ភ្នំពេញ : លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញណក្ខន្ធ មហាឧបាសិកា ស៊ុយ ស៊ុំម៉ាឡៃ នាព្រឹកថ្ងៃអង្គារ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។
មហាឧបាសិកា ស៊ុយ ស៊ុំម៉ាឡៃ ត្រូវជាម្តាយបង្កើត លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានទទួលមរណភាព កាលពីវេលាម៉ោង ២:២២ រសៀល ត្រូវនឹងនៅថ្ងៃអាទិត្យ ៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ ។
ឆ្លៀតក្នុងសមានទុក្ខដ៏ក្រៀមក្រំ និងក្តុកក្តួលនោះ លោកជំទាវក៏បានចូលរួមរំលែកទុក្ខជាមួយ លោកស្រី ពុំ ចន្ទីនី ចំពោះការបាត់បង់ នូវម្តាយជាទីស្រឡាញ់នាពេលនេះ និងបានឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកា ស៊ុយ ស៊ុំម៉ាឡៃ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សពមហាឧបាសិកា ស៊ុយ ស៊ុំម៉ាឡៃ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា ក្នុងបូរីភ្នំពេញថ្មី ផ្ទះលេខ ១៥B ផ្លូវ ០៤ ភូមិទ្រា ៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
ដោយ : សហការី