ក្លិប Wolves បានចុះហត្ថលេខាលើខ្សែប្រយុទ្ធប្រេស៊ីល Matheus Cunha ក្នុងកិច្ចសន្យាខ្ចីជើងដំបូងពី Atletico Madrid។
Cunha វ័យ២៣ឆ្នាំនឹងចូលរួមនៅថ្ងៃទី១ ខែមករា មុនពេលចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៤ឆ្នាំជាអចិន្ត្រៃយ៍នៅចុងបញ្ចប់នៃរដូវកាលនេះសម្រាប់តម្លៃដែលអាចកើនឡើងដល់៤០លានអឺរ៉ូ (៣៥លានផោន) ។
គាត់គឺជាកីឡាករដំបូងដែលបានចុះហត្ថលេខាដោយអ្នកចាត់ការថ្មីរបស់ Wolves លោក Julen Lopetegui ដែលបានចូលកាន់តំណែងកាលពីខែមុន។
កីឡាករ Cunha បាននិយាយថា “ខ្ញុំពិតជារំភើបណាស់ដែលបានក្លាយជាផ្នែកមួយនៃក្រុមនេះ និងជាផ្នែកមួយនៃក្លិបនេះ ជាក្លិបដ៏ធំមួយ” ។
ខ្សែប្រយុទ្ធរូបនេះបានចាប់ផ្តើមអាជីពរបស់គាត់ជាមួយក្លិប Sion របស់ស្វីសក្នុងឆ្នាំ២០១៧ ដោយបន្តលេងឱ្យ RB Leipzig និងHertha Berlin ក្នុងប្រទេសអាឡឺម៉ង់ មុនពេលចូលរួមជាមួយក្លិបអេស្ប៉ាញ Atletico Madrid នៅរដូវក្តៅឆ្នាំ២០២១ ជាកន្លែងដែលគាត់បានស៊ុតបញ្ចូលទីបាន៧គ្រាប់ក្នុងការបង្ហាញខ្លួន៥៤លើក។
កីឡាកររូបនេះគឺជាផ្នែកមួយនៃក្រុមអាយុក្រោម២៣ឆ្នាំរបស់ក្រុមជម្រើសជាតិប្រេស៊ីលដែលបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ និងបានលេងឈុតធំចំនួន៨លើកទោះបីជាគាត់ខកខានក្នុងក្រុមសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកកាតាក៏ដោយ។
Cunha បានបន្ថែមថា “ខ្ញុំរំភើបក្នុងការលេងនៅ Premier League ដើម្បីលេងនៅ Wolverhampton ហើយខ្ញុំគិតថា ចំណុចសំខាន់បំផុតគឺខ្ញុំសប្បាយចិត្តពេលបានលេងពេញលេញនៅអង់គ្លេស។ លោកLopetegui ជាគ្រូបង្វឹកធំ គាត់មានចិត្តគំនិតធំ។ គាត់បានប្រាប់ខ្ញុំអំពី Wolverhampton មានគម្រោងធំ ហើយខ្ញុំជឿជាក់លើវាខ្លាំងណាស់ ហើយខ្ញុំជឿជាក់លើគាត់” ៕ (រូបភាព ៖BBC Sport)