រប់ពេលវេលានេះ ធ្វើឡើងនៅក្នុងឱកាសសម្ដេចអញ្ជើញដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវតភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ ដែលមានប្រវែងជាង ៤៣គីឡូម៉ែត្រូវ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃ គឺមានចំនួនច្រើន ដែលថ្ងៃក៏មានមនុស្សស្លាប់ដែរ។ សម្ដេចតេជោ សង្កត់ធ្ងន់ថា កាលពីពេលមុន ប្រជាជនកម្ពុជាស្លាប់ដោយសារសង្រ្គាម បន្ទាប់មកគឺគ្រាប់មីន ជំងឺអេដស៍ និងជំងឺកូវីដ១៩។ ប៉ុន្ដែពេលនេះប្រជាជនបានស្លាប់ជាបន្តបន្ទាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ដើម្បីដោះស្រាយបញ្ហានេះសម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាជនរៀនពីច្បាប់ចរាចរណ៍ ហើយត្រូវគោរពច្បាប់ចរាចរណ៍។

សម្ដេចតេជោ ហ៊ុន សែន ៖«អញ្ចឹងទេខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើង រៀនច្បាប់ចរាចរណ៍ ហើយគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ សូមគោរពច្បាប់ចរាចរណ៍ កុំគោរពប៉ូលិសចរាចរណ៍ កុំខ្លាចប៉ូលិសចរាចរណ៍។ ពលរដ្ឋរបស់យើងកំពុងតែខ្លាចប៉ូលិសចរាចរណ៍ ជាជាងខ្លាចច្បាប់ទៅវិញ។ កន្លែងណាគ្មានប៉ូលិសចរាចរណ៍គាត់លែងម៉ាសេរី ដល់មានប៉ូលិសគាត់ថា ខ្លាចប៉ូលិសផាក អ៊ីចឹងគាត់អត់មានខ្លាចច្បាប់ណា។ អ៊ីចឹងចំណុចនេះសូមឲ្យក្លាយជាវប្បធម៌ក្នុងចំណោមប្រជាជនយើង គោរពច្បាប់ កុំខ្លាចប៉ូលិសចរាចរណ៍ បើយើងមិនធ្វើខុសច្បាប់ប៉ូលិសគេមិនធ្វើអីយើងនោះទេ»។

សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហា ហើយចំណុចត្រូវកែលម្អ និងពង្រឹងគឺការគោរពច្បាប់ ដោយមិនចាំបាច់ទាល់តែមានរឹតបន្តឹងពីនគរបាលចរាចរណ៍ទើបនាំគ្នាគោរច្បាប់។

សម្ដេចតេជោ ហ៊ុន សែន ៖«គ្មានអ្នកណាមកស្លាប់ជួសយើងទេ ហើយគ្មានអ្នកណាមករបួសជួសយើងទេ ប៉ុន្ដែដែលគ្រោះថ្នាក់ជាងនេះទៀតនោះគឺបង្កឲ្យអ្នកដទៃដែលអត់មានបញ្ហាអីសោះ របួសដែរ ស្លាប់ដែរ។ ឡានខ្លះជ្រុលទៅបុកប្រជាជននៅក្នុងផ្ទះស្លាប់ទាំងដែលគាត់អត់ដឹងអី ហើយអារបាំងពុះទ្រូងផ្លូវក៏ទៅបុកគ្នាដែរ។ អ៊ីចឹងចំណុចទាំងអស់នេះ គឺជាចំណុចដែលយងត្រូវកែផ្នត់គំនិត គោរពច្បាប់ចរាចរណ៍ ជាជាងខ្លាចប៉ូលិសចរាចរណ៍ ទើបយើងអាចកាត់បន្ថយ ឬបញ្ចប់គ្រោះថ្នាក់ទាក់ទងនិងចរាចរណ៍»។

...

ឆ្លៀតក្នុងឱកាសនេះសម្ដេចតេជោ ហ៊ុន សែន ក៏ទទួលដល់ម្ចាស់យានយន្ដ និងថៅកែ សូមកុំដឹកលើសទម្ងន់កំណត់ ដែលទង្វើនេះគឺជាការបំផ្លាញប្រជាជនកម្ពុជា តាមរយៈការកេញចំណេញរបស់ក្រុមថៅកែ ដែលព្យាយាមដឹកលើសទម្ងន់កំណត់។ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងជារៀងរាល់ថ្ងៃ ដែលបណ្ដាលឲ្យមនុស្សស្លាប់ជាមធ្យម ចំនួន ៥នាក់ ហើយកត្តាដែលបង្កឲ្យមានគ្រោះថ្នាក់កើតឡើងគឺបណ្ដាលមកពីការបើកបរដោយមិនគោរពច្បាប់ចរាចរណ៍ មានជាអាទិ៍ការវាជែង មិនគោរពស្លាកសញ្ញា បើកលើសល្បឿន និងកត្តាយានយន្ដជាដើម៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print