ខេត្តស្ទឹងត្រែង: តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះធ្វើឱ្យមនុស្ស២នាក់ស្លាប់យ៉ាងអាណោចអាធ័មដោយសារតែរថយន្តធុនធំបើកបុកម៉ូតូយ៉ាងពេញទំហឹងកាលពី វេលាម៉ោង១៨ៈ១៦នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៨៦និង៤៨៧លើផ្លូវជាតិ៩ ស្ថិតក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
នេះបើតាមរបាយការណ៍របស់នគរបាលចរាចរណ៍ដែលបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្ដាលឱ្យមនុស្សស្លាប់០២នាក់ប្រុស០១នាក់ស្រី០១នាក់ មានទីលំនៅភូមិស្រឡៅ ឃុំអន្លងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ហើយម៉ូតូខូចខាតស្រាល០១គ្រឿងនិងរថយន្តខូចខាតស្រាល០១គ្រឿង អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ៣A-២៩៥៩ សណ្ដោងរ៉ឺម៉ក់ពណ៌ខៀវ ពាក់ស្លាកលេខ៤A-១៧១៤ បើកក្នុងទិសដៅពីលិចទៅកើតបានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខស្ទឹងត្រែង១D-៤៧៩៣ក្នុងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះរ៉ូ សុវ៉ាន់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករជនជាតិខ្មែរ មានទីលំនៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ចំណែកអ្នកស្លាប់មាន១-ឈ្មោះរ៉ូ សុវ៉ាន់ជាអ្នកបើកបរម៉ូតូបានស្លាប់នៅនឹងកន្លែងកើតហេតុ។ ២-ឈ្មោះផា រចនា ភេទស្រីអាយុ១៨ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរមានទីលំនៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាអ្នករួមដំណើរជាមួយម៉ូតូបានស្លាប់នៅនឹងកន្លែងកើតហេតុ។
បើតាមការសន្និដ្ឋានថា: អ្នកបើកបរនិងអ្នករួមដំណើរជិះម៉ូតូបានពាក់មួកសុវត្ថិភាព។
ក្រោយកើតហេតុអ្នកបើកបររថយន្តបានរត់គេខ្លួនបាត់ ដោយឈប់រថយន្តចតចោលនៅនឹងផ្លូវចម្ងាយពីកន្លែងកើតប្រហែល០២គីឡូម៉ែត្រ។ ក្រោយកើតហេតុសមត្ថកិច្ចបាននាំយកម៉ូតូនិងរថយន្តបង្កមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ ដើម្បីបន្តនីតិវិធីច្បាប់ និងស្រាវជ្រាវរកម្ចាស់រថយន្ត ចូលខ្លួនមកដោះស្រាយតាមច្បាប់៕ ដោយ៖ មាស សុផាត