ខេត្តបាត់ដំបង : នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ។
លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏អញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នោះផងដែរ។
សូមបញ្ជាក់ថា, ថ្ងៃនេះ ដោយមានការតែងតាំងផ្លាស់ប្ដូរ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង មកជា នាយក មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំរាយ) និងលោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី នាយក មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំរាយ) ទៅជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបងវិញ ។
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានធ្វើការផ្តាំផ្ញើ និងផ្តល់នូវបទពិសោធន៍ ការងារដឹកនាំ កងកម្លាំង មានការទទួលខុសត្រូវ ចំពោះតួនាទី ភារកិច្ច របស់ខ្លួន តាមឋានានុក្រម ប្រកបដោយ ស្មារតីជាតិ បម្រើប្រជាពលរដ្ឋ ដោយគ្មានលក្ខខណ្ឌ និងយុត្តិធម៌ ៕
ដោយ : សិលា