សាលាជាតិគយ និងសភាពាណិជ្ជកម្មកម្ពុជាបានសហការរៀបចំវេទិកាគយកម្ពុជាលើកទី២

ចែករំលែក៖

ភ្នំពេញ : នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅសាលាជាតិគយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) និងសភាពាណិជ្ជកម្មកម្ពុជាបានសហការរៀបចំវេទិកាគយកម្ពុជាលើកទី២ ក្រោមអធិបតីភាព លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អមដោយសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា និងមន្ត្រីជំនាញនៃ អគរ ព្រមទាំងមានការចូលរួមដោយធុរជនពាក់ព័ន្ធជាច្រើននាក់ផងដែរ។ វេទិកាគយកម្ពុជាលើកទី២នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពីវឌ្ឍនភាពថ្មីៗនៃការងារគយនិងរដ្ឋាករ ជាពិសេសការធ្វើទំនើបកម្មនិងសាមញ្ញកម្មនីតិវិធីគយ, អភិបាលកិច្ចនិងការកែលម្អការផ្តល់សេវា និងការពង្រឹងអនុលោមភាពនិងការអនុវត្តច្បាប់ជាដើម។

ថ្លែងទៅកាន់អ្នកចូលរួមក្នុងវេទិកានោះ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា វេទិកាគយលើកទី២ ដែលបានរៀបចំឡើងនៅថ្ងៃនេះ ជាផ្នែកមួយនៃការអនុវត្តយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១០ ហើយជាលទ្ធផលនៃកិច្ចប្រជុំជាបន្តបន្ទាប់ក្រោមយន្តការនេះ បរិយាកាសធុរកិច្ចពាក់ព័ន្ធនឹងពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជាត្រូវបានលើកកម្ពស់និងកែលម្អកាន់តែល្អប្រសើរជាលំដាប់ ដោយ អគរ បានដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខ និងឆ្លើយតបបានទាន់ពេលវេលានូវរាល់សំណូមពរចាំបាច់របស់វិស័យឯកជន ពាក់ព័ន្ធនឹងពាណិជ្ជកម្មអន្តរជាតិ ជាពិសេសក្នុងបរិការណ៍ខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកលមានភាពរអាក់រអួលដោយសារវិបត្តិផ្សេងៗកន្លងមក។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងទៅកាន់អង្គពិធី ដោយបានគូសរំលេចអំពីសារសំខាន់នៃវេទិកាថ្ងៃនេះ ថាជាផ្នែកមួយនៃការខិតខំបញ្ជ្រាបការយល់ដឹងដល់សាធារណជន ពិសេសធុរជនពាក់ព័ន្ធ ស្ដីពីច្បាប់ បទប្បញ្ញត្តិ ការងារបច្ចេកទេសគយ និងនីតិវិធីគយសំដៅជំរុញកិច្ចសម្រួលពាណិជ្ជកម្ម លើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌ និងពង្រឹងអនុលោមភាព ក៏ដូចជាកែលម្អវប្បធម៌សារពើពន្ធនៅកម្ពុជាបន្ថែមទៀត ដើម្បីចូលរួមក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជាប្រកបដោយបរិយាបន្ន។

បន្ថែមលើនេះ មន្ត្រីជំនាញមកពី អគរ បានធ្វើបទបង្ហាញលើប្រធានបទពាក់ព័ន្ធនឹងការងារគយមួយចំនួនរួមមាន ការអនុវត្តនីតិវិធីបំពេញបែបបទមុនពេលទំនិញមកដល់, ប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី៣ និងប្រព័ន្ធបញ្ជរតែមួយអាស៊ាន, ការអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាតនិងធុរជនល្អបំផុត, ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាលើការងារពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់រដ្ឋបាលគយ, ការងារបច្ចេកទេសគយ និងសវនកម្មគយ ជាដើម។ បន្ទាប់មក វេទិកាក៏បើកឱ្យមានកិច្ចពិភាក្សាពីបញ្ហាប្រឈម និងការលើកឡើងនូវសំណូមពរមួយចំនួន ព្រមទាំងសំណួរ-ចម្លើយពីបញ្ហានានាពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម ប្រតិបត្តិការគយនិងរដ្ឋាករ ការបំពេញបែបបទគយ ការផ្តល់សេវា ការពង្រឹងអនុលោមភាព និងការអនុវត្តច្បាប់និងបទប្បញ្ញត្តិនានា ជាធរមានផងដែរ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print