នៅក្នុងសង្គ្រាម នៅប្រទេសអ៊ុយក្រែន រុស្ស៊ីបានប្រើប្រាស់គ្រាប់រំសេវជាច្រើន។ ដូច្នេះតម្រូវការផលិតអាវុធ គ្រាប់រំសេវគឺជារឿងចាំបាច់បំផុត ។ នៅថ្ងៃទី ២៣ខែធ្នូ លោកពូទីន បានទស្សនកិច្ចរោងចក្រផលិត អាវុធ នៅក្នុងតំបន់ Tula ដោយប្រកាសផ្តល់អាទិភាព ដល់វិស័យឧស្សាហកម្ម ការពារជាតិ នៅក្នុងឆ្នាំ ២០២៣។
សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រាប់ឱ្យក្រុមថ្នាក់ដឹកនាំ នៃវិស័យឧស្សាហកម្មការពារជាតិរបស់ប្រទេសរុស្ស៉ី បង្កើនការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធានាថាកងទ័ពរុស្ស៉ីទទួលបានឆាប់រហ័ស នូវរាល់សព្វាវុធ សម្ភារ និងឧបករណ៍យោធាផ្សេងៗ ដែលពួកគេត្រូវការជាចាំបាច់ ដើម្បីប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន។
ក្នុងពេលបំពេញទស្សនកិច្ចកាលពីថ្ងៃសុក្រទៅកាន់ទីក្រុងទូឡា (Tula) ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មផលិតសព្វាវុធ លោកប្រធានាធិបតីរុស្ស៉ី បានលើកឡើងដូច្នេះថា «តួនាទីគន្លឹះដ៏សំខាន់បំផុតនៃឧស្សាហកម្មយោធារបស់យើង គឺធ្វើយ៉ាងណាផ្តល់ឱ្យកងទ័ពជួរមុខ នូវអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការ ដូចជាអាវុធ គ្រឿងបរិក្ខារ គ្រាប់រំសេវ និងសម្ភារផ្សេងៗ ក្នុងចំនួនគ្រប់គ្រាន់និងមានគុណភាពត្រឹមត្រូវ ហើយនៅក្នុងរយៈពេលខ្លីតាមតែអាចទៅរួច»។
កាលពីប៉ុន្មានថ្ងៃមុន លោក ពូទីន បាននិយាយថា កងទ័ពរុស្ស៉ីត្រូវតែរៀនសូត្រពីបទពិសោធន៍ និងកែតម្រូវបញ្ហាដែលខ្លួនបានទទួលរង នៅអ៊ុយក្រែន ជាមួយការសន្យាថានឹងផ្តល់អ្វីៗដែលពួកគេត្រូវការ ដើម្បីបន្តសង្រ្គាមដែលបានអូសបន្លាយជាង១០ខែមកហើយ។ មកទល់ឥឡូវ រុស្ស៉ីបានបាត់បង់មួយផ្នែកធំនៃទឹកដីអ៊ុយក្រែន ដែលខ្លួនដណ្តើមកាន់កាប់បាន កំទ្បុងពេលបើកការឈ្លានពានដំបូង។
លើកចុងក្រោយដែលទីក្រុងមូស្គូ បានប្រកាសជាសាធារណៈអំពីចំនួនកងទ័ពរុស្ស៉ី ដែលបានស្លាប់ក្នុងគឺសង្រ្គាមនៅអ៊ុយក្រែន គឺកាលពីថ្ងៃទី២១ ខែកញ្ញា ដោយនិយាយថា ទាហានត្រឹម ៥,៩៣៧នាក់ប៉ុណ្ណោះ បានបាត់បង់ជីវិត។ យ៉ាងណាមិញ បើតាមការប៉ាន់ស្មានរបស់ប្រមុខមេទ័ពអាមេរិក កាលពីថ្ងៃទី៩ ខែវិច្ឆិកា គឺរុស្ស៉ីនិងអ៊ុយក្រែន ទំនងជាមានទាហានស្លាប់ ឬរបួសលើស១០០,០០០នាក់ដូចគ្នា ដោយសារសង្រ្គាម៕ ដោយធីរីណា
រូបថត : EPA-EFE