ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះថា កម្លាំងសមត្ថកិច្ចចម្រុះបានចុះស្រាវជ្រាវឃាត់ខ្លួនបុរសជនជាតិចិន០២នាក់នៅគោលដៅចំនួន២ក្នុងសង្កាត់វាលស្បូវ និងសង្កាត់និរោធ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១០ និង៣០នាទីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ក្នុងនោះបុរសចិនម្នាក់ពាក់ព័ន្ធករណីឆបោក (តាមប្រព័ន្ធអុីនធើណិត) ដែលសមត្ថកិច្ចចិនកំពុងស្វែងរក និងម្នាក់ទៀតពាក់ព័ន្ធបទល្មើស (គ្មានលិខិតឆ្លងដែន)។
សមត្ថកិច្ចបានឱ្យដឹងថា យោងតាមសំណើរបស់ស្ថានទូតចិនប្រចាំកម្ពុជា និងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងចំណារលោកនាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ និងដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង សេង ហៀង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងនោះ ផ្នែកគ្រប់គ្រងជនបរទេសនៃអធិការដ្ឋានខណ្ឌច្បារអំពៅ បានសហការជាមួយនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី(ន៧)នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះធ្វើរដ្ឋបាលក្នុងមូលដ្ឋានសង្កាត់វាលស្បូវ និងសង្កាត់និរោធ។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមការងារបានចុះធ្វើរដ្ឋបាលបានចំនួន០២គោលដៅរួមមានគោលដៅទី១នៅផ្ទះលេខ ១៤០ ផ្លូវChaster សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានជនជាតិចិនម្នាក់ ឈ្មោះ ZHANG ZHIJIANG ភេទប្រុស កើតថ្ងៃទី០៥/០៥/១៩៩៦ ពាក់ព័ន្ធបទល្មើសគ្មានលិខិតឆ្លងដែន(មុខសញ្ញារបស់ប៉ូលិសចិន) និងគោលដៅទី២នៅផ្ទះលេខ៣៩ ផ្លូវ P10D សង្កាត់និរោធ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានជនជាតិចិនម្នាក់ទៀតឈ្មោះ Guan Shibo ភេទប្រុស កើតថ្ងៃទី២៥/០៦/១៩៩៦ ពាក់ព័ន្ធបទល្មើសគ្មានលិខិតឆ្លងដែន។ សរុបទាំង០២គោលដៅមានចំនួន០២នាក់ភេទប្រុស មានមួយសញ្ជាតិចិន(គ្មានលិខិតឆ្លងដែន)។
សមត្ថកិច្ចបានបន្ថែមថា គោលបំណងធ្វើរដ្ឋបាលគឺដើម្បីស្វែងរកបុរសចិន២នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអុីនធើណិត មានឈ្មោះ ZHANG ZHIJIANG និងឈ្មោះ WANG SHENGYU ដោយយោងតាមសំណើពីស្ថានទូតចិនប្រចាំកម្ពុជា បានកំណត់ទូតស្នើសុំស្វែងរកឃាត់ខ្លួន រួចបញ្ជូនទៅប្រទេសចិនវិញ។ ក្នុងចំណោមបុរសចិន២នាក់ដែលបានឃាត់ខ្លួន គឺបុរសម្នាក់ឈ្មោះ ZHANG ZHIJIANG ជាប់ពាក់ព័ន្ធ។
បច្ចុប្បន្ននេះ ជនជាតិចិនទាំង០២នាក់ខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបញ្ជូនបន្តទៅនាយកដ្ឋានជំនាញ ដើម្បីអនុវត្តទៅតាមនីតិវិធី ៕ ដោយ៖ ភារ៉ា ដង្កោ