ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (KCNA) បានផ្សាយនៅថ្ងៃទី ២៣ ខែធ្នូថា ក្រសួងការបរទេសកូរ៉េខាងជើងបានប្រកាសថា ព័ត៌មានទាក់ទងនឹងប្រទេសកូរ៉េខាងជើងដែលផ្គត់ផ្គង់គ្រាប់រំសេវដល់រុស្ស៊ីគឺ “គ្មានមូលដ្ឋាន” ហើយបានរិះគន់សហរដ្ឋអាមេរិកចំពោះការផ្តល់អាវុធដ៏សាហាវខ្ពស់ដល់អ៊ុយក្រែន។
កាសែត Tokyo Shimbun របស់ប្រទេសជប៉ុនបានផ្សាយថា កូរ៉េខាងជើងបានដឹកជញ្ជូនសព្វាវុធ រួមទាំងកាំភ្លើងធំទៅកាន់ប្រទេសរុស្ស៊ីតាមរថភ្លើងឆ្លងកាត់ព្រំដែនកាលពីខែមុន ហើយការនាំចេញបន្ថែមត្រូវបានគេរំពឹងថានឹងធ្វើឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន បាននិយាយថា “ការអះអាងរបស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនដែលថាប្រទេសកូរ៉េខាងជើងបានផ្គត់ផ្គង់គ្រាប់រំសេវដល់រុស្ស៊ីគឺជាការបោកបញ្ឆោត ដូច្នេះយើងមិនចង់ពិភាក្សាឬពន្យល់ពីបញ្ហានេះទាល់តែសោះ” ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយ KCNA ។
សេតវិមានបាននិយាយកាលពីថ្ងៃទី ២២ ខែធ្នូថា ប្រទេសកូរ៉េខាងជើងបានបញ្ចប់ការប្រគល់សព្វាវុធដំបូងដល់ក្រុមហ៊ុន Wagner ដែលជាក្រុមហ៊ុនយោធារុស្ស៊ីឯកជន ដើម្បីជួយបំពេញបន្ថែមកម្លាំងរបស់រុស្ស៊ីនៅអ៊ុយក្រែន។
យោងតាមសេតវិមាន Wagner បានទទួលកាំជ្រួចថ្មើរជើងពីប្រទេសកូរ៉េខាងជើង ទោះបីជាលោក Yevgeny Prigozhin ម្ចាស់ក្រុមហ៊ុន Wagner បានច្រានចោលការលើកឡើងទាំងនេះថាជាពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានក៏ដោយ។
អ្នកនាំពាក្យកូរ៉េខាងជើងបាននិយាយថា “កូរ៉េខាងជើងនៅតែមិនផ្លាស់ប្តូរជំហរជាគោលការណ៍របស់ខ្លួនលើបញ្ហាពាណិជ្ជកម្មអាវុធរវាងប្រទេសកូរ៉េខាងជើងនឹងរុស្ស៊ី វាមិនដែលកើតឡើងទេ”។
ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃទី២២ ខែធ្នូថា ខ្លួនបាននិងកំពុងតាមដានសកម្មភាពរបស់កូរ៉េខាងជើងពីការព្រួយបារម្ភអំពីកិច្ចព្រមព្រៀងអាវុធដែលខ្លួនអាចនឹងធ្វើជាមួយរុស្ស៊ី។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រសួងការបរទេសរបស់ប្រទេសកូរ៉េខាងជើងក៏បានរិះគន់ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកក្នុងការចេញសេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការបាញ់មីស៊ីលឆ្លងទ្វីបចុងក្រោយបង្អស់របស់ប្រទេសនេះ៕ ដោយធីរីណា
រូបថត : AP