លោក កើត រិទ្ធ ដឹកនាំកិច្ចប្រជុំលើកទី៧ របស់អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងារ

ចែករំលែក៖

ភ្នំពេញ ៖ លោក កើត រិទ្ធ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី៧ របស់អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ។

សូមបញ្ជាក់ថា ៖ នាព្រឹក ថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នេះ, លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី៧ របស់ អ.អ.ផ.។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាសមាជិកនៃ អ.អ.ផ. និងតំណាងក្រសួង-ស្ថាប័ននានាដែលមានការពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់, ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

នៅក្នុងកិច្ចប្រជុំនេះ, អង្គប្រជុំបានធ្វើការពិនិត្យនិងវាយតម្លៃរបាយការណ៍សម្រាប់ការចុះត្រួតពិនិត្យដល់ទីកន្លែង (On-site Visit) ដែលកម្ពុជាបានដាក់ជូន FATF។ ទន្ទឹមនេះ, អង្គប្រជុំក៏បានដាក់ចេញនូវទិសដៅការងារបន្ត ដើម្បីជាការត្រៀមលក្ខណៈសម្រាប់ទទួលការចុះធ្វើ On-site Visit របស់ក្រុមការងារ ICRG-JG នៅកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។

មុននឹងបិទអង្គប្រជុំ, លោករដ្ឋមន្រ្តី ប្រធាន អ.អ.ផ. បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រសួង-ស្ថាប័ន ក៏ដូចជា ក្រុមការងារ និងយន្តការដែលពាក់ព័ន្ធទាំងអស់ លើការងារប្រឆាំងការសម្អាត និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ រហូតកម្ពុជាទទួលបាននូវលទ្ធផលជោគជ័យដ៏ត្រចះត្រចង់ដូចពេលនេះ ក្នុងបុព្វហេតុពង្រឹងបាននូវតម្លាភាព ជំនឿទុកចិត្ត និងភាពរឹងមាំនៃប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា។ ជាមួយគ្នានេះ, លោករដ្ឋមន្រ្តី ប្រធាន អ.អ.ផ. បានស្នើឱ្យក្រសួង-ស្ថាប័ន ក៏ដូចជា ក្រុមការងារ និងយន្តការដែលពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រៀមលក្ខណៈឱ្យបានល្អសម្រាប់ការចុះធ្វើ On-site Visit សំដៅដកកម្ពុជាចេញពីបញ្ជីប្រផេះនៅក្នុងមហាសន្និបាត FATF នាពេលខាងមុខ ៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print