ថ្ងៃនេះ ! សម្តេចតេជោ ហ៊ុនសែន ព្រមានដកមន្ដ្រីនគរបាលយុត្តិធម៌ នគរបាល និងអាវុធហត្ថ ណាដែលអាងអំណាចចាប់ចង

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានព្រមានទៅកាន់មន្ត្រីនគរបាលយុត្តិធម៌និងកងរាជអាវុធហត្ថ បើទោះបីជាមានពាក់ស័ក្កិដល់លោកខែក៏ដោយក៏សម្ដេចដកចេញដែរបើសិនជាធ្វើការទាំងងងឹតងងុល។

ថ្លែងនៅក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាកាលពីថ្ងៃមិញសម្តេចតេជោបានចេញមុខធានាទៅដល់បុគ្គលិកម្នាក់នៃទូរទស្សន៍បាយ័នបន្ទាប់ពីឮដំណឹងថាមានការចាប់បុគ្គលិកម្នាក់នោះដោយគ្រាន់តែសង្ស័យពាក់ព័ន្ធនឹកការឆបោកលុយ ៣៦លានដុល្លារ។

ជាមួយគ្នានេះសម្ដេចតេជោ បានឲ្យមេធាវីរបស់សម្ដេចជួយការពារក្ដីដល់បុគ្គលិកម្នាក់នេះផងដែរខណៈស្នើដល់នគរបាលយុត្តិធម៌កុំធ្វើការទាំងងងឹតងងុល។

សម្ដេចថា៖ «កុំថាពាក់ត្រឹមផ្កាយលោកឯងពាក់ដល់លោកខែក៏ខ្ញុំដកចេញបានដែរ»។

សម្ដេចតេជោបានបញ្ជាក់ថាការប្រើអំណាចចាប់ចងនេះនៅធ្វើឲ្យប៉ះពាល់ទៅដល់មុខមាត់របស់រាជរដ្ឋាភិបាលជាពិសេសគឺនាយករដ្ឋមន្ត្រីតែម្ដង។

សម្ដេចតេជោបាននិយាយថា សម្ដេចនឹងតាមមើលករណីនេះរហូតដល់ចប់។

សម្ដេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា, សម្ដេចបានទូរស័ព្ទទៅលោក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានី ដើម្បីធានាបុគ្គលិកទូរទស្សន៍បាយ័ន ឲ្យនៅក្រៅឃុំ ហើយសម្ដេចក៏បានឱ្យមេធាវីរបស់សម្ដេចធ្វើការក្នុងរឿងនេះ ។ សម្ដេចបញ្ជាក់ថា, លោក គី តិច បានចាត់ចែងធ្វើការនេះហើយ។ សម្ដេចចង់រកឲ្យឃើញនៅរឿងរ៉ាវពិតប្រាកដ តើជាប់ពាក់ព័ន្ធនឹងករណីលក់ដីខ្យល់ដែលមានតម្លៃ 36 លានដុល្លារមែននោះឬក៏អត់ សូម្បីតែមេធាវី ទារលុយ 5000 ដុល្លារសម្រាប់ការពារក្តី ក៏គ្រួសាររបស់គ្នាគ្មានប្រាក់ផង។ ចុះបើលក់ដីខ្យល់បាន ៣៦លានដុល្លារ ហើយរឿងអីត្រូវខ្វះប្រាក់។ 

សម្ដេចតេជោ ចង់ឱ្យមន្ត្រីនគរបាលយុត្តិធម៌ តុលាការ កុំអាងអីចាប់ចង ករណីខ្លះវាជារឿងរដ្ឋប្បវេណី ដូច្នេះរឿងនេះសម្ដេចក៏បានសួរនាំទៅលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផងដែរ ។

សម្ដេចបានបញ្ជាក់ថា, រឿងនេះដើមបណ្តឹងឮថាមានឧកញ៉ាមួយរូប ទើបអាងអីចាប់ចង។ សារសម្ដេចតេជោហ៊ុនសែន ដែលបានថ្លែងនៅថ្ងៃនេះ គួរណាស់តែ មន្ត្រីនគរបាលយុត្តិធម៌ ជានគរបាលជាតិ ជាកងរាជអាវុធហត្ថ មេត្តាពិចារណា ហើយអនុវត្តតាមតួនាទីភារកិច្ច ស្របតាមអំណាច ដែលអង្គភាពប្រគល់ជូន ពិសេសត្រូវយល់អំពីនីតិវិធី ចៀសវាងប្រាសចាកផ្លូវច្បាប់ ហើយយកទម្លាប់មកអនុវត្ត បង្កើតជាភាពអយុត្តិធម៌ក្នុងសង្គម ឬភាគីណាមួយ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print