ខេត្តស្វាយរៀង: លោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិត្រពាំងជ័រនិងភូមិជ្រុងពពេលក្នុងឃុំម្រាមស្រុករមាសហែក សប្បាយចិត្តជាខ្លាំងក្រោយបានសមិទ្ធផលផ្លូវចាក់កម្ទេចថ្មដែលមានប្រវែង ១១គីឡូ៣៥០ម៉ែត្រក្រោមការដឹកនាំរបស់លោកស៊ូ ម៉ុល អភិបាលស្រុកនាពេលបច្ចប្បន្ន។
ជាក់ស្ដែងនាព្រឹកថ្ងៃទី២៤ខែធ្នូឆ្នាំ២០២២លោកស៊ូ ម៉ុល អភិបាលស្រុក លោកអុិន សាបន ប្រធានក្រុមប្រឹក្សាស្រុករមាសហែកបានអញ្ជើញចូលរួមបើកការដ្ឋានផ្លូវចាក់កម្ទេចថ្មដែលមានប្រវែង១១គីឡូ៣៥០ម៉ែត្រ ទទឹងផ្លូវ៦ម៉ែត្រ ផ្លូវចាក់ថ្ម៥ម៉ែត្រ និងមានកម្រាស់១តឹកកន្លះ និងបានជួបសំណេះសំណាលបើកវេទិកាសាធារណ:ជាមួយបងប្អូនប្រជាពលរដ្ឋសរុបចំនួន២៥២នាក់ ស្រី១៧១នាក់។
លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានថ្លែងថា ការចាប់ផ្តើមដំណើរការបើកការដ្ឋានស្ថាបនាផ្លូវនៅពេលនេះបញ្ជាក់ឱ្យឃើញថា អាជ្ញាធរស្រុកក៏ដូចជាអាជ្ញាធរឃុំ តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះទុក្ខកង្វល់របស់ប្រជាពលរដ្ឋក្នុងធ្វើដំណើរឆ្លងកាត់ទៅមកនៅពេលពិបាក ជាពិសេសនោះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល
ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំដ៏ឈ្លាសវៃ ដោយសម្ដេច តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះបញ្ហា ផ្លូវ ទឹក ភ្លើង ព្រោះទាំងនេះជាជីវភាពប្រចាំថ្ងៃរបស់បងប្អូនដែលរស់នៅគ្រប់មូលដ្ឋាន។ ហេតុនេះទីណាមានប្រជាពលរដ្ឋរស់នៅទីនោះត្រូវមានផ្លូវ ទឹកភ្លើងដល់ទីនោះជាចាំបាច់។
លោកអភិបាលស្រុកបានបន្តថា មិនតែប៉ុណ្ណោះ មិនថាផ្លូវតូច ឬធំនោះទេ ព្រោះផ្លូវគឺជាសរសៃឈាមនៃខឿនសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិផង សម្រាប់ប្រជាពលរដ្ឋផង ហើយក៏ជាធនធាននៃការអភិវឌ្ឍប្រទេសជាតិទៅរកភាពរីកចម្រើនផងដែរ។
លោកអភិបាលស្រុកបានថ្លែងថា ក្រោមការដឹកនាំចង្អុលបង្ហាញពីសំណាក់លោកស្រី ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក៏ដូចជាលោកសៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្នុងស្រុករមាសហែកដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្អូនប្រជាពលរដ្ឋ និងបានកសាងសមិទ្ធផលនានាជាច្រើននៅទូទាំងស្រុករមាសហែក។
លោកអភិបាលស្រុកបានណែនាំដល់បងប្អូនពលរដ្ឋថា ពេលបានផ្លូវល្អងាយស្រួលធ្វើដំណើរ សូមចូលរួមថែរក្សា ឱ្យបានគង់វង្ស ព្រោះផ្លូវទាំងនេះជារបស់យើងទាំងអស់គ្នា មិនរបស់បុគ្គលណាម្នាក់ឡើយ ហើយសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវតែណែនាំដល់ម្ចាស់អាជីវកម្មដឹកដីលក់ កុំឱ្យដឹកហួសការកំណត់នាំឱ្យខូចខាតផ្លូវរបស់រដ្ឋដោយគិតតែផលប្រយោជន៍ខ្លួនឯង។ ចំពោះអ្នកម៉ៅការធ្វើផ្លូវមួយនេះសូមធ្វើអោយមានគុណភាពនិងត្រូវតាមលក្ខណៈបច្ចេកទេស ពិសេសសូមឱ្យអ្នកប្រើប្រាស់ផ្លូវចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍និងសូមលោកតា លោកយាយ ពុកម៉ែ អញ្ជើញទៅចូលរួមបោះឆ្នោតនា ថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខឱ្យបានគ្រប់ៗគ្នា។
ជាមួយគ្នានេះប្រជាពលរដ្ឋនៅឃុំម្រាមក៏ដូចជាក្នុងស្រុករមាសហែក ត្រេកអរ និងថ្លែងអំណគុណចំពោះលោក ស៊ូ ម៉ុល ដែលតែងតែដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋ ជាពិសេសបានស្ថាបនាផ្លូវនានាក្នុងឃុំទាំង១៦ ដែលជាការរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋបានមួយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលផ្ដោតសំខាន់ទៅលើវិស័យ៤ ជាអាទិភាពរួមមាន ទឹក ភ្លើង ផ្លូវ និងធនធានមនុស្ស៕ ដោយ៖ សុថាន